en     km
en     km

ស្នងការ​នគរបាល​ជាតិ​ ៖​ ថ្ងៃ​ទី​១​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ទូល​លិច​ ០៧​លើក

Share

​ភ្នំពេញ​ ៖​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​នេះ​ បញ្ជាក់​ថា​ ថ្ងៃ​ទី​១​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ មាន​ឧបទ្ទវហេតុ​បណ្ដាល​ឲ្យ​ទូក​លិច​ចំនួន​ ០៧​គ្រឿង​ ក៏​ប៉ុន្ដែ​គ្មាន​កីឡាករ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​ ដោយសារ​តែ​អាជ្ញាធរ​បាន​ត្រៀមកម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​រក្សា​សុវត្ថិភាព​ និង​ចាំ​សង្គ្រោះ​កីឡាករ​ ពេល​ប្រ​ណាំ​ទូក​។​

​តាម​គេហទំព័រ​ដដែល​បន្ដ​ទៀត​ថា​ អំឡុង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ត្រៀម​កងកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ខណៈ​ដែល​មាន​ទូក​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ មានការ​កើនឡើង​រហូត​ដល់​ ២៩៥​ទូក​ រួម​និង​កីឡាករ​អុំ​ជិត​ពីរ​ម៉ឺន​នាក់​។​

​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ ក្រៅ​តែ​ពី​មាន​ទូក​លិច​ហើយ​ ក៏​មាន​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ ១​លើក​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​ និង​ករណី​ចោរលួច​កាច់​សោរ​ម៉ូតូ​ ១​លើក​ផង​ដែរ​ ប៉ុន្ដែ​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​បាន​។​ បន្ថែម​ពី​នេះ​ អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​កុមារ​វង្វេង​ម្ដាយ​ចំនួន​ពីរ​នាក់​ ខណៈ​ឃាត់ខ្លួន​ជន​ស៊ី​វិល​ពាក់អាវ​មាន​អក្សរ​ Police​ និង​ កងទ័ព (Army)​ ចំនួន​ ០៤​នាក់​ ធ្វើការ​អប់រំ​ និង​ដក់ហូត​អាវ​ពួក​គេ​។​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បន្ដ​ទៀត​ថា​ ថ្ងៃ​ទី​១​ នៃ​ព្រះរាជ​ពិធី​នេះ​ មាន​ពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ​ជា​ ៦០​ម៉ឺន​នាក់​។​ ទន្ទឹម​គ្នា​នេះ​ ក៏​មាន​ពលរដ្ឋ​ប្រមាណ​ជា​ ១​ពាន់​ ៩៧៩​នាក់​ ហើយ​មាន​ ៦៩៥​នាក់​ជា​ស្ដ្រី​ មាន​អាការ​មិន​ស្រួលខ្លួន​ ត្រូវ​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​ នាំ​ទៅ​ពិនិត្យ​ និង​ព្យាបាល​។​

​យ៉ាងណា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ អំពាវនាវ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​តែ​ត្រៀមខ្លួន​គ្រប់ពេលវេលា​ ដើម្បី​ចេញ​ប្រតិបត្ដិការ​អន្ដរាគមន៍​ ឲ្យ​ទាន់​ពេលវេលា​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​ជាយថាហេតុ​៕

Share

Image
Image
Image