ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហៅកាត់ថា NACD សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ចុះផ្សាយពីគ្រោះថ្នាក់ នៃគ្រឿងញៀន រយៈពេល ៣ថ្ងៃ អំឡុងព្រះរាជពិធីបុណ្យអុំទូក។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២១ ខែវិច្ឆិកា។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ថា ការចុះផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀននេះ មានទាំងក្រសួងសុខាភិបាល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី មន្ទីរអប់រំ រាជធានី មន្ទីរសង្គមកិច្ចរាជធានី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOCL)។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOCL) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយផ្ដោតសំខាន់លើការ បម្រើសេវាដល់សហគ្រិន និងក្រុម គ្រួសារដែលស្ថិតក្នុងកម្រិតមូលដ្ឋានពីរ៉ាមីត នៃសេដ្ឋកិច្ចសង្គម នូវកាសសេដ្ឋកិច្ច ដើម្បីផ្លាសប្ដូរជីវភាពរស់នៅរបស់ពួកគាត់។
មានប្រសាសន៍ក្នុងឱកាសដើរយុទ្ធនាការផ្សព្វផ្សាយ ពីគ្រោះថ្នាក់នៃគ្រឿនញៀននេះ លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្ដារនីតិសម្បទា មានប្រសាសន៍ថា គ្រឿងញៀនបង្កបញ្ហារាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះដើម្បីទប់ស្កាត់ ក៏ដូចជាជួយដល់អ្នកដែលកំពុងតែញៀនថ្នាំញៀន គឺចាំបាច់ ត្រូវមានការចូលរួមទាំងអស់គ្នា មិនថាតែ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្ដច្បាប់ នោះទេ សូម្បីអង្គការមិនមែនរដ្ឋាភិបាលនានាក៏ត្រូវចូលរួមដែរ ៖«ការព្យាបាលអ្នកញៀនគ្រឿងញៀន មានភាពស្មុកស្មាញដែលទាមទារឲ្យមានការចូលរួមពហុវិស័យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសុខាភិបាល ស្ថាប័នអនុវត្ដច្បាប់ និងអង្គការមិនមែនរដ្ឋាភិបាល ខិតខំរួមគ្នា និងសហការគ្នាយ៉ាងជិតស្និទចាំបាច់ដែលមិនអាចខ្វះបាន»។
លោក លឹម តុងហួត បន្ដថា ប្រធានបទដែលអាជ្ញាធរកំណត់យកជារួមនៅឆ្នាំ២០១៨នេះ គឺ “ទាំងអស់គ្នាដើម្បីការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍”។ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើយ៉ាងណាព្យាយាមក្នុងការលើកកម្ពស់ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍បង្ហាញឆន្ទៈ និងរៀបចំកម្មវិធីកាត់បន្ថយគ្រោះថ្នាក់។ ជាងនេះលោកសង្កត់ធ្ងន់ថា ការធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀនគឺជារឿងចាំបាច់ដើម្បីធ្វើឲ្យ “ភូមិ ឃុំ និងសង្កាត់ មានសុវត្ថិភាព”។
សូមជម្រាបថា យុទ្ធនាការរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលសហការជាមួយក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOCL) នេះ គឺដើរផ្សព្វផ្សាយពីត្រើយខាងលិចទន្លេសាបចតុមុខ និងរៀបចំការប្រគំតន្ដ្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ការតាំងពិព័រណ៍រូបភាពអប់រំ សម្ដែងរឿងអប់រំខ្លី ពីគ្រឿងញៀន ចែកខិត្ដប័ណ្ណ ឆ្លើយសំណួរយករង្វាន់ជា អាវយឺត ឆ័ត្រ សាប៊ូ ប៊ិច សៀវភៅ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្ដិភ្នំរយៈពេលបីថ្ងៃ ចាប់ពីម៉ោង ១១ថ្ងៃត្រង់តទៅ៕