ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ ធានាពីការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខណៈអំពាវនាវឲ្យពលរដ្ឋមកចូលរួមឲ្យបានច្រើន។ មន្ដ្រីនាំពាក្យ បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ក្រោមឆ័ត្រសន្ដិភាព រដ្ឋបាលរាជធានី បានរៀបចំរចនា ការតាំងលម្អ ដងវិថី និងកន្លែងសំខាន់ៗមួយចំនួន កាន់តែល្អជាងឆ្នាំមុន។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។
លោក លៀ ស៊ីណា រាយការណ៍ ៖
រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា អំឡុង នៃថ្ងៃព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ សាលារាជធានីបានត្រៀមកងកម្លាំង ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជាស្រេចហើយ ដើម្បីបង្កាបញ្ហាអសន្ដិសុខ និងអសណ្ដាប់មួយចំនួន។ មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយអំពាវនាវសូមឲ្យពលរដ្ឋកុំមានការបារម្ភពីសុខសន្ដិសុខ សុវត្ថិភាព ហើយចូលរួមដោយរីករាយ ក្នុងព្រះរាជពិធីបុណ្យនេះ ដើម្បីចូលរួមអបអរ ពីធីបុណ្យប្រពៃណីជាតិ និងសុខសន្ដិភាព របស់ប្រទេស។
អំឡុងព្រះរាជធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ សាលារាជធានីភ្នំពេញ បានត្រៀមបង្គន់អនាម័យចល័តជាច្រើនផងដែរ ដោយមានរំពឹងថា នឹងមានប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យនេះច្រើនជាងឆ្នាំមុន ៖«ជាមួយគ្នាពីការគិតគូអំពីសុវត្ថិភាព ការគិតគូធ្វើម៉េចឲ្យកម្មវិធីរបស់យើងហ្នឹងមានភាពសប្បាយរីករាយ បញ្ហាអនាម័យនេះក៏ជាចំណែកមួយដែរ ហើយជារឿងធំ។បង្គន់អនាម័យ យើងបានរៀបចំច្រើន ទាំងបង្គន់ស្រាប់ គឺបង្គន់ថ្មដែលនៅតាមសួនច្បារ ដែលយើងឃើញថា មានស្រាប់ហើយហ្នឹង ថែមទាំងដាក់បំពាក់នូវបង្គន់ចល័ត ហើយបង្គន់នៅនឹងបង្គន់នៅកន្លែងដែលកីឡាករស្នាក់នៅច្រើនរយបង្គន់»។
បន្ថែមពីនេះ រដ្ឋបាលរាជធានី ក៏បានសហការជាមួយមន្ដ្រីពាក់ព័ន្ធ និងក្រុមហ៊ុន ស៊ីនទ្រី ដែលមានគ្នាប្រមាណជា ១ពាន់នាក់ នៅក្នុងការត្រៀមប្រមូលសំរាម ដើម្បីរក្សាសោភ័ណភាពទីក្រុង។ លើសពីនេះមន្ដ្រីនាំពាក្យបន្ដថា រដ្ឋបាលរាជធានី បានដាក់កញ្ឆេសំរាមចំនួនជាង ១ពាន់ ក៏ដូចជាធុងសំរាមជាង ៧០០ធុងផងដែរ នៅតាមទីតាំងផ្សេងដើម្បីឲ្យប្រជាពលរដ្ឋចោលសំរាមនៅទីនោះ ៖«សំរាមក៏ដូចគ្នាដែរ កញ្ឆេសំរាមប្រមាណជា ១ពាន់កញ្ឆេ ធុងសំរាមប្រហែលជា ៦ ទៅ ៧រយធុងទៀត ជាមួយនឹងកម្លាំងក៏ដូចជាមធ្យោបាយផ្សេងៗ។ មានទាំងកម្លាំងបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ទាំងមន្ទីរសាធារណការ មន្ទីរបរិស្ថាន ក៏ដូចជាសង្កាត់ ខណ្ឌអីចូលរួមមិនក្រោយម ១ពាន់នាក់ទេ ក្នុងការរៀបចំប្រមូលកើបសំរាប រយៈពេល ៣ថ្ងៃ ទាំងយប់ទាំងថ្ងៃ»។
លោក ម៉េត មាសភក្ដី បញ្ជាក់ថា នៅឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកយុវជនឆ្នើមដែលមានភាពច្នៃប្រឌិតខ្ពស់ មករចនាខ្លោងទ្វារដាក់កាត់ទទឹងផ្លូវ និងកន្លែងមួយចំនួន ដែលសាលារាជធានី រំពឹងថា នឹងមានការប្រមូលផ្ដុំប្រជាពលរដ្ឋច្រើន។ បន្ថែមពីនេះ នៅក្នុងពេលរាត្រី នឹងមានការដាក់តាំងចង្កៀងគោម តាមដងវិថី ដើម្បីលើកសម្រស់នាពេលរាត្រីថែមទៀត។
បន្ថែមពីនេះមន្ដ្រីនាំពាក្យ ក៏ប្រាប់ដែរថា នឹងមានការបិទដងវិថីមួយចំនួន រួមទាំងការរៀបចំពង្វាងផ្លូវផងដែរ ដើម្បីសម្រួល និងធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរណ៍កើតឡើង ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ។ តំបន់ដែលត្រូវធ្វើការហាមឃាត់ គឺមហាវិថីព្រះនរោត្ដម ឡើងទៅមាត់ទន្លេ ព្រោះអាជ្ញាធរ គិតថា នឹងមានប្រជាពលរដ្ឋចូលរួមច្រើននៅទីនោះ។ ដោយឡែកការបញ្ចៀសចរាចរណ៍ ផ្លូវជាតិចេញចូលរាជធានីភ្នំពេញ ទាំង ៦ច្រកហ្នឹង ក៏មានការកំណត់ដែរ ៖« ឧទាហរណ៍ដូចថា នៅផ្លូវជាតិលេខ១ អញ្ចឹងឡានធំឡានអីហ្នឹងត្រូវពង្វាងត្រឹម tiger ។ ចំណែកតាក់ស៊ី អីហ្នឹង គាត់អាចចូលមកជិតដល់ច្បារអំពៅអញ្ចឹង យើងមានកន្លែងសម្រាប់គាត់ចូលចតរថយន្ដឈ្នួល ដែលដឹកបង្អូនប្រជាពលរដ្ឋរបស់យើងមកពីតាមបណ្ដាលខេត្ដផ្សេងៗ អញ្ចឹងគឺមានតែរថយន្ដទេសចរណ៍ទេដែលអាចចូលមកដល់កណ្ដាលរាជធានីភ្នំពេញកណ្ដាលក្រុងតែម្ដង។ អញ្ចឹងការគិតគូនេះ គឺដើម្បីឲ្យបានសប្បាយហើយជៀសពីការកកស្ទះចរាចរណ៍ផង។ ជាក់ស្ដែងដូចជាស្ពានជ្រោយចង្វារក៏ដូចគ្នាដែរ ប្រហែលជាយើងគ្រោងនឹងអាចឲ្យពង្វាងឆ្លងកាត់ស្ពានតែមួយទិសទេពីភ្នំពេញចេញទៅ បើក្នុងករណីចរាចរណ៍ស្ទះខ្លាំង។ ដោយឡែកសម្រាប់អ្នកដែលចូលភ្នំពេញវិញ គឺគាត់អាចចូលតាមស្ពានម៉ាឡេ»។
មន្ដ្រីនាំពាក្យ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវ រាល់ការធ្វើដំណើរត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច។ សម្រាប់ តាក់ស៊ីលោកស្នើឲ្យដាក់មនុស្សកុំលើសចំណុះ ទាំងមក និងត្រឡប់ទៅវិញ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានី លោកអំពាវនាវឲ្យមានការយកចិត្ដទុកដាក់ខ្ពស់ ទាំងភ្លើងចង្ក្រាន ភ្លើងធូប កំប៉ុងហ្គាស់ និងភ្លើងអគ្គិសនីជាដើម។ លោកសង្កត់ធ្ងន់ថា បើទោះជាសាលារាជធានីភ្នំពេញ បានត្រៀមកងកម្លាំងជាច្រើនហើយក៏ដោយ ក៏ប៉ុន្ដែគ្មានអ្វីដែលប្រសើរជាងការ បង្ការ ប្រុងប្រយ័ត្នជាមុននោះទេ។ មន្ដ្រីនាំពាក្យក៏សំណូមពរផងដែរ ដល់ប្រជាពលរដ្ឋដែលមកចូលរួមពិធីបុណ្យនេះ ធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាក្នុងការរក្សាអនាម័យ ដើម្បីសោភ័ណភាពទីក្រុង៕