នីហ្សេរីយ៉ាង ៖យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា ពួកសកម្មប្រយុទ្ធ បានសម្លាប់ទាហាននីហ្សេរីយ៉ាប្រហែល ១០០នាក់ នៅក្នុងហេតុការណ៍វាយប្រហារមួយលើមូលដ្ឋានកងទ័ព កាលពីថ្ងៃព្រហស្បតិ៍ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញ។ ការវាយប្រហារត្រូវបានដាក់ការសង្ស័យទៅលើក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅអាហ្វ្រិកខាងលិចជាអ្នកប្រព្រឹត្តិ។
តាមប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងថា ពួកបះបោរបានវាយប្រហារលើមូលដ្ឋានទ័ព នៅភូមិ Metele ក្នុងរដ្ឋ Borno ស្ថិតនៅភាគឦសានប្រទេស ដែលជាចំណុចនៃការបះបោរ ធ្វើឡើងដោយពួកបូកូ ហារ៉ាម និងក្រុមតូចៗរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម។
គួរបញ្ជាក់ថា ចំនួននៃការស្លាប់នេះ គឺស្ថិតនៅក្នុងចំណោមចំនួនដ៏ខ្ពស់បំផុត ចាប់តាំងពីលោកប្រធានាធិបតី មហាម៉ាឌូ ប៊ូហារី(Muhammadu Buhari) បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៥ ហើយវាអាចនឹងបង្កើនសម្ពាធលើរូបលោកនៅមុនការបោះឆ្នោតក្នុងខែកុម្ភៈ ព្រោះដោយសារតែលោក បានអះអាងភាពជ័យជំនះលើការបះបោររយៈពេល ៩ឆ្នាំ៕