ភ្នំពេញ៖ នគរបាលយុត្តិធ៌បានត្រៀមដាក់កម្លាំង សម្រាប់ការពារជូនភ្ញៀវជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនាក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៨នេះ។នេះបើតាមអោយដឹងនៅលើគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមគេហទំព័រដដែលនេះ ការត្រៀមកម្លាំងប៉ូលិសការពារក្នុងពិធីបុណ្យអុំទូក ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា គឺ ដើម្បីចេញប្រតិបត្តិការឲ្យបានទាន់ពេលវេលា និងប្រកបដោយទទួលខុសត្រូវខ្ពស់បំផុតពេលដែលប្រជាពលរដ្ឋ មានបញ្ហាអ្វីកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ក្រសួងមហាផ្ទៃបានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើងរហូតដល់ ២៩៥ទូកនិងកីឡាករជិត ២ម៉ឺននាក់៕