ភ្នំពេញ ៖ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកានេះ បញ្ជាក់ថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានឧបទ្ទវហេតុបណ្ដាលឲ្យទូកលិចចំនួន ០៧គ្រឿង ក៏ប៉ុន្ដែគ្មានកីឡាករណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ដោយសារតែអាជ្ញាធរបានត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការរក្សាសុវត្ថិភាព និងចាំសង្គ្រោះកីឡាករ ពេលប្រណាំទូក។
តាមគេហទំព័រដដែលបន្ដទៀតថា អំឡុងនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានត្រៀមកងកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ខណៈដែលមានទូកចូលរួមប្រកួតនៅឆ្នាំនេះ មានការកើនឡើងរហូតដល់ ២៩៥ទូក រួមនិងកីឡាករអុំជិតពីរម៉ឺននាក់។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដែលជាថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូកនេះ ក្រៅតែពីមានទូកលិចហើយ ក៏មានករណីផ្ទុះកំប៉ុងហ្គាស ១លើក គ្រោះថ្នាក់ចរាចរណ៍មួយលើក និងករណីចោរលួចកាច់សោរម៉ូតូ ១លើកផងដែរ ប៉ុន្ដែត្រូវអាជ្ញាធរឃាត់ខ្លួនបាន។ បន្ថែមពីនេះ អាជ្ញាធរបានជួយសង្គ្រោះកុមារវង្វេងម្ដាយចំនួនពីរនាក់ ខណៈឃាត់ខ្លួនជនស៊ីវិលពាក់អាវមានអក្សរ Police និង កងទ័ព (Army) ចំនួន ០៤នាក់ ធ្វើការអប់រំ និងដក់ហូតអាវពួកគេ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដទៀតថា ថ្ងៃទី១ នៃព្រះរាជពិធីនេះ មានពលរដ្ឋចូលរួមទស្សនាប្រមាណជា ៦០ម៉ឺននាក់។ ទន្ទឹមគ្នានេះ ក៏មានពលរដ្ឋប្រមាណជា ១ពាន់ ៩៧៩នាក់ ហើយមាន ៦៩៥នាក់ជាស្ដ្រី មានអាការមិនស្រួលខ្លួន ត្រូវអាជ្ញាធរបានជួយសង្គ្រោះ នាំទៅពិនិត្យ និងព្យាបាល។
យ៉ាងណាអគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវឲ្យកងកម្លាំងទាំងអស់ត្រូវតែត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្ដិការអន្ដរាគមន៍ ឲ្យទាន់ពេលវេលាដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលមានបញ្ហាណាមួយកើតឡើងជាយថាហេតុ៕