ភ្នំពេញ ៖ សន្និសីទស្តីពីអនុសញ្ញាការហាមឃាត់គ្រាប់មីនប្រឆាំងមនុស្ស នឹងប្រព្រឹត្តទៅនៅក្រុងហ្សឺណែវ សប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី ២៦-៣០ ខែវិច្ឆិកា។ សន្និសីទនេះគឺជាកិច្ចប្រជុំអន្តរជាតិដ៏សំខាន់មួយ ដែលនឹងពិនិត្យមើលការអនុវត្តន៏នៃការហាមឃាត់ និងការបោសសម្អាតមីននៅជុំវិញពិភពលោក។
ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា នឹងចូលរួមសន្និសីទស្តីពីអនុសញ្ញាការហាមឃាត់គ្រាប់មីនប្រឆាំងមនុស្សនេះ ដែលនេះជាឱកាសយ៉ាងសំខាន់ ដើម្បីឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែង និងជាក់ស្តែងដើម្បីបញ្ចប់គ្រាប់មីន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
ប្រទេសអូស្ដ្រាលីបន្ដថា ពីការពិភាក្សាជាន់ខ្ពស់ រហូតដល់ការជួយដោះមីននៅលើដី ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា បានធ្វើការរួមគ្នាតាំងពី អនុសញ្ញាបានចាប់ផ្តើម ដើម្បីធានាថា អនុសញ្ញានេះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ប្រទេសអូស្ត្រាលីគឺជាអ្នកគាំទ្រដ៏យូរអង្វែងចំពោះការដោះមីននៅក្នុងប្រទេសកម្ពុជា ហើយបានចូលរួមចំណែកតាមរយៈការផ្តល់ជំនួយ ជាង មួយរយលានដុល្លារអូស្ត្រាលី ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ មក។
ជំនួយរបស់ប្រទេសអូស្ត្រាលីបានជួយសង្គ្រោះជីវិត និងកាត់បន្ថយរបួសជាច្រើន។ ប្រទេសអូស្ត្រាលីបានជួយសម្អាតដីដែលមានគ្រាប់មីន រាប់រយគីឡូម៉ែត្រការ៉េ ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជាកាន់តែច្រើនទៀត រស់នៅដោយសុវត្ថិភាព និងកសាងជីវភាពរបស់ពួកគេឡើងវិញ។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានមានប្រសាសន៍ថា ៖«ក្នុងនាមជាអ្នកជិតខាង និងជាមិត្តរបស់ប្រជាជនកម្ពុជា អូស្ត្រាលីមានសេចក្តីរីករាយក្នុងការធ្វើជាដៃគូសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន»។
លោកស្រីបានបន្ថែមថា ៖«ក្រៅពីជួយដល់ប្រជាជនដែលត្រូវការជំនួយ ប្រទេសអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូដោះមីនរបស់យើងក៏កំពុងតែជួយប្រទេសកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទដ្ឋានអន្តរជាតិផងដែរ។ សកម្មភាពនេះមានសារៈសំខាន់សម្រាប់ស្ថិរភាព និងសន្តិសុខនាពេលអនាគតរបស់តំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិករបស់យើង»។
បន្ថែមលើនេះ លោកស្រីបញ្ជាក់ថា លោក លី ធុច ទេសរដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន គឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះជំនួយរបស់ប្រទេសអូស្ត្រាលីក្នុងការដោះមីននាពេលកន្លងមក៕