ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អះអាងថា នៅក្នុងអាណត្តិទី ៦ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រសួងនឹងផ្តោតទៅលើការផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមទៀតដល់គ្រូបង្រៀន និងបន្តដំឡើងប្រាក់ខែគ្រូ។
ក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយបំភ្លឺចំពោះផែនការរយៈពេលប្រាំឆ្នាំទៅមុខសម្រាប់វិស័យអប់រំប្រាប់ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភាថា ក្រសូងនឹងផ្តោតការយកចិត្តទុកដាក់ទៅការផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្រៀន និងការតម្លើងប្រាក់ខែគោលគ្រូបង្រៀន។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាប្រាប់អ្នកសារព័ត៌មាន ក្រោយពីជំនួបកិច្ចប្រជុំជាមួយលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការអប់រំ យុវជន និងកីឡា នៃរដ្ឋសភា ដើម្បីឆ្លើយបំភ្លឺនូវសំនួរនានាថា សម្រាប់អាណត្តិថ្មីនេះ ក្រសួងអបរំទទួលបានថវិកាជាតិសម្រាប់វិស័យអប់រំចំនួន ៧៣៧ លានដុល្លារ ឬក៏ស្មើនឹង ១៧,៥ ភាគរយ ក្រោយពីរដ្ឋសភាសម្រេចអនុម័តខ្ទងចំណាថវិកាជាតិសម្រាប់ឆ្នាំ ២០១៩ សរុប ៦,៧ ប៊ីលានដុល្លារ កាលពីថ្ងៃ ចន្ទដើមសប្តាហ៍នេះ(១៤ ខែ វិច្ឆិកា)។
លោក ហង្ស ជួនណារ៉ុន៖ « យើងនឹងតម្លើងប្រាក់បៀវត្សគ្រូពី១លាន១សែនរៀលទៅដល់១ លាន ២ សែនរៀលនៅឆ្នាំ ២០១៩»។ ម្យ៉ាងទៀតយើងផ្តោត ទៅលើការបណ្តុះបណ្តាលគ្រូ ការធ្វើការកំណែទម្រង់គ្រូប្រៀង ពិនិត្យឡើងវិញនូវកម្មវិធីសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ហើយកែលម្អវិធីសាស្ត្របង្រៀនធ្វើយ៉ាងណាបណ្តុះបណ្តាលគ្រូឱ្យមានគុណភាព។
ក្នុងជំនួបនោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី ៧ នៃរដ្ឋសភាព ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំយុទ្ធសាស្ត្រ និងរបៀបវារៈកំណែទម្រង់ក្រសួងអប់រំនៅអាណត្តិទី៦ នេះ។ លោក ហ៊ុន ម៉ានី បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាប្រឈមការកំណែទម្រងវិស័យអប់រំ ប៉ុន្តែប្រធានគណៈកម្មាការរូបនេះ និងលោករដ្ឋមន្ត្រីថានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទាំងនោះ៕