ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ឆ្នាំ២០១៨នេះ កំណើនជនពិការ គឺមានកើនឡើងខ្ពស់ ដែលបានចូលបម្រើការងារទាំងស្ថាប័នរដ្ឋ និងឯកជន។ យ៉ាងណារដ្ឋលេខាធិការក្រសួងសង្គមកិច្ច នៅតែជំរុញ និងលើកទឹកចិត្ដគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បង្កើនថែមទៀត ការទទួលយកបុគ្គលិកជាជនពិការ។
លោក លៀ ស៊ីណា ជូនសេចក្ដីរាយការណ៍ ៖
រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា លោក សែម សុខា មានប្រសាសន៍កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា ចំនួនជនពិការ គឺបានកើនឡើងខ្ពស់នៅឆ្នាំ២០១៨នេះ ដែលបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។ ប្រសាសន៍របស់លោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយលើការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ ដល់ខណ្ឌទាំង១២ និងបណ្ដាវិស័យឯកជន ស្ថិតនៅរាជធានីភ្នំពេញ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្ដនូវច្បាប់ស្ដីពីការកំណត់អត្រាជនពិការ ឲ្យចូលបម្រើការងារ និងលើកទឹកចិត្ដទាំងវិស័យរដ្ឋ និងឯកជន ឲ្យជ្រើសរើសជនពិការចូលបម្រើការងារ។ តាមរយៈច្បាប់នេះ លទ្ធផលបានបង្ហាញឲ្យឃើញថា ក្រសួងស្ថាប័នរដ្ឋ ចំនួន ៤០ បានទទួលជនពិការចំនួន ២៨៣៩នាក់ ហើយមាន ៧៣០នាក់ជាស្ដ្រី។ ក្នុងចំណោមជនពិការជាង ២ពាន់នាក់នេះ មាន ១៤៧៨នាក់ ជាជនពិការកម្រិតធ្ងន់។
បន្ថែមពីនេះលោក សែម សុខា បន្ដថា សម្រាប់វិស័យឯក ដែលមានដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ក៏មានការកើនឡើងដែរ ដែលក្រសួងបានសាកល្បងលើវិស័យទាំងនោះនៅភ្នំពេញ ខេត្ដកណ្ដាល និងខេត្ដសៀមរាម លើអង្គភាពចំនួន ៧៧។ ជាលទ្ធផលវិស័យឯកជនទាំងនោះបានទទួលជនពិការចំនួន ៣០៥៥នាក់ ហើយមាន ១៩៤៧នាក់ជាស្ដ្រី។ លើសពីនេះក្នុងចំណោមជនពិការទាំង ៣០៥៥នាក់នេះ មានជនពិការកម្រិតធ្ងន់ចំនួន ៤២០នាក់។ នៅក្នុងឆ្នាំ២០១៨នេះ ជនពិការដែលបានចូលបម្រើការងារទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន សរុបមានចំនួន ៥៨៦៨នាក់។
រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច បញ្ជាក់ថា កន្លងមកក្រសួងបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ដតួនាទី និងភារកិច្ច ដើម្បីដោះស្រាយបញ្ហាជូនជនពិការប្រកបដោយប្រសិទ្ធភាព ជំរុញឲ្យសង្គមមួយដែលគ្មានឧបសគ្គសម្រាប់ជនពិការ ហើយជនពិការអាចរស់នៅដោយស្មើរភាព និងគ្មានការរើសអើង ដូចប្រជាពលរដ្ឋទូលទៅ។
យ៉ាងណាសម្ដេច ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល តែងតែអំពាវនាវជារឿយៗចំពោះការផ្ដល់ឱកាសឲ្យជនពិការបានចូលបម្រើការងារក្នុងវិស័យផ្សេងៗទាំងរដ្ឋ និងឯកជន។ កាលពីពេលថ្មីៗកន្លងទៅលោកក៏បានអំពាវនាវដល់ថែមទៀត ដល់គ្រប់ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំឲ្យមានលក្ខណៈងាយស្រួល នៅក្នុងការចេញចូល នៅទីកន្លែងសាធារណៈ សម្រាប់ជនពិការ ដែលមានដូចជា ត្រូវរៀបចំឲ្យមានចំណតយានយន្ដពិសេសសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានានៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ដ គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មជ្ឈមណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងការបង្កើនការយកចិត្ដទុកដាក់គិតគូអំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះសម្ដេច អំពាវនាវឲ្យមានការបំផុសលើកទឹកចិត្ដ ដល់ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភដល់ជនពិការ។
ក្រៅពីការអំពាវនាវទាំងនេះ សម្ដេច ហ៊ុន សែន ក៏បានបង្កើត វិទ្យាស្ថានអប់រំពិសេស ដើម្បីជំរុញលើការសិក្សារបស់ជនពិការ ការបង្រៀន និងការបណ្ដុះបណ្ដាលគរុសិស្ស និស្សិតពិការ លើជំនាញអប់រំ សិស្សមានពិការភាពផងដែរ។
លោក សែម សុខា បានអំពាវនាវ ឲ្យគ្រប់អង្គភាពទាំងស្ថាប័នរដ្ឋ វិស័យឯកជននានា ចូលរួមថែមទៀតក្នុងការផ្ដល់ឱកាស សម្រាប់ជនពិការបានចូលបម្រើការងារ ដើម្បីរួមគ្នាក្នុងការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ៕