ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា ម្ចាស់ស្ថានីយ និង ម្ចាស់ដេប៉ូប្រេងឥន្ទនៈណាមួយដែលរកឃើញថា លក់ប្រេងកម្រិតលម្អៀងបរិមាណ និងកម្រិតគុណភាពសាំងនឹងត្រូវព្យួរអាជីវកម្មហើយបញ្ជូនសំណុំរឿងទៅតុលាការ ចំពោះម្ចាស់ស្ថានីយមិនគោរពបំរាមរបស់ក្រសួងច្រំដែលៗ។
លោក ធូ វីរៈ រាយការណ៍៖
យោងតាមសេចក្តីបំភ្លឺព័ត៌មាន ចេញផ្សាយនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឱ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាត្រួតពិនិត្យប្រេងឥន្ទនៈនៅតាមបណ្តាស្ថានីយប្រេងឥន្ទនៈ និងដេប៉ូចែងចាយអគ្គនាយកដ្ឋានកាំកុងត្រូលបានដាក់ចេញនូវវិធានការចំនួនពីរ ដើម្បីអនុវត្ត។
វិធានការនេះ គឺទី១ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃកម្រិតលម្អៀងលើបរិមាណលក់ចេញ និងកម្រិតគុណភាពអុកតានត្រូវឱ្យម្ចាស់ស្ថានីយនិងដេប៉ូធ្វើកិច្ចសន្យាកែប្រែភាពមិនប្រក្រតី និងវិធានការទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើទៅក្រសួងពាណិជ្ជកម្មឱ្យផ្អាកអាជ្ញាប័ណ្ណអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំពោះម្ចាស់ស្ថានីយមិនគោរពបំរាមរបស់ក្រសួងច្រំដែលៗ។
អគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាក់ថា ចំពោះនីតិវិធីត្រួតពិនិត្យគឺមិនទុកឱកាសដល់ស្ថានីយឬដេប៉ូដែលមានភាពមិនប្រក្រតីនោះទេ ហើយក៏មុនផ្តល់ដំណឹងជាមុនដល់ម្ចាស់អាជីវកម្មពេលចុះត្រួតពិនិត្យ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានសម្រេចដាក់ចេញនូវ វិធានការតឹងរឹងចុងក្រោយនៅពេលចុះត្រួតពិនិត្យភាពមិនប្រក្រីតាមស្ថានីយសាំង គឺមាន ព្រះរាជអាជ្ញាដឹកនាំ ដើម្បីងាយស្រួលចាត់វិធាការភ្លាមៗតាមផ្លូវច្បាប់។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្រោយមានមតិមហាជននៅបណ្តាញសង្គមហ្វេសប៊ុនចង់ឱ្យក្រសួងមានវិធានការតឹងរឹងនៅលើម្ចាស់អាជីវកម្មលក់សាំងមិនគ្រប់ចំនួន និងកង្វះគុណភាពសាំងទៅតាមផ្លូវច្បាប់ ដោយមិនគ្រាន់តែធ្វើកិច្ចសន្យានោះទេ។
កាលពីថ្ងៃទី ១៣ និង ១៤ ខែ វិច្ឆិកា ក្រុមមន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលនាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ទនៈចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយចំនួន ១៩ នៅខេត្ត តាកែវ។ ក្នុងចំណោមនោះ ស្ថានីយ និងដេប៉ូប្រេងឥន្ទនៈចំនួន ១៤ រកឃើញថា មិនមានអនុលោមភាពផ្នែកបរិមាណ និង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ហើយស្ថានីយមួយមិនសហការជាមួយអាជ្ញាធរ។ ជាមួយគ្នានេះ មន្ត្រីជំនាញបានតម្រូវឱ្យម្ចាស់ស្ថានីយ ដេប៉ូ ចំនួន ០៦ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាលើកទី ០១ និងម្ចាស់ស្ថានីយ និងដេប៉ូ ចំនួន ០៨ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាលើកទី ០២ ៕