ភ្នំពេញ ៖ មជ្ឈមណ្ឌលអូរស្ដ្រាលីសម្រាប់ការបណ្ដុះបណ្ឌាល បានផ្ដល់ធុងសំរាមចំនួន ១៣៤ ដល់សាលាស្រុក សាលាឃុំ សាលារៀននានា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ។ ការផ្ដល់នេះគឺទទួលបានពីមូលនិធិរត់ដើម្បីបរិស្ថានកាលពីពេលកន្លងទៅ។ រដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាការរក្សាអនាម័យ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍ ៖
ការផ្តល់ធុងសំរាមនេះ ពីព្រោះតែចង់ផ្តល់សារដើម្បីឲ្យមានការគ្រប់គ្រងសំរាមឱ្យបានល្អ ហើយសំរាមទាំងអស់ ត្រូវតែដាក់នៅក្នុងធុងសំរាម និងការញែកសំណល់សំរាមទៅ តាមប្រភេទសំរាមផ្សេងៗពីគ្នា។
រដ្ឋលេខាធិការក្រសួងបរិស្ថាលោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ សំរាមប្រមាណមួយម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ហើយសំរាមប្រមាណ ៣ លាន ៦ សែនតោន ត្រូវបានបង្កើតឡើងក្នុងមួយឆ្នាំ។ ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាម តាមប្រភេទសំរាម ស្របតាមគោលការណ៍បច្ចេកទេស នៅមានកម្រិតនៅឡើយ។
តាមការសិក្សា នៅក្នុងសំរាម ១០០% ក្នុងនោះ ៦៥% ជាសំរាមសើម ២០% ជាថង់ប្លាស្ទិក និងជាង ១០% ជាសំណល់រឹង។ ចំណែកការការច្នៃសំរាម មានត្រឹមតែ ២០% ប៉ុណ្ណោះ ដែលធ្វើឱ្យអត្រាសំរាមដែលត្រូវបោះចោលនៅទីលានចាក់សំរាមមានពី ៧០ ទៅ ៨០% និងសំរាមមួយចំនួនទៀតត្រូវបានបោះចោលអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ នៅក្នុងនោះយើងឃើញមានការបោះសំរាមសំណល់ប្លាស្ទិក ចានស្នោរ ស្បោង ថង់ប្លាស្ទិក នៅតាមទីសាធារណៈធ្វើឲ្យសោភ័ណភាពទីប្រជុំជនខ្លះធ្លាក់ចុះយ៉ាងខ្លាំង។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការគ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ លោកស្នើឲ្យ ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវចាត់ទុកភូមិឋាន សាលារៀន វត្តអារាម ទីក្រុង ទីប្រជុំជន កន្លែងផ្សេងៗទៀតដែលកំពុងរស់នៅ កំពុងសិក្សារៀនសូត្រ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថា ជាផ្ទះរបស់យើងទាំងអស់គ្នា ដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ។
លោកបន្ដថា ការវេចខ្ចប់ និងទុកដាក់សំរាមមិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនានា នឹងនាំឲ្យមានផលវិបាកជាច្រើន ដូចជាការធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឲ្យមានជំនន់ពេលរដូវភ្លៀង ធ្វើឲ្យបាត់បង់សោភ័ណភាពភូមិឋានរបស់យើង សាលារៀនយើង វត្តអារាមយើង ទីក្រុង និងទីប្រជុំជនយើង និងគំនរសំរាមបង្កើតជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។
រដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្នុងវិស័យអប់រំបរិស្ថាន ក្នុងក្របខ័ណ្ឌអន្តរក្រសួង យើងបានរៀបចំបង្កើតឲ្យមានក្រុមការងារកម្មវិធីអប់រំបរិស្ថានជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាដើម្បីធ្វើការបញ្ជ្រាប កម្មវិធីអប់រំបរិស្ថាន និងការងារអប់រំ ជាពិសេសកម្មវិធីសាលាមេត្រីបរិស្ថានដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ។
ឆ្នាំ២០១៦ កន្លងមក ក្រសួងបរិស្ថាន បានសហការជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសេចក្តីប្រកាសរួមលើគោលការណ៍ណែនាំ និងលក្ខណវិនិច្ឆ័យសាលាមេត្រីបរិស្ថាន ដើម្បីផ្សព្វផ្សាយនិងអនុវត្ត នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សា។ គោលការណ៍សាលាមេត្រីបរិស្ថាន គឺជាគោលការណ៍ដ៏ល្អមួយ មិនត្រឹមតែធ្វើឱ្យសាលាមានអនាម័យ ជាសាលាស្អាតប៉ុណ្ណោះទេ គឺថែមទាំង មានភាពប៉ៃតង និងគិតគូដល់ផល់ប៉ះពាល់បរិស្ថាននានា ដោយរាប់បញ្ចូលសកម្មភាពទាំងនោះទៅក្នុងកម្មវិធីបង្រៀន និងរៀនផងដែរ។ ការគ្រប់គ្រងសំណល់ និង ញែកសំណល់ ជាកត្តាសំខាន់ដែលត្រូវបង្រៀនឱ្យបានយល់ និងត្រូវចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកទាំងអស់គ្នា ដើម្បីធ្វើឲ្យសហគមន៍ ភូមិឃុំ និងសង្គមរបស់យើងមានបរិស្ថាន ល្អស្អាត។
រដ្ឋលេខាធិការ មានប្រសាសន៍ថា ការប្រែក្លាយចំណេះដឹងបរិស្ថាន ឲ្យទៅជាការប្រតិបត្តិបរិស្ថាន ចាំបាច់ទាមទារឲ្យយើងទាំងអស់គ្នា រួមគ្នាបន្តជំរុញការប្រតិបត្តិបរិស្ថានឲ្យបានខ្ជាប់ខ្ជួន តាមរយៈកម្មវិធី «សាលាមេត្រីបរិស្ថាន» និង «អារាមមេត្រី» ដែលត្រូវអនុវត្តតាមគ្រឹះស្ថានសិក្សា និង ទីវត្តអារាមនានា ដើម្បីបំផុសចលនាមហាជនឲ្យមានការចូលរួមពីសំណាក់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែសកម្មថែមទៀតនូវរាល់ដោយយុទ្ធនាការបរិស្ថានបានជាប់ជាប្រចាំ ស្របតាមផែនការ និងប្រតិទិនបរិស្ថាន។ ម្យ៉ាងវិញទៀត ការប្រតិបត្តិបរិស្ថានប្រព្រឹត្តទៅដោយជោគជ័យ ការពង្រឹងការអនុវត្តច្បាប់ គឺពិតជាមានភាពចាំបាច់ណាស់ នៅក្នុងការតម្រង់ទិសគ្រប់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រតិបត្តិត្រឹមត្រូវតាមគោលការណ៍ណែនាំបច្ចេកទេសរបស់ក្រសួងជំនាញ ក៏ដូចជាទប់ស្កាត់ និងបង្ក្រាបបទល្មើសបរិស្ថានគ្រប់រូបភាព សំដៅធានាឱ្យបាននូវគុណភាពបរិស្ថាន តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយចីរភាព។
នៅចំពោះ មុខនៃការកើនឡើងនៃសំរាមនេះ ក្នុងនាមក្រសួងបរិស្ថាន រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ត្រូវរួមសហការគ្នាសម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ និងមិនត្រូវមើលបំណាំគ្នានោះទេ ព្រោះកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នាដែលត្រូវបោសសម្អាត និង ថែរក្សាអនាម័យបរិស្ថានឲ្យល្អ និងធ្វើឱ្យបរិស្ថាននៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព៕