ភ្នំពេញ ៖ សាលាគណរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយហាមព្រះសង្ឃ និមន្ដទៅកន្លែងមួយចំនួនក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ។
តាមសេចក្ដីណែនាំនេះ បញ្ជាក់ថា កន្លែងដែលត្រូវហាមឃាត់សម្រាប់ការនិមន្ដទៅរបស់ព្រះសង្ឃរួមមាន តំបន់ A,A1,A12 ពីវិមានឯករាជ្យរហូតដល់គល់ស្ពាន ជ្រោយចង្វារខាងជើង ដែលមានដូចជា វត្ដភ្នំ មុខវាំង សួនមុខវត្ដបទុមវតី ណាហ្គាវើល កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្ដាល។
សាលាគណរាជធានីភ្នំពេញ ប្រាប់ថា ការដែលសម្រេចដាក់ការហាមប្រាមចំពោះសង្ឃដូច្នេះ ពីព្រោះតែរយៈកាលកន្លងមក សាលាគណរាជធានីភ្នំពេញ សង្កេតឃើញថា នៅក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំម្ដងៗ តែងតែមានព្រះសង្ឃអង្គខ្លះ បាននិមន្ដចូលទៅក្នុងកន្លែង ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្ដផ្សេងៗទៀត នៅក្នុងហ្វូងមនុស្សច្រើនកកកុញ ដែលសកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់គុណតម្លៃ នៃព្រះពុទ្ធសាសនា។
សេចក្ដីណែនាំនេះ សាលាគណរាជធានី ប្រាប់ឲ្យព្រះអនុគុណគ្រប់ខណ្ឌ មន្ដ្រីសង្ឃគ្រប់វត្ដ ធ្វើយ៉ាងណាផ្សព្វផ្សាយពីខ្លឹមសារ នៃការហាមប្រាមនេះ ឲ្យបានជ្រាបដល់ដល់ព្រះសង្ឃគ្រប់អង្គនៅក្រោមឱវាទ៕