ភ្នំពេញ ៖ អនុប្រធានអគ្គនាយកដ្ឋានពន្ធនាគារ អំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ ខណៈរដ្ឋាភិបាលកំពុងពង្រឹងនីតិរដ្ឋ។ ការអំពាវានាវបន្ទាប់ពីលោកសង្កេតឃើញថា កំណើនអ្នកទោសមានការកើនឡើងជារៀងរាល់ខែ។ ក្នុងចំណោមអ្នកទាំងអស់ គឺពាក់ព័ន្ធនឹងបញ្ហាគ្រៀងញៀនច្រើនជាងគេ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
យុទ្ធនាការបង្ក្រាបគ្រឿងញៀន ដែលបានអនុវត្ដកាលពីដើមឆ្នាំ២០១៦ និងបន្ដបង្ក្រាបមកដល់ពេលនេះ បាននាំឲ្យកំណើនអ្នកទោសក្នុងពន្ធនាគារ មានការកើនឡើងច្រើនទ្វេដង។ នេះបើយោងតាមក្រសួងព័ត៌មាន ប្រសាសន៍ របស់ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ លោក អ៊ួង ចន្ធី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ កំណើនអ្នកទោសនេះ មិនថែមទាំងធ្វើឲ្យគុកកាន់តែចង្អៀតប៉ុណ្ណោះទេ ថែមទាំងនាំឲ្យខ្វះមន្ដ្រីអនុរក្សពន្ធនាគារទៀត។ មន្ដ្រីដដែលរូបនេះ បានបញ្ជាក់ទៀតថា ចំពោះកង្វះខាត គឺខ្វះទាំងអគារ និងអនុរក្សជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា ក៏ប៉ុន្ដែក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសមន្ដ្រីអនុរក្សពន្ធនាគារ ដើម្បីបំពេញបន្ថែមទីតាំងចាំបាច់មុនគេ។
រាប់ចាប់ពីឆ្នាំ២០០២កន្លងមក ក្រសួងមហាផ្ទៃ គឺតែងតែប្រឡងជ្រើសរើសមន្ដ្រីអនុរក្សពន្ធនាគារចំនួនពី ៦០ ទៅ ៧០នាក់ក្នុងមួយឆ្នាំ។ ក៏ប៉ុន្ដែនៅឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃបានជ្រើសរើសមន្ដ្រីអនុរក្សពន្ធនាគាររហូតដល់ ៦៥៣នាក់ ដែលក្នុងនោះគឺប្រឡងកាលពីអំឡុងខែមករា ជ្រើសរសើបានចំនួន ៣៥០នាក់ និងប្រឡងថ្ងៃទី១៨ ខែវិច្ឆិកាកន្លងនេះ ត្រូវការចំនួន ៣០៣នាក់បន្ថែមទៀត។
អនុប្រធានអគ្គនាយកដ្ឋានពន្ធនាគារ លោក ហ៊ុយ ហឿន មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីកាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា មន្ដ្រីអនុរក្សពន្ធនាគារ ដែលមានស្រាប់ គឺមានប្រហែលជាង ២ពាន់នាក់ ដែលមិនគ្រប់គ្រាន់ឡើយ នៅក្នុងការបំពេញការងារ ព្រោះចំនួនអ្នកទោសបានកើនឡើងរហូតដល់ជាង ៣ម៉ឺននាក់ ស្របពេលដែលកាលពីមុនមានប្រមាណជា ១ម៉ឺននាក់តែប៉ុណ្ណោះ ៖«និយាយរួមអ្នកទោសកើនរាលតែខែ។ បើនិយាយមែនទែនទៅចំនួនដែលវាចេញ និងចំនួនចូលហ្នឹងវាអត់មានតុល្យភាព។ អាចំនួនចូលវាច្រើនជាងចំនួនចេញ ពីមួយឆ្នាំមួយឆ្នាំចំនួនមានការកើនអ្នកទោស។ ឥឡូវនេះកើនដល់ ៣ម៉ឺនហើយ លើសបន្ដិចបន្ដួចប្រហែល ១០០ ទៅ ២០០នាក់»។
បន្ថែមពីនេះ លោក ហ៊ុយ ហឿន បន្ដថា ទាក់ទិននឹងចំនួនអ្នកទោសកើនឡើងដូច្នេះ ពីព្រោះតែចំនួនប្រជាជនមានការកើនឡើងខ្លាំង ហើយស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែប្រឹងប្រែងអនុវត្ដច្បាប់កាន់តែតឹងរឹង ៖«កំណើនពលរដ្ឋគឺទី១ ទី២ ត្រូវនឹងស្ថានភាពយើងកំពុងតែអន្ដរការឆ្លងពីប្រទេសមិនទាន់អភិវឌ្ឍន៍ទៅប្រជាប្រទេសអភិវឌ្ឍន៍ អញ្ចឹងប្រទេសអន្ដរការអញ្ចឹងវាអន្ដរការទាំងការអនុវត្ដច្បាប់អីផ្សេងៗ។ ជាបណ្ដើរៗយើងពង្រឹងច្បាប់ដូចដែរគោលការណ៍រដ្ឋាភិបាលយើងកំពុងតែពង្រឹងនីតិរដ្ឋអញ្ចឹង។ ពង្រឹងច្បាប់ហ្នឹងគឺគ្រប់វិស័យដូចជាវិស័យចរាចរណ៍ បទល្មើសព្រៃឈើ ជលផល ទាំងវិស័យគ្រឿងញៀន។ ការពង្រឹងច្បាប់ហ្នឹងចាប់មនុស្សក៏កាន់តែច្រើនដែរ»។
ជាមួយគ្នានេះអនុប្រធានអគ្គនាយកដ្ឋានពន្ធនាគារ បានបដិសេធនូវពាក្យចចាមអារ៉ាមមួយចំនួនដែលបាននិយាយថា ពេលចូលទៅដល់ពន្ធនាគារ គឺមានការធ្វើទារុណកម្មអ្នកទោស និងការវាយដំផ្សេងៗ គឺមិនមែនជាការពិតឡើយ។ លោកអះអាងថា បើទោះជាអ្នកជាប់គុក គឺសុទ្ធតែមានទោស ប៉ុន្ដែមន្ដ្រីអនុរក្សពន្ធនាគារ គឺសុទ្ធតែបានបណ្ដុះបណ្ដាលត្រឹមត្រូវពីការគោរពសិទ្ធិមនុស្ស។
លោក ហ៊ុយ ហឿន អំពាវនាវក្នុងនាមរដ្ឋាភិបាល សុំឲ្យពលរដ្ឋគ្រប់រូប គោរពច្បាប់ឲ្យបានត្រឹមត្រូវធ្វើយ៉ាងណាបញ្ចៀសការជាប់ពន្ធនាគារ ដោយការមិនប្រព្រឹត្ដល្មើសច្បាប់ ដែលដូចជាលួច ប្លន់ សំលាប់មនុស្ស និងគ្រឿងញៀនជាដើម។ ចំពោះករណីគ្រឿញៀននេះ លោកសំណូមពរឲ្យពិសេសអាណាព្យាបាល ត្រូវតែយកចិត្ដទុកដាក់ក្នុងការអប់រំកូនៗ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះតែរយៈពេលចុងក្រោយនេះលោកសង្កេតឃើញថា អ្នកទោសភាគច្រើនជាប់គុកព្រោះពាក់ព័ន្ធនឹងគ្រឿងញៀន៕