en     km
en     km

ក្រសួង​ព័ត៌មាន​ប្រាប់​ឲ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ ផ្សព្វផ្សាយ​សារ​អប់រំ​ពី​មេរោគ​ និង​ជំងឺអេដស៍​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ បាន​ប្រាប់​ឲ្យ​គ្រប់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​ ក្នុង​ឱកាស​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដើម្បី​លើកកម្ពស់​ការ​យល់​ជា​សាធារណៈ​ ពី​គ្រោះ​នៃ​មេរោគ​អេ​ដស៍​ និង​ជំងឺអេដស៍​នេះ​។​

​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ បញ្ជាក់​ថា​ ដើម្បី​បញ្ជ្រាប​ និង​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ និង​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​ស្រទាប​មហាជន​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​បញ្ចប់​ឲ្យ​បាន​នូវ​បញ្ហា​អេ​ដស៍​ត្រឹម​ឆ្នាំ​២០២៥​។​ រដ្ឋមន្ដ្រី​ បន្ដ​ថា​ ត្រូវ​ផ្សព្វផ្សាយ​ជា​សារ​អប់រំ​ ធ្វើ​យ៉ាងណា​បំផុសស្មារតី​ ដល់​ស្រទាប់​យុវវ័យ​ឲ្យ​កាន់តែ​យល់​ដឹង​ពី​របៀប​បង្ការ​ កុំ​ឲ្យ​ឆ្លង​មេរោគ​អេ​ដស៍​។​

​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ សង្កត់ធ្ងន់​ថា​ គ្រប់​ម្ចាស់​ប្រ័​ពន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ គឺ​ត្រូវ​ជំរុញ​ឲ្យ​ពិធីករ​ ពិធី​ការិនី​ សិល្បករ​ សិល្ប​ការិនី​ នៅ​តាម​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ ត្រូវ​ជួយ​ណែនាំ​បញ្ជ្រាប​សារ​អប់រំ​អំពី​បញ្ហា​អេ​ដស៍​ ឲ្យ​បាន​ញឹកញាប់​។​

​លោក​វេជ្ជបណ្ឌិត​ តែង​ គ​ន្ធី​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺអេដស៍​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការ​ឆ្លង​មេរោគ​អេ​ដស៍​នៅ​កម្ពុជា​ គឺ​នៅ​តែ​កើត​មាននៅ​ឡើយ​ទេ​។​ កាលពី​ឆ្នាំ​កន្លង​ទៅ​ មាន​រក​ឃើញ​ថា​ មនុស្ស​ចំនួន​ជាង​ ៥៧០​នាក់​ បាន​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​ពលរដ្ឋ​ជាង​ ៧០​ម៉ឺន​នាក់​ កំពុង​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ ហើយ​មាន​ពលរដ្ឋ​ប្រមាណ​ពី​ ៨៥​ ទៅ​ ៨៧​ភាគរយ​តែ​ប៉ុណ្ណោះ​ ដែល​បាន​មក​ទទួល​សេវា​ថែទាំ​ជំងឺអេដស៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ផែនការ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​នូវ​អ្នក​ឆ្លង​ថ្មី​ នៃ​មេរោគ​អេ​ដស៍​ ត្រឹម​ឆ្នាំ​២០២៥​។​

​លោក​វេជ្ជបណ្ឌិត​ ស្នើ​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ដែល​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ​ ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព​ ដើម្បី​ដឹង​ថា​ តើ​ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដស៍​ ឬ​ក៏​អត់​។​ ការ​ដឹង​ពី​សុខភាព​ខ្លួនឯង​ គឺជា​រឿង​ចាំបាច់​បំផុត​ បើកាលណា​ដឹង​ថា​ ខ្លួន​គ្មាន​ផ្ទុកមេរោគ​អេ​ដស៍​ ត្រូវ​ត្រៀម​បង្ការ​គ្រប់ពេល​កុំ​ឲ្យ​ឆ្លង​។​ ដោយឡែក​បើ​ដឹង​ថា​ ខ្លួន​មាន​ផ្ទុកមេរោគ​អេ​ដស៍​ គឺ​ងាយ​ការពារ​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​ និង​ត្រូវ​រូស​រាន់​ទៅ​ទទួល​សេវា​ថែទាំ​សុខភាព​នៅ​មន្ទីរពេទ្យ​រដ្ឋ​ គ្រប់កន្លែង​ដោយ​ឥត​គិតថ្លៃ​៕​

Share

Image
Image
Image