ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គម យល់ថា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម គួរតែធ្វើការស្ទង់មតិ ពីការងាររបស់មន្ដ្រីខ្លួន និងតម្លៃសេវា ក្នុងការធ្វើលិខិតឆ្លងដែន។ ការលើកឡើងបែបនេះ បន្ទាប់ពីមានការសង្កេតឃើញថា មានរឿងអាស្រូវជាមួយចំនួនបានលេចធ្លាយជាបន្ដបន្ទាប់ ពីការបំពេញការងាររបស់មន្ដ្រីអត្ដសញ្ញាណកម្ម។
លោក លៀ ស៊ីណា រាយការណ៍ ៖
ជារឿយៗរឿងអាស្រូវរបស់មន្ដ្រីដែលបម្រើការងារ នៅអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម តែងតែត្រូវបានលេចធ្លាយជាបន្ដបន្ទាប់។ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅ មានករណីមន្ដ្រីអត្ដសញ្ញាណកម្មមួយរូប បដិសេធមិនទទួលយករូបបិយប័ណ្ណប្រាក់រៀល ពីពលរដ្ឋដែលទៅធ្វើលិខិតឆ្លងដែន។ ក្រោយពីមានការចែកចាយបន្ដគ្នា នឹងមានការរិះគន់ចំពោះទង្វើនេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានសម្រេចមន្ដ្រីរូបនោះ ចេញពីទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនប្រចាំផ្សារអ៊ីអនម៉ល ខណ្ឌសែនសុខ មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បីត្រួតពិនិត្យ និងពិចារណាអំពីគោលការណ៍វិន័យរបស់អង្គភាព។ តែយ៉ាងណាមិនមែនមានតែករណីនេះមួយទេ កន្លងមកក៏ធ្លាប់មានករណីមន្ដ្រីអត្ដសញ្ញាកម្ម អង្គុយចុចទូរស័ព្ទ លេងហ្វេសប៊ុក ហើយត្រូវបានពលរដ្ឋដែលទៅធ្វើលិខិតឆ្លងដែនថតបង្ហោះ។
ទាក់ទិនបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមគិតថា វាហាក់ជារឿងច្រំដែល នៃអាកប្បកិរិយារបស់មន្ដ្រី នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម។ ដើម្បីទប់ស្កាត់ការកើតឡើងបែបនេះបន្ដទៀត អ្នកតាមបញ្ហាសង្គមយល់ថា អគ្គនាយកដ្ឋាអត្ដសញ្ញាណកម្ម គួរតែធ្វើការវាយតម្លៃ ពីការបំពេញការងារមន្ដ្រីរបស់ខ្លួនឡើងវិញ។
លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម គួរតែមានការពិនិត្យមើលឡើងវិញ ពីនីតិវិធី នៃការបំពេញការងាររបស់ខ្លួន។ លោកចង់ឲ្យមានការស្ទង់មតិទៅលើការផ្ដល់សេវាសព្វថ្ងៃ និងការពិនិត្យមើលឡើងវិញ ពីតម្លៃសេវា ទៅលើការធ្វើលិខិតឆ្លងដែរ តម្លៃ ១០០ដុល្លារ រយៈពេល ២០ថ្ងៃ ប្រៀបធៀបទៅនឹងប្រទេសជិតខាងកម្ពុជា ៖«អញ្ចឹងបើសិនជាមានការវាយតម្លៃទៅលើរឿងពីរហ្នឹង ខ្ញុំគិតថា អាចនឹងដឹងថា តើតម្រូវការរបស់ប្រជាពលរដ្ឋទាក់ទងនឹងអ្វីដែលគេហៅថា ជាអ្វីដែលត្រូវកែលម្អ»។
បន្ថែមលើនេះលោក សន ជ័យ មើលឃើញថា ក្រសួងមហាផ្ទៃ ក៏គួរតែកែប្រែតារាងតម្លៃសេវា ដោយសរសេរទាំងចំនួនទឹកប្រាក់ដុល្លារ និងប្រាក់រៀល ដែលលោកគិតថា វាល្អជាងការដាក់តែចំនួនទឹកប្រាក់ដុល្លារ។ ក្រៅពីចំណុចនេះ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា ការដាក់បម្រាមហាមថតរូបនៅកន្លែងធ្វើលិខិតឆ្លងដែន ហាក់មិនសមគួរនោះទេ ពីព្រោះវាបានដើរផ្ទុយពីគោលនយោបាយសេវាសាធារណៈ ៖«ខ្ញុំឃើញតាំងពីដើមទីមកម្លេះការដាក់បម្រាមហាមថតរូប ហាមអីនៅកន្លែងផ្ដល់សេវា វាគឺជាការដើរផ្ទុយពីគោលនយោបាយស្ដីពីសេវាសាធារណៈ។ គោលនយោបាយហ្នឹងបាននិយាយថា ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអ្នកទទួលសេវា រិះគន់ដើម្បីកែលម្អទៅលឥរិយាបថរបស់អ្នកផ្ដល់សេវា។ ប៉ុន្ដែបែរជាឃើញបម្រាមហ្នឹងទៅវិញ អញ្ចឹងបានន័យថា កន្លែងនោះមិនឲ្យរិះគន់ទេ។ មិនឲ្យរិះគន់មានន័យថា ម៉េច មានន័យថា អ្នកឯងដើរខុសពីគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈហើយ»។
នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា អះអាងថា ការបំពេញការងាររបស់មន្ដ្រីផ្ដល់សេវា នៃអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នឹងបានល្អប្រសើរ ហើយប្រជាពលរដ្ឋ នឹងរីករាយចំពោះរាជរដ្ឋាភិបាល បើសិនជាមានការស្ទង់មតិលើការបំពេញការងាររបស់មន្ដ្រី និងតម្លៃសេវា ក្នុងធ្វើលិខិតឆ្លងដែននេះ។
សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយដ្ឋានអត្ដសញ្ញាណកម្ម បានអះអាងថា រូបបិយ័ណ្ណប្រាក់រៀលដែលជារូបិយប័ណ្ណជាតិ មិនអាចត្រូវបានបដិសេធមិនទទួលយកក្នុងការផ្ដល់សេវាណាមួយរបស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មឡើយ។ អគ្គនាយកដ្ឋានសង្កត់ធ្ងន់ថា រាល់ការបដិសេធមិនទទួលយកប្រាក់រៀលក្នុងការស្នើសុំសេវាខាងលើ គឺជាកំហុសរបស់មន្ដ្រីទទួលបន្ទុកផ្ដល់សេវា៕