ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា និងប្រទេសជប៉ុន បានសម្ពោធរួមគ្នា “គម្រោងភ្នំពេញទីក្រុងស្អាត” កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដែលមានពលរដ្ឋខ្មែរ និងជប៉ុន ចូលរួមប្រមាណ ៨០០នាក់។ រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា នេះជាសកម្មភាពដ៏មានតម្លៃសំដៅលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន នឹងធ្វើឲ្យទីក្រុងភ្នំពេញកាន់តែមានសោភ័ណភាព។ គម្រោងនេះ គ្រោងនឹងធ្វើឡើងជារៀងរាល់ឆ្នាំ។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោក នេត ភក្ដ្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា គម្រោងនេះត្រូវបានសហការរៀបចំដោយគណៈកម្មាធិការគម្រោងភ្នំពេញទីក្រុងស្អាត ជាមួយប្រទេសជប៉ុន និងក្រសួងបរិស្ថាន។ លោកបន្ដថា នេះគឺជាការបង្កើតឱកាសជួបជុំមួយ ក្នុងចំណោមអ្នកស្រឡាញ់បរិស្ថាន ដើម្បីរើសសំរាម សម្អាត ទីក្រុង។ នេះជាសកម្មភាពដ៏មានតម្លៃក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតអនាម័យបរិស្ថាន ក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុង ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុង កាន់តែមានសោភ័ណភាព បរិស្ថានស្អាត និងប្រកបដោយផាសុកភាពភាព សម្រាប់ការរស់នៅ និងទាក់ទាញភ្ញៀវទេសចរ។
រដ្ឋលេខាធិការក្រសួងបរិស្ថានបង្ហាញជំនឿចិត្ដថា តាមរយៈគម្រោងបើកនេះ នឹងក្លាយជានិមិត្ដរូបសាមគ្គីភាពយូរអង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុន ក្នុងការលើកកម្ពស់តម្លៃបរិស្ថាន និងមួយវិញទៀត គឺជាការដាស់អារម្មណ៍អ្នកធ្លាប់តែចោលសំរាមផ្ដេសផ្ដាស់មកចោលសំរាមដោយមានរបៀប ៖«ខ្ញុំជឿជាក់ថា “គម្រោងភ្នំពេញទីក្រុងស្អាត” ដែលបានបើកនៅថ្ងៃនេះ នឹងក្លាយជានិមិត្ដរូបសាមគ្គីភាពយូរអង្វែងរវាងប្រជាជនកម្ពុជា និងជប៉ុនក្នុងការលើកកម្ពស់តម្លៃបរិស្ថាន ធ្វើឲ្យទីក្រុងយើងគ្មានសំរាមចោលផ្ដេសផ្ដាស។ មិនតែប៉ុណ្ណោះសកម្មភាពនៅថ្ងៃនេះ នឹងក្លាយជាជួងដាស់អារម្មណ៍ដល់ជនមួយចំនួនតូច ដែលបានបោះសំរាមចោលពាសវាលពាសកាល ឲ្យភ្ញាក់រលឹកឡើង និងចូលរួមសម្អាតបរិស្ថានទីក្រុងយើងទាំងអស់គ្នា។ ទីក្រុងយើងស្អាត គឺជាមោទនភាពរបស់យើង និងលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋ សោភ័ណភាពទីក្រុង ដែលជាផ្ទះរបស់យើង»។
លោក ហូរីណូអ៊ុឈិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះគឺជាការផ្ដួចផ្ដើមគំនិតឡើងដោយជនជាតិជប៉ុននៅរាជធានីភ្នំពេញ សហការជាមួយក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ។ លោកបន្ដថា បញ្ហាសំរាមក្នុងទីក្រុង មិនមែនមានតែនៅកម្ពុជាប៉ុណ្ណោះទេ នៅប្រទេសជប៉ុន ក៏ជាបញ្ហាប្រឈមមួផងដែរ។ យ៉ាងណាលោកថា ចាប់ពីឆ្នាំក្រោយទៅកម្ពុជា និងជប៉ុន នឹងរៀបចំជាបន្ដបន្ទាប់នូវព្រឹត្ដិការណ៍កីឡា និងកិច្ចប្រជុំខ្នាត់អន្ដរជាតិ ដែលមានភ្ញៀវបរទេសជាច្រើន នឹងធ្វើដំណើរមកកម្ពុជា។
ជាងនេះឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សង្ឃឹមថា ចាប់ពីពេលនេះតទៅ ទាំងជនជាតិជប៉ុន និងជនជាតិកម្ពុជា នឹងចូលរួមគិតគូរ សហការ ដើម្បីថែរក្សាបរិស្ថាន និងអ្នកដែលពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឡើង។
ក្រសួងបរិស្ថានបញ្ជាក់ថា បច្ចុប្បន្នេះនៅក្នុងមួយថ្ងៃ សំណល់រឹងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកើនដល់ ៣០០០តោន។ ក្នុងចំណោមកាកសំណល់នេះ ៦៥ភាគរយ ជាសំរាមសើម ២០ភាគរយជាថង់ប្លាស្ទិក និងជាង ១០ភាគរយ ជាសំណល់រឹង។ ដោយឡែកការច្នៃសំរាមមានត្រឹមតែ ២០ភាគរយតែប៉ុណ្ណោះ ដែលធ្វើឲ្យអាត្រាសំរាម ដែលត្រូវបោះចោលនៅទីលានចោលសំរាម មានពី ៧០ទៅ ៨០ភាគរយ និងសំរាមមួយចំនួនទៀតត្រូវបានបោះចោលអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈនានា។
លោក នេត ភក្ដ្រា សង្កត់ធ្ងន់ថា ចំពោះបញ្ហានៃកំណើនសំរាមក្នុងទីក្រុងនេះ គឺចាំបាច់ត្រូវមានការចូលរួមថែរក្សាអនាម័យ ទីក្រុងទាំងអស់គ្នា។ លោកអំពាវនាវដល់ពលរដ្ឋអនុវត្ដ ៥ចំណុចដើម្បីធ្វើឲ្យទីក្រុងមានសោភ័ណភាព។ ទី១ ធ្វើការញែកសំរាមតាមប្រភេទ ដូចជា សំរាមជាសំណល់សរីរាង្គ សំរាមប្លាស្ទិក និងសារធាតុគ្រោះថ្នាក់ ហើយត្រូវវេចខ្ចប់និងគ្រប់គ្រងសំរាមដែលខ្លួនបង្កើតឲ្យបានត្រឹមត្រូវ។ ទី២ អនុវត្ដនូវគោលការណ៍ ៣អ៊ែរ គឺ កាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ ចំពោះសំណល់ថង់ប្លាស្ទិក ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងបំផ្លាញសោភ័ណភាពទីក្រុង។ ទី៣ ចូលរួមសម្អាតអនាម័យបរិស្ថានទីក្រុងយើងដោយចាត់ទុកថា “គ្រប់ទីកន្លែងទាំងអស់ជាផ្ទះរបស់យើង” ដែលត្រូវតែស្អាត និងមានផាសុកភាពគួរឲ្យរស់នៅ។ ទី ៤ ចូលរួមដាំដើមឈើដើម្បីបង្កើនភាពបៃតង និងបង្កើនគុណភាពខ្យល់ និងទី៥ សូមកុំចោលសំរាមផ្ដេសផ្ដាស ត្រូវទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ។
បន្ថែមលើនេះលោករដ្ឋលេខាធិការក្នុងនាមក្រសួងបរិស្ថាន អំពាវនាវសុំឲ្យប្រជាពលរដ្ឋកុំចោលសំរាមផ្ដេសផ្ដាស ត្រូវទុកដាក់សំរាមក្នុងធុង ឲ្យបានត្រឹមត្រូវព្រោះប្រការទាំងនេះ នឹងជួយធ្វើឲ្យទីក្រុងកាន់តែមានអនាម័យបរិស្ថានកាន់តែល្អស្អាត៕