ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានប្រាប់ឲ្យគ្រប់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីលើកកម្ពស់ការយល់ជាសាធារណៈ ពីគ្រោះនៃមេរោគអេដស៍ និងជំងឺអេដស៍នេះ។
តាមលិខិតរបស់ក្រសួងព័ត៌មានដែលផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា បញ្ជាក់ថា ដើម្បីបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឲ្យកាន់តែស៊ីជម្រៅ និងកាន់តែទូលំទូលាយថែមទៀតដល់ស្រទាបមហាជន និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបញ្ចប់ឲ្យបាននូវបញ្ហាអេដស៍ត្រឹមឆ្នាំ២០២៥។ រដ្ឋមន្ដ្រី បន្ដថា ត្រូវផ្សព្វផ្សាយជាសារអប់រំ ធ្វើយ៉ាងណាបំផុសស្មារតី ដល់ស្រទាប់យុវវ័យឲ្យកាន់តែយល់ដឹងពីរបៀបបង្ការ កុំឲ្យឆ្លងមេរោគអេដស៍។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ថា គ្រប់ម្ចាស់ប្រ័ពន្ធផ្សព្វផ្សាយទាំងអស់ គឺត្រូវជំរុញឲ្យពិធីករ ពិធីការិនី សិល្បករ សិល្បការិនី នៅតាមស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជួយណែនាំបញ្ជ្រាបសារអប់រំអំពីបញ្ហាអេដស៍ ឲ្យបានញឹកញាប់។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា ការឆ្លងមេរោគអេដស៍នៅកម្ពុជា គឺនៅតែកើតមាននៅឡើយទេ។ កាលពីឆ្នាំកន្លងទៅ មានរកឃើញថា មនុស្សចំនួនជាង ៥៧០នាក់ បានឆ្លងមេរោគអេដស៍នៅក្នុងមួយឆ្នាំៗ ហើយពលរដ្ឋជាង ៧០ម៉ឺននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយមានពលរដ្ឋប្រមាណពី ៨៥ ទៅ ៨៧ភាគរយតែប៉ុណ្ណោះ ដែលបានមកទទួលសេវាថែទាំជំងឺអេដស៍។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវអ្នកឆ្លងថ្មី នៃមេរោគអេដស៍ ត្រឹមឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត ស្នើឲ្យពលរដ្ឋគ្រប់រូបដែលធ្លាប់ឆ្លងកាត់ការរួមភេទ ត្រូវតែទៅពិនិត្យសុខភាព ដើម្បីដឹងថា តើខ្លួនមានផ្ទុកមេរោគអេដស៍ ឬក៏អត់។ ការដឹងពីសុខភាពខ្លួនឯង គឺជារឿងចាំបាច់បំផុត បើកាលណាដឹងថា ខ្លួនគ្មានផ្ទុកមេរោគអេដស៍ ត្រូវត្រៀមបង្ការគ្រប់ពេលកុំឲ្យឆ្លង។ ដោយឡែកបើដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ គឺងាយការពារកុំឲ្យឆ្លងទៅអ្នកដទៃ និងត្រូវរូសរាន់ទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យរដ្ឋ គ្រប់កន្លែងដោយឥតគិតថ្លៃ៕
ព័ត៌មានទាក់ទង