ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ប្រទេសកម្ពុជាសព្វថ្ងៃនៅមានព្រៃឈើ និងធនធានធម្មជាតិច្រើន ដោយសារការការពារពីអាជ្ញាធរមានសមត្តកិច្ច។ យ៉ាងណា សម្ដេច ស ខេង ថា ប្រសិនបើមិនមានវិធានការការពារឱ្យបានទាន់ពេលវេលា និងប្រសិទ្ធិភាពទេនោះ វានឹងអស់។
លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖
ការថ្លែងបែបនេះរបស់សម្ដេច ស ខេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
នាឱកាសនោះ សម្ដេច ស ខេង ថា ការការពារធនធានធម្មជាតិជាប្រធានបទដ៏សំខាន់ដែលមិនត្រឹមតែកម្ពុជាទេដឹងឮថែមទាំងសកលលោកក៏ដឹងឮដែរ។
ឧបនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា កម្ពុជា ព្រមទាំងសកលលោក បាននឹងកំពុងតែមានវិធានការការពារព្រៃឈើបន្ថែម។
ដោយសារតែបញ្ហាព្រៃឈើជារឿងសំខាន់ ទើបក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម នឹងរៀបបចំកិច្ចប្រជុំមួយនៅចុងខែវិច្ឆិកានេះ ដែលពិភាក្សាលើប្រធានបទនេះ។ ការជជែកពិភាក្សាខាងមុខនេះ ត្រូវជជែកលើផលប្រយោជន៍ជាតិជាធំ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា ព្រៃឈើជាសម្បតិ្តរបស់ជាតិ ក៏ដូចជា របស់ប្រជាពលរដ្ឋដូច្នេះហើយ សមត្ថកិច្ចពាក់ព័ន្ធត្រូវការពារវាដើម្បីនិរន្តរភាព និងការអភិវឌ្ឍន៍ ហើយនេះជាកាតព្វកិច្ច។
សម្ដេច ស ខេង បញ្ជាក់ថា សព្វថ្ងៃកម្ពុជានៅសល់ព្រៃ និងធនធានធម្មជាតិច្រើន។
សម្ដេច ស ខេង៖ ៖«ការពិតកម្ពុជាយើងនៅសល់ព្រៃច្រើន សល់ធនធានធម្មជាតិច្រើន ប៉ុន្តែបើយើងមិនមានវិធានការការពារឲ្យបានប្រសិទ្ធភាព ទាន់ពេលវេលាទេវានឹងអស់ព្រៃឈើ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថា មិនមានមន្ត្រីណាមួយគិតថា អ្វីដែលនៅក្រោមដែនសមត្តកិច្ចរបស់ខ្លួនជារបស់ខ្លួននោះទេ ព្រោះការគិតបែបនេះជាការគិតខុស។
សម្ដេច ស ខេង អំពាវនាវឱ្យមានការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ថែមទាំងពន្យល់ដល់មន្ត្រីថា មន្ត្រីទាំងអស់ជាមន្ត្រីបញ្ញើ ដែលអាចនឹងមានការដោះដូរ ឬដកដំណែងពីក្របខ័ណ្ឌរដ្ឋជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ បានខ្វែងគំនិតគ្នាផងដែរ។
កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៨ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អះអាងថា ការបាត់បង់ព្រៃឈើគឺដោយសារតែពលរដ្ឋមានការកើនឡើង ត្រូវការដីក្នុងការរស់នៅនឹងប្រើប្រាស់។ ដោយឡែក លោក សម រង្ស៊ី អះអាងថា ការបាត់បង់ព្រៃឈើគឺដោយសារតែអសមត្ថភាពអ្នកដឹកនាំកម្ពុជា។
បើយោងតាមស្ថាប័នព័ត៌មានក្នុងស្រុមមួយបង្ហាញថា អ្នកស្រាវជ្រាវដែលធ្វើការជាមួយនឹងទិន្នន័យរូបភាព Landsat និងទិន្នន័យសេដ្ឋកិច្ចផ្សេងទៀត រកឃើញថា បញ្ហាប្រឈមដែលឈានទៅដល់ការបាត់បង់ព្រៃឈើនៅកម្ពុជា គឺដោយសារការផ្លាស់ប្ដូរតម្លៃកៅស៊ូជាសកល និងកិច្ចព្រមព្រៀងដីសម្បទានសេដ្ឋកិច្ច។
អ្នកស្រាវជ្រាវនេះ បានរកឃើញទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានជួលសម្បទានដី ទៅឲ្យអ្នកវិនិយោគក្នុងស្រុក និងបរទេស សម្រាប់ធ្វើកសិកម្ម ផលិតផលឈើ និងតម្រូវការផ្សេងទៀត។ បញ្ហានេះ បណ្ដាលឱ្យអត្រាបាត់បង់ព្រៃឈើ ក្នុងដីសម្បទាន មាននៅគ្រប់ទីកន្លែង កើនឡើងពី ២៩% ទៅ ១០៥% បើធៀបនឹងដីក្រៅសម្បទាន៕