en     km
en     km

កម្ពុជា​-​ជប៉ុន​សម្ពោធ​គម្រោង​ “​ភ្នំពេញ​ទីក្រុង​ស្អាត​”​ ដើម្បី​ផ្ញើ​សារ​ឲ្យ​ពលរដ្ឋ​ទុកដាក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

Share

​ភ្នំពេញ​ ៖​ ក្រសួងបរិស្ថាន​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ បាន​សម្ពោធ​រួម​គ្នា​ “​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​”​ កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ និង​ជប៉ុន​ ចូលរួម​ប្រមាណ​ ៨០០​នាក់​។​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បញ្ជាក់​ថា​ នេះ​ជា​សកម្មភាព​ដ៏​មាន​តម្លៃ​សំដៅ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ នឹង​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​កាន់តែ​មាន​សោភ័ណ​ភាព​។​ គម្រោង​នេះ​ គ្រោង​នឹង​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​លោក​ នេ​ត​ ភក្ដ្រា​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា​ គម្រោង​នេះ​ត្រូវ​បាន​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​ ជាមួយ​ប្រទេស​ជប៉ុន​ និង​ក្រសួងបរិស្ថាន​។​ លោក​បន្ដ​ថា​ នេះ​គឺជា​ការ​បង្កើត​ឱកាស​ជួបជុំ​មួយ​ ក្នុង​ចំណោម​អ្នក​ស្រឡាញ់​បរិស្ថាន​ ដើម្បី​រើស​សំរាម​ សម្អាត​ ទីក្រុង​។​ នេះ​ជា​សកម្មភាព​ដ៏​មាន​តម្លៃ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន​ ស្រឡាញ់​បរិស្ថាន​ និង​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ដើម្បី​ជំរុញ​ចលនា​ចូលរួម​សម្អាត​ទីក្រុង​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង​ កាន់តែ​មាន​សោភ័ណ​ភាព​ បរិស្ថាន​ស្អាត​ និង​ប្រកបដោយ​ផាសុកភាព​ភាព​ សម្រាប់​ការ​រស់នៅ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បង្ហាញ​ជំនឿ​ចិត្ដ​ថា​ តាម​រយៈ​គម្រោង​បើក​នេះ​ នឹង​ក្លាយជា​និមិត្ដរូប​សាមគ្គីភាព​យូរអង្វែង​រវាង​ប្រជាជន​កម្ពុជា​ និង​ជប៉ុន​ ក្នុង​ការ​លើកកម្ពស់​តម្លៃ​បរិស្ថាន​ និង​មួយវិញទៀត​ គឺជា​ការ​ដាស់​អារម្មណ៍​អ្នក​ធ្លាប់តែ​ចោល​សំរាម​ផ្ដេសផ្ដាស់​មក​ចោល​សំរាម​ដោយ​មាន​របៀប​ ៖«​ខ្ញុំ​ជឿជាក់​ថា​ “​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​”​ ដែល​បាន​បើក​នៅ​ថ្ងៃនេះ​ នឹង​ក្លាយជា​និមិត្ដរូប​សាមគ្គីភាព​យូរអង្វែង​រវាង​ប្រជាជន​កម្ពុជា​ និង​ជប៉ុន​ក្នុង​ការ​លើកកម្ពស់​តម្លៃ​បរិស្ថាន​ ធ្វើ​ឲ្យ​ទីក្រុង​យើង​គ្មាន​សំរាម​ចោល​ផ្ដេសផ្ដាស​។​ មិនតែប៉ុណ្ណោះ​សកម្មភាព​នៅ​ថ្ងៃនេះ​ នឹង​ក្លាយជា​ជួង​ដាស់​អារម្មណ៍​ដល់​ជន​មួយ​ចំនួន​តូច​ ដែល​បាន​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​ ឲ្យ​ភ្ញាក់រលឹក​ឡើង​ និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង​យើង​ទាំងអស់​គ្នា​។​ ទីក្រុង​យើង​ស្អាត​ គឺជា​មោទនភាព​របស់​យើង​ និង​លើកតម្កើង​សុខុមាលភាព​ប្រជាពលរដ្ឋ​ សោភ័ណ​ភាព​ទីក្រុង​ ដែល​ជា​ផ្ទះ​របស់​យើង​»​។​

​លោក​ ហូ​រី​ណូ​អ៊ុ​ឈិ​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កម្មវិធី​នេះ​គឺជា​ការ​ផ្ដួចផ្ដើម​គំនិត​ឡើង​ដោយ​ជនជាតិ​ជប៉ុន​នៅ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ក្រសួងបរិស្ថាន​ និង​សាលា​រាជធានី​ភ្នំពេញ​។​ លោក​បន្ដ​ថា​ បញ្ហា​សំរាម​ក្នុង​ទីក្រុង​ មិនមែន​មាន​តែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ នៅ​ប្រទេស​ជប៉ុន​ ក៏​ជា​បញ្ហា​ប្រឈម​មួ​ផង​ដែរ​។​ យ៉ាងណា​លោក​ថា​ ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ​កម្ពុជា​ និង​ជប៉ុន​ នឹង​រៀបចំ​ជា​បន្ដបន្ទាប់​នូវ​ព្រឹត្ដិការណ៍​កីឡា​ និង​កិច្ចប្រជុំ​ខ្នាត់​អន្ដរជាតិ​ ដែល​មាន​ភ្ញៀវ​បរទេស​ជា​ច្រើន​ នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​។​

​ជាង​នេះ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ សង្ឃឹមថា​ ចាប់ពី​ពេល​នេះ​តទៅ​ ទាំង​ជនជាតិ​ជប៉ុន​ និង​ជនជាតិ​កម្ពុជា​ នឹង​ចូលរួម​គិតគូរ​ សហការ​ ដើម្បី​ថែរក្សា​បរិស្ថាន​ និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង​។​

​ក្រសួងបរិស្ថាន​បញ្ជាក់​ថា​ ប​ច្ចុ​ប្ប​ន្នេះ​នៅ​ក្នុង​មួយ​ថ្ងៃ​ សំណល់​រឹង​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​កើន​ដល់​ ៣០០០​តោន​។​ ក្នុង​ចំណោម​កាក​សំណល់​នេះ​ ៦៥​ភាគរយ​ ជា​សំរាម​សើម​ ២០​ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ក​ និង​ជាង​ ១០​ភាគរយ​ ជា​សំណល់​រឹង​។​ ដោយឡែក​ការ​ច្នៃ​សំរាម​មាន​ត្រឹមតែ​ ២០​ភាគរយ​តែ​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឲ្យ​អា​ត្រា​សំរាម​ ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​ចោល​សំរាម​ មាន​ពី​ ៧០​ទៅ​ ៨០​ភាគរយ​ និង​សំរាម​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បោះចោល​អនាធិបតេយ្យ​ នៅ​តាម​ផ្លូវ​សាធារណៈ​នានា​។​

​លោក​ នេ​ត​ ភក្ដ្រា​ សង្កត់ធ្ងន់​ថា​ ចំពោះ​បញ្ហា​នៃ​កំណើន​សំរាម​ក្នុង​ទីក្រុង​នេះ​ គឺ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ថែរក្សា​អនាម័យ​ ទីក្រុង​ទាំងអស់​គ្នា​។​ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​អនុវត្ដ​ ៥​ចំណុច​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មាន​សោភ័ណ​ភាព​។​ ទី​១​ ធ្វើការ​ញែក​សំរាម​តាម​ប្រភេទ​ ដូច​ជា​ សំរាម​ជា​សំណល់​សរីរាង្គ​ សំរាម​ប្លា​ស្ទិ​ក​ និង​សារធាតុ​គ្រោះថ្នាក់​ ហើយ​ត្រូវ​វេច​ខ្ចប់​និង​គ្រប់គ្រង​សំរាម​ដែល​ខ្លួន​បង្កើត​ឲ្យ​បាន​ត្រឹមត្រូវ​។​ ទី​២​ អនុវត្ដ​នូវ​គោលការណ៍​ ៣​អ៊ែ​រ​ គឺ​ កាត់​បន្ថយ​ ការ​ប្រើប្រាស់​ឡើង​វិញ​ និង​ការ​កែ​ច្នៃ​ឡើង​វិញ​ ចំពោះ​សំណល់​ថង់​ប្លា​ស្ទិ​ក​ ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ និង​បំផ្លាញ​សោភ័ណ​ភាព​ទីក្រុង​។​ ទី​៣​ ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​យើង​ដោយ​ចាត់​ទុក​ថា​ “​គ្រប់​ទីកន្លែង​ទាំងអស់​ជា​ផ្ទះ​របស់​យើង​”​ ដែល​ត្រូវ​តែ​ស្អាត​ និង​មាន​ផាសុកភាព​គួរ​ឲ្យ​រស់នៅ​។​ ទី​ ៤​ ចូលរួម​ដាំ​ដើមឈើ​ដើម្បី​បង្កើន​ភាព​បៃតង​ និង​បង្កើន​គុណភាព​ខ្យល់​ និង​ទី​៥​ សូមកុំ​ចោល​សំរាម​ផ្ដេសផ្ដាស​ ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​។​

​បន្ថែម​លើ​នេះ​លោក​រដ្ឋលេខាធិការ​ក្នុង​នាម​ក្រសួងបរិស្ថាន​ អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចោល​សំរាម​ផ្ដេសផ្ដាស​ ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ ឲ្យ​បាន​ត្រឹមត្រូវ​ព្រោះ​ប្រការ​ទាំងនេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​កាន់តែ​មាន​អនាម័យ​បរិស្ថាន​កាន់តែ​ល្អ​ស្អាត​៕

Share

Image
Image
Image