ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ឲ្យម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំង ប្រគំតន្ដ្រី អ្នកលក់ដូរ ទាំងត្រូវមានធុងសំរាម ឬក៏ថង់សម្រាប់ដាក់សំរាម ឲ្យបានត្រឹមត្រូវនៅតាមកន្លែងរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការកំណត់បែបនេះគឺក្នុងគោលបំណងដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានរាជធានីភ្នំពេញ ឲ្យបានល្អ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ។ បន្ថែមពីនេះរដ្ឋបាលរាជធានី ក៏ស្នើផងដែរដល់កីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្ដក្នុងឱកាសនេះទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់ កាកសំណល់សំរាម របស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងធុងសំរាម។
តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញជំនឿចិត្ដថា ម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ដ្រី អ្នកលក់ដូរ កីឡាករទូក និងប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកក្នុងការថែរក្សាសណ្ដាប់ធ្នាប់សោភ័ណភាព អនាម័យ និងបរិស្ថាននៅរាជធានីភ្នំពេញឲ្យបានល្អប្រសើរគ្រប់ៗគ្នា៕