en     km
en     km

សាលា​រាជធានី​ភ្នំពេញ​ ធានា​ពី​ការ​រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​

Share

​ភ្នំពេញ​ ៖​ សាលា​រាជធានី​ភ្នំពេញ​ ធានា​ពី​ការ​រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ខណៈ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ចូលរួម​ឲ្យ​បាន​ច្រើន​។​ មន្ដ្រី​នាំពាក្យ​ បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៨​នេះ​ ក្រោម​ឆ័​ត្រ​សន្ដិភាព​ រដ្ឋបាល​រាជធានី​ បាន​រៀបចំ​រចនា​ ការ​តាំង​លម្អ​ ដង​វិ​ថី​ និង​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ កាន់តែ​ល្អ​ជាង​ឆ្នាំ​មុន​។​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ឆ្នាំ​២០១៨​នេះ​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​អះអាង​ថា​ អំឡុង​ នៃ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ សាលា​រាជធានី​បាន​ត្រៀម​កងកម្លាំង​ ការពារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជា​ស្រេច​ហើយ​ ដើម្បី​បង្កា​បញ្ហា​អសន្ដិសុខ​ និង​អ​សណ្ដាប់​មួយ​ចំនួន​។​ មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត​ មាស​ភក្ដី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ដោយ​អំពាវនាវ​សូម​ឲ្យ​ពលរដ្ឋ​កុំ​មានការ​បារម្ភ​ពី​សុខ​សន្ដិសុខ​ សុវត្ថិភាព​ ហើយ​ចូលរួម​ដោយ​រីករាយ​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​នេះ​ ដើម្បី​ចូលរួម​អបអរ​ ពី​ធី​បុណ្យប្រពៃណី​ជាតិ​ និង​សុខ​សន្ដិភាព​ របស់​ប្រទេស​។​

​អំឡុង​ព្រះរាជ​ធី​បុណ្យអុំទូក​ រយៈពេល​៣​ថ្ងៃនេះ​ សាលា​រាជធានី​ភ្នំពេញ​ បាន​ត្រៀម​បង្គន់​អនាម័យ​ចល័ត​ជា​ច្រើន​ផង​ដែរ​ ដោយ​មាន​រំពឹង​ថា​ នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ច្រើន​ជាង​ឆ្នាំ​មុន​ ៖«​ជាមួយ​គ្នា​ពី​ការ​គិតគូ​អំពី​សុវត្ថិភាព​ ការ​គិតគូ​ធ្វើ​ម៉េច​ឲ្យ​កម្មវិធី​របស់​យើង​ហ្នឹង​មាន​ភាព​សប្បាយ​រីករាយ​ បញ្ហា​អនាម័យ​នេះ​ក៏​ជា​ចំណែក​មួយ​ដែរ​ ហើយ​ជា​រឿង​ធំ​។​បង្គន់​អនាម័យ​ យើង​បាន​រៀបចំ​ច្រើន​ ទាំង​បង្គន់​ស្រាប់​ គឺ​បង្គន់​ថ្ម​ដែល​នៅ​តាម​សួនច្បារ​ ដែល​យើង​ឃើញ​ថា​ មាន​ស្រាប់​ហើយ​ហ្នឹង​ ថែម​ទាំង​ដាក់​បំពាក់​នូវ​បង្គន់​ចល័ត​ ហើយ​បង្គន់​នៅ​នឹង​បង្គន់​នៅ​កន្លែង​ដែល​កីឡាករ​ស្នាក់​នៅ​ច្រើន​រយ​បង្គន់​»​។​

​បន្ថែម​ពី​នេះ​ រដ្ឋបាល​រាជធានី​ ក៏​បាន​សហការ​ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​ និង​ក្រុមហ៊ុន​ ស៊ី​ន​ទ្រី​ ដែល​មាន​គ្នា​ប្រមាណ​ជា​ ១​ពាន់​នាក់​ នៅ​ក្នុង​ការ​ត្រៀម​ប្រមូល​សំរាម​ ដើម្បី​រក្សា​សោភ័ណ​ភាព​ទីក្រុង​។​ លើស​ពី​នេះ​មន្ដ្រី​នាំពាក្យ​បន្ដ​ថា​ រដ្ឋបាល​រាជធានី​ បាន​ដាក់​កញ្ឆេ​សំរាម​ចំនួន​ជាង​ ១​ពាន់​ ក៏​ដូច​ជា​ធុងសំរាម​ជាង​ ៧០០​ធុង​ផង​ដែរ​ នៅ​តាម​ទីតាំង​ផ្សេង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចោល​សំរាម​នៅ​ទីនោះ​ ៖«​សំរាម​ក៏​ដូច​គ្នា​ដែរ​ កញ្ឆេ​សំរាម​ប្រមាណ​ជា​ ១​ពាន់​កញ្ឆេ​ ធុងសំរាម​ប្រហែលជា​ ៦​ ទៅ​ ៧​រយ​ធុង​ទៀត​ ជាមួយនឹង​កម្លាំង​ក៏​ដូច​ជា​មធ្យោបាយ​ផ្សេងៗ​។​ មាន​ទាំង​កម្លាំង​បុគ្គលិក​ក្រុមហ៊ុន​ ស៊ី​ន​ទ្រី​ ទាំង​មន្ទីរ​សាធារណការ​ មន្ទីរ​បរិស្ថាន​ ក៏​ដូច​ជា​សង្កាត់​ ខណ្ឌ​អី​ចូលរួម​មិន​ក្រោយ​ម​ ១​ពាន់​នាក់​ទេ​ ក្នុង​ការ​រៀបចំ​ប្រមូល​កើប​សំរាប​ រយៈពេល​ ៣​ថ្ងៃ​ ទាំង​យប់​ទាំង​ថ្ងៃ​»​។​

​លោក​ ម៉េ​ត​ មាស​ភក្ដី​ បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៨​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ជ្រើសរើស​យក​យុវជន​ឆ្នើម​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ មក​រចនា​ខ្លោងទ្វារ​ដាក់​កាត់​ទទឹង​ផ្លូវ​ និង​កន្លែង​មួយ​ចំនួន​ ដែល​សាលា​រាជធានី​ រំពឹង​ថា​ នឹង​មានការ​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ច្រើន​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ពេល​រាត្រី​ នឹង​មានការ​ដាក់​តាំង​ចង្កៀងគោម​ តាម​ដង​វិ​ថី​ ដើម្បី​លើក​សម្រស់​នា​ពេល​រាត្រី​ថែម​ទៀត​។​

​បន្ថែម​ពី​នេះ​មន្ដ្រី​នាំពាក្យ​ ក៏​ប្រាប់​ដែរ​ថា​ នឹង​មានការ​បិទ​ដង​វិ​ថី​មួយ​ចំនួន​ រួម​ទាំង​ការ​រៀបចំ​ពង្វាងផ្លូវ​ផង​ដែរ​ ដើម្បី​សម្រួល​ និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​កើតឡើង​ ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​។​ តំបន់​ដែល​ត្រូវ​ធ្វើការ​ហាមឃាត់​ គឺ​មហាវិថី​ព្រះ​នរោត្ដម​ ឡើង​ទៅ​មាត់ទន្លេ​ ព្រោះ​អាជ្ញាធរ​ គិត​ថា​ នឹង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​នៅ​ទីនោះ​។​ ដោយឡែក​ការ​បញ្ចៀស​ចរាចរណ៍​ ផ្លូវជាតិ​ចេញចូល​រាជធានី​ភ្នំពេញ​ ទាំង​ ៦​ច្រក​ហ្នឹង​ ក៏​មានការ​កំណត់​ដែរ​ ៖«​ ឧទាហរណ៍​ដូច​ថា​ នៅ​ផ្លូវជាតិ​លេខ​១​ អ​ញ្ចឹ​ង​ឡាន​ធំ​ឡាន​អីហ្នឹង​ត្រូវ​ពង្វាង​ត្រឹម​ tiger​ ។​ ចំណែក​តាក់ស៊ី​ អីហ្នឹង​ គាត់​អាច​ចូល​មក​ជិត​ដល់​ច្បារ​អំពៅ​អ​ញ្ចឹ​ង​ យើង​មាន​កន្លែង​សម្រាប់​គាត់​ចូល​ចត​រថយន្ដឈ្នួល​ ដែល​ដឹក​បង្អូន​ប្រជាពលរដ្ឋ​របស់​យើង​មក​ពី​តាម​បណ្ដាល​ខេត្ដ​ផ្សេងៗ​ អ​ញ្ចឹ​ង​គឺ​មាន​តែ​រថយន្ដ​ទេសចរណ៍​ទេ​ដែល​អាច​ចូល​មក​ដល់​កណ្ដាល​រាជធានី​ភ្នំពេញ​កណ្ដាល​ក្រុង​តែ​ម្ដង​។​ អ​ញ្ចឹ​ង​ការ​គិតគូ​នេះ​ គឺ​ដើម្បី​ឲ្យ​បាន​សប្បាយ​ហើយ​ជៀស​ពី​ការ​កកស្ទះ​ចរាចរណ៍​ផង​។​ ជាក់ស្ដែង​ដូច​ជា​ស្ពាន​ជ្រោយចង្វារ​ក៏​ដូច​គ្នា​ដែរ​ ប្រហែលជា​យើង​គ្រោង​នឹង​អាច​ឲ្យ​ពង្វាង​ឆ្លងកាត់​ស្ពាន​តែ​មួយ​ទិស​ទេពី​ភ្នំពេញ​ចេញ​ទៅ​ បើ​ក្នុង​ករណី​ចរាចរណ៍​ស្ទះ​ខ្លាំង​។​ ដោយឡែក​សម្រាប់​អ្នក​ដែល​ចូល​ភ្នំពេញ​វិញ​ គឺ​គាត់​អាច​ចូល​តាម​ស្ពាន​ម៉ា​ឡេ​»​។​

​មន្ដ្រី​នាំពាក្យ​ សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​អំពាវនាវ​ រាល់​ការ​ធ្វើ​ដំណើរ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​។​ សម្រាប់​ តាក់ស៊ី​លោក​ស្នើ​ឲ្យ​ដាក់​មនុស្ស​កុំ​លើស​ចំណុះ​ ទាំង​មក​ និង​ត្រឡប់​ទៅ​វិញ​។​ ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ លោក​អំពាវនាវ​ឲ្យ​មានការ​យកចិត្ដទុកដាក់​ខ្ពស់​ ទាំង​ភ្លើងចង្ក្រាន​ ភ្លើង​ធូប​ កំប៉ុង​ហ្គា​ស់​ និង​ភ្លើងអគ្គិសនី​ជាដើម​។​ លោក​សង្កត់ធ្ងន់​ថា​ បើ​ទោះជា​សាលា​រាជធានី​ភ្នំពេញ​ បាន​ត្រៀម​កងកម្លាំង​ជា​ច្រើន​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​គ្មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​ បង្ការ​ ប្រុង​ប្រយ័ត្ន​ជា​មុន​នោះ​ទេ​។​ មន្ដ្រី​នាំពាក្យ​ក៏​សំណូមពរ​ផង​ដែរ​ ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពិធីបុណ្យ​នេះ​ ធ្វើ​យ៉ាងណា​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​រក្សា​អនាម័យ​ ដើម្បី​សោភ័ណ​ភាព​ទីក្រុង​៕​

Share

Image
Image
Image