en     km
en     km

ពលរដ្ឋថៃចាប់រាប់ពេលវេលាដើម្បីត្រៀមបោះឆ្នោតក្រោយពីរដ្ឋប្រហារឆ្នាំ២០១៤

Share

សារព័ត៌មានប្រទេសថៃជាច្រើនបានចុះផ្សាយថា យុវជននិងពលរដ្ឋថៃ ចាប់ផ្ដើមរាប់ថៃ្ងខែដើម្បីត្រៀមចូលរួមបោះឆ្នោតសភាថ្មីបន្ទាប់ពីពួកយោធាបានប្លន់អំណាច តាមរយៈការធ្វើប្រហារ កាលពីខែ ឧសភា ឆ្នាំ ២០១៤ រំលាយគណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃដឹកនាំដោយនាយករដ្ឋមន្ត្រីយីងឡាក់។ ការបោះឆ្នោតសភាថៃ ត្រូវបាននាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ប្រកាសកំណត់ថ្ងៃទី ២៤កុម្ភៈ ឆ្នាំ ២០១៩។

តាមសារព័ត៌មានថៃ The Nation  ក្រុមឧត្តមសេនីយ៍បានបង្កើតគណបក្សនយោបាយរបស់ខ្លួនដែរ តែពួកគេពឹងពាក់ឱ្យក្រុមស៊ីវិលមួយក្រុមដែលមានក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ជាអ្នកបង្កើតបក្សថ្មីដែលអាចមានឈ្មោះថា Palang Pracharat ។

តាមប្រភពដដែល បើគណបក្សនេះឈ្នះក្នុងការបោះឆ្នោត គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធនឹងក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត។

គេមិនទាន់ដឹងថា មានគណបក្សនយោបាយ ចំនួនប៉ុន្មាននឹងចូលរួមការបោះឆ្នោតខែកុម្ភៈនៅឆ្នាំក្រោយនេះទេ។ ប៉ុន្តែគណបក្សធំចំនួនពីរ គឺគណបក្សភឿថៃ របស់អតីតនាយករដ្ឋថាក់ស៊ីននិងអតីតនាយករដ្ឋយីងឡាក់ អាចនឹងចូលរួមប្រកួតម្ដងទៀត ព្រោះបក្សនេះ មិនត្រូវបានតុលាការរំលាយចោលនោះទេ។តែបែបនេះ ទាំងលោកស្រី យីង ឡាក់ និងលោក ថាក់ ស៊ីន ដែលសុទ្ធតែជានាយករដ្ឋមន្ត្រីត្រូវបានទំលាក់ពីអំណាច​ដោយរដ្ឋប្រហារមិនមានឱកាសក្នុងការដឹកនាំបក្សនេះឡើងវិញទេ។

អ្នកនយោបាយនិរទេសខ្លួនទាំងពីររូបនេះ ត្រូវបានតុលាការថៃកាត់ទោសម្នាក់ៗជាច្រើនឆ្នាំករណីពុករលួយ និងកឹបកេងទ្រព្យសម្បត្តិរដ្ឋ។

ដោយឡែក គណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភីស៊ីតវេចាជីវ៉ា ដែលជាគណបក្សប្រឆាំងធំជាងគេទំនងនឹងចូលរួមការបោះ ឆ្នោតនៅពេលខាងមុខនេះដែរ។ បក្សនេះនៅបន្តដឹកនាំដោយ លោក អាប់ភីស៊ីតដដែល។

គេរំពឹងថា គណបក្សថ្មីៗជាច្រើនទៀត នឹងបង្កើតឡើងនៅអំឡុងពីរ ឬបីសប្ដាហ៏ទៀតនេះ ក្នុងនោះ អាចមានគណប​ក្សរបស់ក្រុមបញ្ញវ័ន្ត ជំនាន់ថ្មីដែរ។​ មិនទាន់មានការស្ទង់មតិ ថាតើពលរដ្ឋត្រូវចេញទៅបោះឆ្នោតប៉ុន្មានលាននាក់នោះទេ ក្នុងចំណោមពលរដ្ឋសរុប ជិត ៧០លាននាក់។ ប៉ុន្តែការបោះឆ្នោតលើកនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជាការបញ្ចប់របបគ្រប់គ្រងរបស់ពួកយោធា ហើយអាចជាការបញ្ចប់និន្នាការក្រហមនិយម លោក ថាក់ ស៊ីន ផងដែរ៕  

Share

Image
Image
Image