ភ្នំពេញ ៖ មន្ដ្រីនាំពាក្យ នៃក្រសួងសុខាភិបាល បានសរសេរលើបណ្ដាញសង្គមនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្នករណីពុលស្រា ខណៈទើបតែមានប្រជាពលរដ្ឋចំនួន ០៩នាក់ បានស្លាប់ព្រោះពុលស្រា ស នៅខេត្ដក្រចេះ និងខេត្ដកំពត។
លោក លី សូវ៉ាន់ មន្ដ្រីនាំពាក្យ នៃក្រសួងខាភិបាល មានប្រសាសន៍ថា យោងតាមទិន្នន័យការពុលស្រា នាពេលកន្លងមក បញ្ហានៃការពុលស្រា នេះនៅតែជាបញ្ហាដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។ លោកបន្ដថា ក្នុងឆ្នាំ២០១៥ ករណីពុលស្រាមានចំនួន ២៨៤ករណី ក្នុងនោះស្លាប់ចំនួន ៣៣នាក់ ដែលមានកើតឡើងនៅក្នុងខេត្ដចំនួន ៣ រួមមាន ខេត្ដ ត្បូងឃ្មុំ ក្រចេះ និងខេត្ដមណ្ឌលគិរី។ ចំណែកឆ្នាំ ២០១៦ ករណីពុលស្រាបានកើតឡើងចំនួន ៩២ករណី បណ្ដាលឲ្យមនុស្សស្លាប់ ១៥នាក់ កើតឡើងនៅខេត្ដកំពង់ឆ្នាំង។
ដោយឡែកក្នុងឆ្នាំ ២០១៧ ករណីពូលស្រា បានកើតឡើងចំនួន ១៣ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ ស្ថិតក្នុងខេត្ដមណ្ឌលគិរី។ បន្ថែមពីនេះលោក លី សូវ៉ាន់ បញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨នេះ មានករណីពូលស្រា បានកើតឡើងចំនួន ២០៣ករណី ហើយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៩នាក់ ស្ថិតក្នុងខេត្ដក្រចេះ និងខេត្ដកំពត។
តាមរយៈការអំពាវនាវនេះ លោក លី សូវ៉ាន់ ក្នុងនាមក្រសួងសុខាភិបាល លោកសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញស្រា ស ទៅផឹក។ លោកថា បើក្នុងករណីត្រូវការស្រា ជាចាំបាច់ សូមទិញស្រា ឬស្រា ស ណាដែលមានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ដ្រីជំនាញ។ តែយ៉ាងណាលោកសង្កត់ធ្ងន់ថា ពលរដ្ឋមិនគួរផឹកស្រាច្រើនពេកនោះទេ ព្រោះវាមានគ្រោះថ្នាក់ដល់សុខភាព។ ការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ស្របពេលដែលកម្ពុជាកំពុងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាព្រះរាជពិធីបុណ្យប្រពៃណីជាតិ។
លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាល ខេត្ដក្រចេះ មានប្រសាសន៍ថា ស្រាគ្រប់ប្រភេទ គឺសុទ្ធតែបង្កគ្រោះថ្នាក់សុខភាពមនុស្ស គ្រាន់តែប្រភេទស្រាខ្លះបង្ហាញឥទ្ធិពលភ្លាមៗ និងស្រាប្រភេទខ្លះទៀត បង្ហាញឥទ្ធិពលក្នុងរយៈពេលយូរ។ ក៏ប៉ុន្ដែជារួមស្រា គឺជាប្រភេទគ្រឿងស្រវឹង ដែលមិនបានជួយអ្វីដល់សុខភាពមនុស្សឡើយ ផ្ទុយទៅវិញ មានតែបំផ្លាញសុខភាពប៉ុណ្ណោះ៕