ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចចរចារឿងប្រាក់ឈ្នួលសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរនិងដេរស្បែកជើងកាលពីម្សិលមិញរួចមក នៅព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៥ នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើងចំនួន ១៤០ ដុល្លារសហរដ្ឋអាមេរិចនៅក្នុងឆ្នាំ ២០១៦ គិតចាប់ពីរថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៦ តទៅ។
សូមរម្លឹកថា ការចរចារបស់ក្រុមភាគីពាក់ព័ន្ធទាំងអស់កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៥ បានកំណត់ត្រឹមតែ ១៣៥ ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដំឡើងប្រាក់ឈ្នួល ០៥ ដុល្លារបន្ថែមទៀត ដើម្បីធ្វើឱ្យចំនួនតួលេខប្រាក់ឈ្នួលអប្បបរមាកម្មករកើនដល់ ១៤០ ដុល្លារ។ ចំណែកប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករ-និយោជិតធ្លាប់ទទួលបានក្នុងពេលកន្លងមក នៅរក្សាទុកដល់កម្មករ-និយោជិតដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសជាសាធារណៈនៅថ្ងៃនេះ៕