ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងអប់រំ បានបញ្ជាក់ថា តាមរយៈមូលនិធិកម្មវិធី CDPF កុមារកម្ពុជាគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាព។ ស្របពេលនេះដែរប្រធានស្ដីទីរបស់អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការកែប្រែមុខមាត់នៃប្រព័ន្ធអប់រំរបស់កម្ពុជា គឺជាសមិទ្ធផលមួយដ៏វិសេសវិសាល។ ក្នុងន័យនេះអង្គការយូនីសេហ្វ រំពឹងថា កម្មវិធីនេះនឹងអាចអនុវត្ដទៅប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលវែង។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ នៅក្នុងឱកាសប្រកាសចាប់ផ្ដើមអនុវត្ដដំណាក់កាលថ្មី និងជាដំណាក់កាលចុងក្រោយ នៃកម្មវិធីភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ដែលជាកម្មវិធីអនុវត្ដរួមគ្នា ដោយស្ថាប័នជាច្រើនក្នុងរយៈពេលច្រើនឆ្នាំ ក្នុងគោលបំណងពង្រឹងវិស័យអប់រំ ក្នុងប្រទេសកម្ពុជា រដ្ឋមន្ដ្រីក្រសួងអប់រំ បង្ហាញការស្វាគមន៍ នឹងអះអាងថាក្រសួង នឹងបន្ដពង្រឹងសមត្ថភាពជំនាញអប់រំ ដើម្បីឲ្យកុមារគ្រប់រូបអាចទទួលបានការអប់រំប្រកបដោយគុណភាព។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការពង្រឹងភាពជាដៃគូនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់កម្មវិធីនេះ ក្នុងដំណាក់កាលចុងក្រោយ។ លោកបន្ដថា សកកម្មភាពដែលបានអនុវត្ដក្រោមកម្មវិធី CDPF ផ្ដោតលើការបង្កើនសមត្ថភាពរបស់ក្រសួង ក្នុងការផ្ដល់សេវាអប់រំប្រកបដោយបរិយាបន្ន និងសមធម៌ដល់កុមារគ្រប់រូប និងធានាប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងបុគ្គលិកអប់រំនៅគ្រប់ជាន់ថ្នាក់ ៖«យើងនឹងបន្ដពង្រឹងសមត្ថភាពអ្នកជំនាញអប់រំក្នុងប្រទេសកម្ពុជា ដើម្បីឲ្យកុមារគ្រប់រូបក្នុងប្រទេសនេះ អាចទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងគុណភាព»។
មូលនិធិភាពជាដៃគូសម្រាបអភិវឌ្ឍន៍សមត្ថភាពវិស័យអប់រំ CDPF គឺជាកម្មវិធីអនុវត្ដក្រោមការដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីសហភាពអឺរ៉ុប (EU) ទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិស៊ុយអែត (SIDA) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងអង្គការ យូនីសេហ្វ។
កម្មវិធីនេះ បានអនុវត្ដដោយបែងចែកជាដំណាក់កាល ពោលគឺចាប់ពីឆ្នាំ ២០១១-២០១៤ ជាដំណាក់កាលទី១ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៧។ ដោយឡែកចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២១នេះ គឺជាដំណាក់កាលចុងក្រោយរបស់កម្មវិធីនេះ។ ការបង្កើតឲ្យមានកម្មវិធីនេះឡើង ក្រោយពីអង្គការជាដៃគូមើលឃើញថា បើទោះជាមានការសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប៉ុន្ដែគឺនៅមានបញ្ហាប្រឈមជាច្រើននៅតែកើតមាន។ ពិសេសគឺបញ្ហាប្រឈមពាក់ព័ន្ធនឹងគុណភាព និងភាពមានប្រយោជន៍ នៃការអប់រំ អត្រាត្រួតថ្នាក់ខ្ពស់ ជាពិសេសនៅថ្នាក់ដំបូងៗ និងការបោះបង់ចោលការសិក្សា។ គោលបំណងជារួម នៃកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ និងការគ្រប់គ្រងវិស័យអប់រំនៅគ្រប់កម្រិតថ្នាក់ តាមរយៈការអភិវឌ្ឍសមត្ថភាពក្នុងលក្ខណៈជាប្រព័ន្ធ ដល់អ្នកជំនាញអប់រំ ក៏ដូចជាការបង្កើនការចូលរួមរបស់សហគមន៍ ក្នុងវិស័យអប់រំ។
លោកស្រី Natascha Paddison ប្រធានស្ដីទីរបស់យូនីសេហ្វប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវប្រវត្ដិសាស្ដ្រមួយលំបាក ដូច្នេះការកែប្រែមុខមាត់ នៃប្រព័ន្ធអប់រំរបស់ប្រទេសនេះ គឺជាសមិទ្ធផលមួយដ៏វិសេសវិសាល ៖«ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវបន្ដដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ជាពិសេសបញ្ហប្រឈមរបស់សិស្សក្នុងសហគមន៍ងាយរងគ្រោះ និងជួបការលំបាក»។
លោកស្រីបន្ដថា កម្មវិធី CDPF មានសារសំខាន់ ព្រោះវាជំរុញឲ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៃសង្គមកម្ពុជា ក្នុងកំណែទម្រង់ការអប់រំ ចាប់ពីមន្ដ្រីរដ្ឋាភិបាល រហូតដល់នាយកសាលា គ្រូបង្រៀន មាតាបិតាសិស្ស។ លើសពីនេះ យូនីសេហ្វ សង្ឃឹមថា កម្មវិធីនេះនឹងអាចផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីវិនិយោគលើការអប់រំ សម្រាប់កូនៗរបស់ពួកគេអាចទទួលបានប្រយោជន៍ក្នុងរយៈពេលវែង។
មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីនេះលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មូលនិធិ ដំណាក់កាលទី៣ នេះ គឺទទួលបានថវិការសរុបចំនួន ២៧លានដុល្លារ ដែលក្រសួងអប់រំ នឹងផ្ដោតសំខាន់ទៅលើសមត្ថភាពគ្រូបង្រៀន និងនាយកសាលា នៅទូទាំងប្រទេស ៖«ភាគច្រើនគឺយើងបំប៉នសមត្ថភាពគ្រូយើង ជាពិសេសនៅតាមសាលាគរុកោសល្យហើយមួយចំនួនទៀត គឺយើងផ្ដោតទៅលើរៀនថ្នាក់ដំបូង។ ជាពិសេសការរៀនភាសារ និងគណិតវិទ្យានៅថ្នាក់ដំបូង គឺថ្នាក់ទី១ ទី២ ទី៣ ហ្នឹងគឺទី១ ហើយទី២ ទៀតគឺយើងឃើញថា សមត្ថភាពគ្រូបង្រៀនយើងសព្វថ្ងៃយើងឃើញមានកម្រិត អញ្ចឹងយើងបង្កើនសមត្ថភាពគាត់បន្ថែមទៀត តាមរយៈវគ្គវិក្រិតការ ហើយមួយវិញទៀត ដូចបានឃើញហើយ រូបនាយិកាសាលាមិញគាត់ថា គាត់នៅខ្វះបច្ចេកទេស សមត្ថភាពមួយចំនួនយើងនឹងបំប៉នគាត់បន្ថែមទៀត ជាពិសេសគឺផ្នែកបច្ចេកវិទ្យា ព័ត៌មាន»។
បើទោះបីជានេះ គឺជាដំណាក់កាលចុងក្រោយក៏ពិតមែន ប៉ុន្ដែរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានក្ដីរំពឹងថា កម្មវិធីនេះនឹងនៅតែបន្ដដំណើរ បន្ទាប់ពីបានអនុវត្ដសកម្មភាពការងារ ទទួលបានជោគជ័យទាំងដំណាក់កាលទី១ និងដំណាក់កាលទី២ ៖«កាលមុនមានតែម្ដងហ្នឹងយើងនឹកឃើញថា ប្រហែលចប់ហើយ ប៉ុន្ដែបាន២ ដល់បាន២ ឥឡូវបានទី៣ ហើយគាត់ថា ទី៣នេះចុងក្រោយហើយ ប៉ុន្ដែបើយើងធ្វើល្អយើងខិតខំទៅអាចគេមើលឃើញគេជួបន្ដទៅទៀត»។
ម្ចាស់ជំនួយវាយតម្លៃថា មានសមិទ្ធផលគួរឲ្យកត់សម្គាល់ដែលសម្រេចបាន ក្នុងដំណាក់កាលទី១ និងទី២ ដែលមានដូចជា សមធម៌ និងបរិយាបន្ននៅថ្នាក់ក្រោមជាតិ ជាពិសេសនៅតាមសាលារៀន មានភាពល្អប្រសើរជាងមុន។ ក្រសួងអប់រំ បានបង្ហាញភាពជាម្ចាស់ក្នុងកម្រិតខ្ពស់លើមូលនិធិ CDPF តាមរយៈការដឹកនាំគណៈកម្មាធិការដឹកនាំមូលនិធិនេះ និងវិភោជន៍ថវិការបស់ក្រសួង ដើម្បីបំពេញបន្ថែមលើសកម្មភាពដែលទទួលបានហិរញ្ញប្បទានពី CDPF។ បច្ចុប្បន្ននេះ ក្រសួងអប់រំ អាចផ្ដល់អាទិភាពលើអន្ដរាគមន៍លើសមធម៌ និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្ដល់សេវាដល់កុមារ ដែលងាយរងគ្រោះជាងគេ និងពុំបានរាប់បញ្ជូលតាមរយៈការអនុវត្ដអន្ដរាគមន៍ដែលទទួលបានពីការគាំទ្រពី CDPF ដូចជាតាមរយៈការផ្ដល់អាហារូបករណ៍ដល់កុមារជួយការលំបាក និងការផ្ដល់ការអប់រំបរិយាបន្នដល់កុមារពិការជាដើម។
លើសពីនេះ អ្នកជំនាញផ្នែកអប់រំកាន់តែមានសមត្ថភាពគ្រប់គ្រងសាលារៀនរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តាមរយៈគម្រោងផ្ដល់វគ្គបណ្ដុះបណ្ដាល គាំទ្រដោយ CDPF។ ការបណ្ដាលទាំងនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងគុណវុឌ្ឍិបុគ្គលិកសំខាន់ៗ ដែលកំពុងបំពេញតួនាទីដឹកនាំ និងគ្រប់គ្រងការងារអប់រំ ដើម្បីឲ្យគុណភាពសេវាអប់រំ និងបរិយាកាសក្នុងសាលារៀនកាន់តែមានភាពល្អប្រសើរជាងមុន។ បន្ថែមពីនេះ កម្មវិធី CDPF បានបង្កើនការចូលរួមរបស់សមាជិកសហគមន៍ក្នុងសកម្មភាពកំណែទម្រង់វិស័យអប់រំ តាមរយៈអន្ដរាគមន៍ ដែលទទួលបានការគាំទ្រពី CDPF ដូចជាការបង្កើតគណៈកម្មការទ្រទ្រង់សាលារៀន ដែលមានការចូលរួមពីមាតាបិតាសិស្ស អ្នកដឹកនាំសហគមន៍តាមមូលដ្ឋាន គ្រូបង្រៀន និងនាយកសាលា។
គណៈកម្មការទាំងនេះ បានជួបប្រជុំគ្នាមួយខែម្ដង ដើម្បីពិភាក្សាពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការអប់រំ ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយពាក់ព័ន្ធ នឹងសាលារៀន និងរៀបចំយុទ្ធនាការបង្កើនការយល់ដឹងអំពីការអប់រំ ដើម្បីលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋយកកូនមកចុះឈ្មោះចូលរៀន និងឲ្យកូនរៀនបន្ដទៀត។ ការបង្កើតគណៈកម្មការទាំងនេះអាចបង្កើនលទ្ធភាពទទួលបានការអប់រំ និងការបញ្ចប់ការសិក្សា ក៏ដូចជាបង្កើនវត្ដមានរបស់គ្រូ និងគណនេយ្យភាពរបស់សាលារៀនផងដែរ។ ជាងនេះ ភាពជាដៃគូជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងអនុវត្ដសកម្មភាពនៅតាមមូលដ្ឋានបានជួយឲ្យមានការផ្ដល់ការហ្វឹកហ្វឺន និងការណែនាំនៅនឹងកន្លែងធ្វើការផ្ទាល់នៅតាមខេត្ដ និងស្រុកជួបការលំបាក និងបានជួយឲ្យសកម្មភាពនានារបស់ CDPF កាន់តែសាយភាយដល់ជនបទដាច់ស្រយាលផងដែរ៕