en     km
en     km

សំរាមកើនឡើងជិត ៣ពាន់តោនក្នុងពិធីបុណ្យអុំទូកថ្ងៃទី ២

Share

ភ្នំពេញ៖ នៅថ្ងៃអុំទូកទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង អកអំបុក សំពះព្រះខែ សំរាមបានកើនឡើងជិត ៣ពាន់តោន គឺកើនឡើង២ដងបើធៀបនឹងថ្ងៃទី១  ខណៈក្រុមការងារបោសសម្អាត បានខិតខំប្រឹងប្រែង ដើម្បីឲ្យបរិស្ថានមានសោភ័ណភាពក្នុងទីក្រុងភ្នំពេញ។ នេះបើតាមអ្នកនាំពាក្យសាលាក្រុងភ្នំពេញគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៣ វិច្ឆិកានេះ។

លោក មេត មាសភក្ដី អ្នកនាំពាក្យសារាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកសំរាមនៅទីក្រុងភ្នំពេញបានកើនឡើងប្រមាណ ៦០០តោនក្នុងមួយថ្ងៃបើធៀបនឹងថ្ងៃធម្មតា។

បើតាមគេហទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា  ក្រុមការងារត្រូវបោសសម្អាតចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:៣០នាទីព្រឹក ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណ្ឌភាព និងសម្រស់ទីក្រុងស្រស់ស្អាត។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ នៅក្នុងមួយថ្ងៃ សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញបានកើនរហូតដល់ ៣០០០ តោន ក្នុងនោះ ៦៥% ជាសំរាមសើម ២០%ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០%ប៉ុណ្ណោះដែលធ្វើឱ្យអាត្រាសំរាមដែលត្រូវបោះចោលនៅទីលានសំរាមមានពី ៧០ ទៅ ៨០% និងសំរាមមួយចំនួនទៀតត្រូវបានបោះចោលអនាធិបតេយ្យនៅតាមផ្លូវសាធារណៈនានា។

សំណល់ដែលត្រូវបានអ្នកចូលរួមប្រមូលបានគឺភាគច្រើនជាសំណល់សំរាម ថង់ប្លាស្ទិកដែលត្រូវបានបោះរាយប៉ាយនៅតាមធីធ្លាសាធារណៈនានាក្រោយពីការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមិនបានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ចំពោះមុខនៃបញ្ហាកំណើនសំរាមក្នុងទីក្រុងនេះ ក្រសួងបរិស្ថានសុំអំពាវនាវដល់ប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមថែរក្សាអនាម័យទាំងអស់គ្នាដោយ៖

ទី១) ធ្វើការញែកសំរាមតាមប្រភេទសំរាមជាសំណល់សរីរាង្គ សំរាម ប្លាស្ទិក និងសារធារតុគ្រោះថ្នាក់ និងវេចខ្ចប់និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើត ឱ្យបានត្រឹមត្រូវ។

ទី២) ប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ចំពោះសំណល់ថង់ប្លាស្ទិក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុងយើង។

ទី៣) ចូលរួមសម្អាតអនាម័យបរិស្ថានទីក្រុងយើងដោយចាត់ទុក «គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង» ដែលត្រូវតែស្អាត និងមានផាសុខភាពគួរឱ្យរស់នៅ។

ទី៤) ចូលរួមដាំដើមឈើដើម្បីបង្កើតភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥) សូមកុំចោលសំរាមផ្តេសផ្តាសត្រូវទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ៕

Share

Image
Image
Image