en     km
en     km

សម្តេច ​ហ៊ុន​ សែន​៖​កម្ពុជា​មិន​ត្រូវការ​ឱ្យ​ទ័ព​បរទេស​ច្បាំង​គ្នា​លើ​ទឹកដី​កម្ពុជា​ដូច​អតីតកាល​ទេ​

Share

ភ្នំពេញ​៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ​ ថា​ កម្ពុជា​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​។​ ការ​បង្ហាញ​ជំហរ​របស់​សម្តេច​ ហ៊ុន ​សែន ​ទំនងជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​សែត​បរទេស​មួយ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​ កម្ពុជា​ទំនង​ក្លាយជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ បើ​កម្ពុជា​ ក្លាយជា​មូលដ្ឋាន​ទ័ពជើងទឹក​ប្រទេស​ចិន​។

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​នេះ​ ថា​ កម្ពុជា​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា​។​ រូបភាព៖ facebook សម្តេច ហ៊ុន សែន



​លោក​ ខៀវ​ កា​ញ៉ា​រិ​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​ស្រង​ប្រសាសន៍​សម្តេច​ ហ៊ុន​សែន​ ថ្លែង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ ចន្ទ​ ទី​ ១៩ ​វិច្ឆិកា ​ថា​តើ​កម្ពុជា​មានការ​ចាំបាច់​រំលោភ​រដ្ឋធម្មនុញ្ញ​ខ្លួន​ដោយ​អនុញ្ញាត​អោយ​មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​ឬទេ​។​តើ​កម្ពុជា​ត្រូវការ​កងទ័ព​បរទេស​ ដើម្បី​ច្បាំង​ជាមួយ​អ្នក​ណា​?​

​សម្តេច​ ហ៊ុន​ សែន​៖«​ខ្ញុំ​មិន​ត្រូវការ​អោយ​បរទេស​មក​ច្បាំង​គ្នា​នៅ​លើ​ទឹកដី​កម្ពុជា​ដូច​កាលពី​អតីតកាល​ទេ​ ក៏​ដូច​ជា​មិន​ត្រូវការ​អោយ​កម្ពុជា​ជាទី​លាន​សាកល្បង​មនោគមន៍វិជ្ជា​ ឬ​ អាវុធ​ឡើយ​។​ យើង​ចង់​ចងមិត្ត​ជាមួយ​គ្រប់​ប្រទេស​លើ​សកលលោក​ ។​ កងទ័ព​កម្ពុជា​ដាច់ខាត​មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់​ លើកលែងតែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​»​។

​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​ នៅ​ប្រទេស​ សឹ​ង្ហ​បុរី​ កាលពី​ស​ប្តា​ហ៍​មុន​ លោក​ John​ Sullivan​ អនុរដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការ​បរទេស​ កម្ពុជា​អំពី​ការ​លិចលឺ​ព័ត៌មាន​ថា​ មាន​មូលដ្ឋាន​យោធា​ចិន​នៅ​ឆ្នេរសមុទ្រ​កម្ពុជា​ស្ថិត​នៅ​ខេត្ត​ កោះកុង​។​

​មន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​រូប​នេះ​បញ្ជាក់​ថា​ ប្រសិនបើ​កំពង់​ផែ​ទឹក​ជ្រៅ​កម្ពុជា​ពិតជា​សម្រួល​ដល់​ចរាចរ​នាវា​កងទ័ព​រំដោះប្រជាជន​ចិន​ជារឿង​ពិតមែន​ នឹង​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ ក្រសួងការបរទេស​កម្ពុជា​។​

​ជា​ការ​ឆ្លើយ​តប​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ សហ​ប្រតិបត្តិ​ ការ​អន្តរជាតិ​ បាន​បដិសេធ​ថា​ កម្ពុជា​គ្មាន​ផ្តល់​កំពង់​ផែ​ទឹក​ជ្រៅ​ សម្រាប់​ជា​មូលដ្ឋាន​កងទ័ពជើងទឹក​ចិន​ទេ​ ព្រោះ​ជា​ការ​រំលោភ​រដ្ឋ​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា​។​

​លោក​រដ្ឋមន្ត្រី​ពន្យល់​ថា​ នេះ​ ជា​ពាក្យ​ច​ចាម​អារាម​កើត​ចេញ​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ទំហំ​វិនិយោគ​របស់​ ចិន​ក្នុង​ខេត្ត​កោះ​កុង​ប៉ុណ្ណោះ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការបរទេស​កម្ពុជា​។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖«​ រដ្ឋ​ម​ធ្ម​នុ​ញ្ញ​កម្ពុជា​មិន​អនុ​ ញ្ញាត​អោយ​មាន​មូលដ្ឋាន​ យោធា​បរទេស​នៅ​លើ​ ទឹកដី​របស់​ខ្លួន​ និង​ មិន​អនុញ្ញាត​អោយ​មាន​ មូលដ្ឋាន​ យោធា​ របស់​ខ្លួន​នៅ​បរទេស​ឡើយ​។​ លើកលែងតែ​ក្នុង​ ក្របខ័ណ្ឌ​ អង្គការសហប្រជាជាតិ​ដូច​ជា​ ការ​បញ្ជូន​កងទ័ព​យើង​ទៅ​ចូលរួម​បេស​ កម្ម​រក្សា​សន្តិភាព​របស់​ អង្គការ​ សហប្រជាជាតិ​។​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​រំលោភ​រដ្ឋធម្មនុញ្ញ​ឡើយ​»​។​

​កាសែត​ Asia​ Times​ បាន​រាយការណ៍​ថា​ កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​​ កោះកុង ​នៃ​ប្រទេស​កម្ពុជា​ ប្រហែលជា​ទីតាំង​សម្រួល​ដល់​នាវាចម្បាំង​របស់​កងទ័ពជើងទឹក​ចិន​ ដែល​កំពុង​សាងសង់​ដោយ​ក្រុម​ ហ៊ុន​ចិន​មួយ​ឈ្មោះ​ Union​ Development​ Group(UDG)​។​ កាសែត​ Asia​ Times​ បាន​ដកស្រង​សំដី​អ្នកវិភាគ​ថា​ ប្រសិន បើ​ឥទ្ធិពល​មហាអំណាច​ខ្លាំងក្លា​នៅ​ពេល​មួយ​នោះ​ កម្ពុជា​ប្រហែលជា​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

​តែ​បែប​នេះ​ក្តី​ លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ មន្ត្រី​នាំពាក្យ​ក្រសួងការពារជាតិ​ បាន​ចាត់​ទុក​ សេចក្តីរាយការណ៍​របស់​កាសែត​ Asia​ Times​ ដែល​ថា​ ទឹកដី​កម្ពុជា ​ជា​មូលដ្ឋាន​យោធា​សម្រាប់​ចត​នាវា​ចម្បាំង​ ហើយ ​កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុច​ចំ​ក​ណ្ត​ល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន​ និង​អា​មេ​រិ​ក​ គឺជា​ព័ត៌មាន​ក្លែង ក្លាយ​ និង​លាប​ពណ៌​ ញុះញង់​ធ្វើ​អោយ​ប៉ះពាល់​ដល់​កេ​ត្យា​នុ​ភាព​វិស័យ​យោធា​ និង​ អព្យាក្រឹត​អចិន្ត្រៃយ៍​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image