បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថាប្រព័ន្ធអប់រំនៅកម្ពុជា មានគុណភាពអប់រំខ្សោយជាទីបំផុត ហើយនិស្សិតចេញពីសាលាអត់ការងារធ្វើ និងសញ្ញាបត្រនៅស្រុកខ្មែរមិនសូវមានតម្លៃនោះ លោក ហ៊ុន សែន ថាការលើកឡើងនោះជាការបន្ថោកដល់ការខិតខំសិក្សារបស់សិស្សានុសិស្ស និងកាន់តែធ្វើឱ្យសិស្សនិស្សិតធ្លាក់ទឹកចិត្តមិនខំប្រឹងសិក្សា។
នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា ការលើកឡើងនោះ ជាការនិយាយបែបវាយប្រហារកេងចំណេញនយោបាយ ដោយបុគ្គលដែលតាំងខ្លួនជាអ្នកចេះដឹងខ្លាំងមួយចំនួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចោទសួរទៅវិញដែរថា ឬមួយក៏ពួកគេចង់ឱ្យយុវជន សិស្សនិស្សិតកុំរៀន ហើយរង់ចាំទាល់តែក្រុមខ្លួនបានជាប់ឆ្នោតសិន ទើបសញ្ញាបត្រមានតម្លៃ។
ទាក់ទងនឹងការឆ្លើយឆ្លងគ្នាដោយប្រយោលរវាងអ្នកនយោបាយខ្មែរ ពាក់ព័ន្ធនឹងគុណភាពអប់រំនៅកម្ពុជានេះ លោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក យល់ថា ការលើកឡើងថាសញ្ញាបត្រគ្មានតម្លៃ គឺជាការលើកឡើងឆ្លុះបញ្ចាំងតែមួយជ្រុង ទោះបីជាការអប់រំតាមបណ្តាមហាវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួននៅមានចំណុចខ្វះខាត តែកន្លងមក និស្សិតកម្ពុជាក៏បានប្រឡងជាប់ ហើយបានទៅសិក្សានៅក្រៅប្រទេសដែរ។
លោក បន្ថែមថា ការលើកឡើងបែបនេះ មិនមែនជាការបំបាត់ទឹកចិត្តទាំងស្រុងរបស់សិស្សានុសិស្សនោះដែរ ព្រោះជាការរិះគន់នូវចំណុចខ្វះខាត។ «ក្នុងនាមជាអ្នកចូលរួមដើម្បីស្ថាបនា យើងចង់ឱ្យអ្នកនយោបាយក្តី ឬក៏សង្គមស៊ីវិលក្តីហ្នឹង លើកឡើងឱ្យមានតុល្យភាព ធ្វើម៉េចឱ្យអ្វីដែលធ្វើបានអនុវត្តល្អ ត្រូវលើកទឹកចិត្ត ហើយអ្វីដែលខ្វះខាតត្រូវបានបំពេញបន្ថែម»។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែតុលា នាឱកាសប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០១៥ នៅសាលាបច្ចេកវិទ្យាកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ក៏បានប្រតិកម្មនឹងលោក សម រង្ស៊ី ដែរ ដោយលោកថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺមិនបានមើលទៅលើបញ្ហាដែលកើតឡើងក្នុងសង្គមកម្ពុជា៕