ភ្នំពេញ៖ សហភាពអឺរ៉ុប(EU) និងអង្គការសហប្រជាជាតិ(UN) ដែលជាម្ចាស់ជំនួយស្នូលដល់ សាលាក្តីខ្មែរក្រហម បានសាទរចំពោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) សម្រេចផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២ វគ្គ ០២។
អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ខៀវ សំផន មានវ័យ ៨៧ ឆ្នំា និង អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា មានវ័យ ៩២ ឆ្នំា ត្រូវបានសាលាក្តីខ្មែរក្រហមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតជាលើកទី២ ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ និងការបំពានយ៉ាងធ្ងន់ធរលើអនុញ្ញាទីក្រុងហ្សឺណែវ ឆ្នំា ១៩៤៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានចាត់ទុកថា ការសម្រេចផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន ជាការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែល បានប្រព្រឹត្តក្នុងរបបខ្មែរក្រហមនៅចន្លោះឆ្នំា ១៩៧៥ ដល់ ១៩៧៩។
សេចក្តីថ្លែងការណ៍បន្តថា សហភាពអឺរ៉ុបបានផ្តល់ជំនួយជាង ៧៦ លានអឺរ៉ូ ដើម្បីគំាទ្រអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ខៀវ សំផន និង នួន ជា កាលពីថ្ងៃទី ២៣ វិច្ឆិកា ឆ្នំា ២០១៦ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ម្តងរួចទៅហើយ ក្នុងសំណុំរឿង ០០២ វគ្គ ០១ ពីបទឧក្រិដ្ឋកម្មប្រឆំាងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។
អង្គការសហប្រជាជាតិ(UN) ឱ្យដឹងក្នុងសេចក្តីថ្លែងការថា ការសម្រេចផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហម នួន ជា និង ខៀវ សំផន បានបង្ហាញយ៉ាងច្បាស់ថា យុត្តិធម៌ពិតជាមាន ហើយនិទណ្ឌភាពមិនគួរមានទេ។ នេះបើតាមលោក Adama Dieng ទីប្រឹក្សាពិសេសស្តីពី ការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៃអង្គការសហប្រជាជាតិ។
លោក Adama Dieng សម្តែងការគំាទ្រ និងសាមគ្គីភាពជាមួយជនរងគ្រោះក្នុងរបបខ្មែរក្រហមដោយលោកសង្ឃឹមថា ការផ្តន្ទាទោសអតីតមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមទំាំងពីររូបនេះនឹងជួយឱ្យធូរស្រាលផ្លូវចិត្ត។
អតីតមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសម្លាប់រង្គាលជនជាតិចាម ជនជាតិវៀតណាមនៅអំឡុងខែ មេសា ឆ្នំា ១៩៧៥ និង អំឡុងខែ មករា ឆ្នំា ១៩៧៩។
ចំពោះសហភាពអឺរ៉ុប បង្ហាញជំហរថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយកម្ពុជាពាក់ព័ន្ធលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នីតិរដ្ឋ ហើយក៏គំាទ្រដល់អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ក្នុងរបបខ្មែរក្រហមរយៈពេល ៣ ឆ្នំា ៨ ខែ ២០ ថ្ងៃ បានសម្លាប់មនុស្សជាង ១,៧ លាន នាក់។
ក្រៅពីអតីតមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមពីររូបនេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម បានផ្តន្ទាទោសនិងឃុំខ្លួនអស់មួយជីវិត កំាង ហ្គេចអ៊ាវ ហៅ ឌុន អតីតប្រធានមន្ទីរស ២១ ក្នុងសំណុំរឿង០០១។ ដោយឡែក អៀង សារី និង អៀង ធីរិទ្ធ បានស្លាប់ដោយរោគាពាធក្នុងពេលដំណើរការកាត់ក្តីនៅឆ្នំា ២០១៥៕