ភ្នំពេញ ៖ ក្រសួងធនធានទឹក ប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពុជាកំពុងទទួលរងឥទ្ធិពលពីកូនព្យុះទី២៧ ដែលនឹងបង្កឲ្យរាជធានី-ខេត្ដមួយចំនួន មានភ្លៀង រួមនឹងខ្យលបក់បោកខ្លាំង ហើយខេត្ដចំនួនពីរ ប្រឈមជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធានទឹក ផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា។
កូនព្យុះទី២៧នេះ មានឈ្មោះថា ភូរ៉ាហ្ស៊ី (TORAJI) មានប្រភពនៅសមុទ្រចិនខាងត្បូង ហើយបានធ្វើដំណើរមកដល់ក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម នឹងបានតែកំពុងជះឥទ្ធិពលមកប្រទេសកម្ពុជា ចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា។
អំឡុងរយៈពេលបីថ្ងៃនេះ តំបន់មាត់សមុទ្រ នឹងមានភ្លៀង រួមជាមួយខ្យល់បកបោកខ្លាំង បង្កបានជារលកសមុទ្រខ្ពស់ៗ ដែលប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ គួរតែជៀសវាងការធ្វើដំណើរ។ ចំណែក ខេត្ដកំពត តាកែវ និងខេត្ដកំពង់ស្ពឺ អាចមានភ្លៀងធ្លាក់ខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀង។ ដោយឡែក រាជធានីភ្នំពេញ ខេត្ដត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ឆ្នាំង អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំជាមួយខ្យល់បក់បោកក្នុងល្បឿនពី ៧ ទៅ ៩ ម៉ែត្រ ក្នុងមួយវិនាទី។ រីឯបណ្ដាខេត្ដដទៃទៀត អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច អំឡុងប៉ុន្មានថ្ងៃនេះ ដើម្បីបង្កា និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។ យ៉ាងណាក្រសួង អះអាងខ្លួនកំពុងតែតាមដានយ៉ាងយកចិត្ដទុកលើបាតុភូតធម្មជាតិនេះ ហើយផ្សព្វផ្សាយបន្ថែមក្នុងករណីមានការប្រែប្រួល៕