ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយជិត ៤លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ សម្រាប់បន្ដបេសកកម្មក្នុងការបោសសម្អាតផ្ទៃដីដែលមានមីន និងអភិវឌ្ឍន៍អង្គភាពស៊ីម៉ាក់។ នេះបើយោតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកអង្គភាពស៊ីម៉ាក់ លោក ហេង រតនា ផ្សព្វផ្សាយកាលពីថ្ងៃទី១៦ វិច្ឆិកា។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានបញ្ជាក់ថា ថវិការជិត ៤លានដុល្លារ ដែលជប៉ុនផ្ដល់មកនេះ ត្រូវបានបែងចែកជាពីរ។ ទី១ ថវិកាចំនួន ៣លាន ៥សែន ៣ម៉ឺន ៦ពាន់ ៦៨០ដុល្លារ (៣៥៣៦៦៨០ដុល្លារ) គឺសម្រាប់គាំទ្រកិច្ចប្រតិបត្ដិការបោសសម្អាតមីន និងទី២ ថវិកាចំនួនជាង ៣០ម៉ឺនដុល្លារ គឺសម្រាប់ការអភិវឌ្ឍអង្គភាពស៊ីម៉ាក់ នៅទិសខេត្ដបាត់ដំបង ក្រោយគម្រោងសមាហរកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការ។
ទឹកប្រាក់ដែលផ្ដល់មកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានេះ គឺមានរយៈពេល ១២ខែ ដោយចាប់ផ្ដើមពីដើមខែមករា ដល់ខែចុងខែធ្នូ ឆ្នាំ២០១៩។ ចំពោះគម្រោងសមាហរកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន គឺបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មកម្លេះ។ លោក ហេង រតនា ឲ្យដឹងទៀតថា ជាមួយគម្រោងនេះមានមន្ដ្រីជំនាញជាង ៤៥០នាក់ និងមានគ្រឿងចក្រកម្ទេចមីនចំនួន ១១គ្រឿង។ គម្រោងនេះមានសមត្ថភាពរំដោះផ្ទៃដី នៃចំការមីនជាង ២៧៥០ហិចតា។ ទន្ទឹមនឹងនេះក៏មានជួយជីកស្រះទឹក ធ្វើផ្លូវលំជនបទផងដែរ ដើម្បីជួយការងារអភិវឌ្ឍជូនសហគមន៍ ហើយគម្រោងនេះត្រូវអនុវត្ដដោយអង្គភាពស៊ីម៉ាក់ ដោយមានភ្នាក់ងារជប៉ុន JICS (Japan International Consultant System) ត្រួតពិនិត្យគុណភាព។
គួររំឮកថា តាមរយៈបទសម្ភាសជាមួយវិទ្យុស្ដ្រី កាលពីដើមខែសីហាកន្លងទៅនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានប្រសាសន៍ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលទម្លាក់ពីយន្ដហោះភាគច្រើនត្រូវបានទម្លាក់នៅខេត្ដភាគកើត និងខាងត្បូងកម្ពុជា ដែលមានដូចជាខេត្ដកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្ដកណ្ដាល ។ ដោយឡែកគ្រាប់ដែលបន្សល់ទុកពីសម័យសង្គ្រាម គឺមានរាយប៉ាយច្រើនៅតាមខេត្ដជាប់ព្រំដែន។
រយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គភាព ស៊ីម៉ាក់ ដែលជាស្ថាប័នជាតិក្នុងការដោះមីន បានបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះគ្រប់ប្រភេទបានចំនួន ២លាន ៧សែនគ្រាប់ ដែលស្មើប្រមាណ ៧២ភាគរយ នៃលទ្ធផលសរុបនៅទូទាំងប្រទេស។ អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា ផ្ទៃដីដែលមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ មានប្រមាណជិត ២០០០គីឡូម៉ែត្រក្រឡា៕