ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងសំឡឹកមើលពីឱកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងការធ្វើពាណិជ្ជកម្មឆ្លងដែន។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ឱ្យដឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចអាចជួយគាំទ្រដល់សហគ្រាសខ្នាតតូច និងជម្រុញសហគ្រិនភាព។
បើតាមសេចក្តីជូនប្រកាសព័ត៌មានរបស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងក្រុមហ៊ុនឯកជន បានជួបជុំគ្នា ដើម្បីពិភាក្សាពីសក្តានុពលការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចនិង ការធ្វើពាណិជ្ជកម្មឆ្លងដែន នៅក្នុងវេទិកាភ្ជាប់ទំនាក់ទំនងកម្ពុជា នៅរាជធានីភ្នំពេញ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងនៅក្នុងវេទិកានោះថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបង្កើតនូវប្រព័ន្ធដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគទុន ដោយរាជរដ្ឋាភិបាលបានបង្កើតកក្រុមប្រឹក្សាភស្តុភារកម្មក្នុងគោលបំណងធ្វើឱ្យលំហូរនៃការនាំចេញកាន់តែមានប្រសិទ្ធភាព។
នៅក្នុងវេទិកាភ្ជាប់ទំនាក់ទំនងកម្ពុជា ធ្វើឡើងស្របពេលកម្ពុជាកំពុងត្រៀមខ្លួនក្លាយជាភាគីមួយនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់អាស៊ាន។
លោកស្រី Pauline Tamesis តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា តាមរយៈគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នឹងអាចជួយគាំទ្រដល់សកម្មភាពផលិតកម្ម បង្កើតការងារសមរម្យ ជម្រុញសហគ្រិនភាព ភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសហគ្រាសខ្នាតតូច និងមធ្យមត្រៀមខ្លួនជាមុន។
លោកស្រី បន្ថែមថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនឹងផ្តល់ការងារសមរម្យ និងពេលវេលាច្រើនជាងមុនដល់ស្ត្រី។
ជាមួយគ្នានេះ លោក Nick Beresfod នាយកប្រចាំប្រទេសកម្ពុជារបស់UNDP ឱ្យដឹងថា កម្ពុជាបើកចំហចំពោះអាជីវកម្មនានា។លោកថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីកែលម្អនីតិវិធីឆ្លងដែនរបស់ខ្លួន។ លោក Beresfod អះអាងថា UNDP បានត្រៀមខ្លួន និងមានបំណងគាំទ្រដល់ការបន្តកិច្ចខិតខំប្រឹងប្រែងនាំអ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា៕