បញ្ហាផែនទី និងព្រំដែនកម្ពុជា វៀតណាម បានស្ងប់ស្ងាត់មួយរយៈ ក្រោយពេលមានការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ជាមួយផែនទីខ្ចីមកពីអង្គការសហប្រជាជាតិ និងផែនទីខ្ចីមកពីប្រទេសបារាំង និងក្រោយពេលមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាបក្សប្រឆាំង ពាក់ព័ន្ធនឹងការបកស្រាយរឿងសន្ធិសញ្ញាទាក់ទងនឹងព្រំដែននេះផងដែរ។ ថ្មីៗនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបគឺលោកអ៊ំ សំអាន បានអះអាងថា ខ្លួនបានរកឃើញផែនទីបោនខ្នាត១/១០០ពាន់ ដែលកម្ពុជាបានតម្កល់នៅអង្គការសហប្រជាជាតិនាឆ្នាំ១៩៥៤។
តើផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ នោះស្របតាមរដ្ឋធម្មនុញ្ញឬទេ? ហើយអាចប្រើប្រាស់បានឬទេ?
លោកអ៊ំ សំអាន បានផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នារាត្រីថ្ងៃទី៧ ខែតុលាថា លោកបានរកឃើញផែនទីបោន ខ្នាត ១/១០០.០០០ នៅបណ្ណាល័យនៃអង្គការសហប្រជាជាតិ (អ.ស.ប) នៅក្រុងញូវយ៉ក ដែលបានតម្កល់ ឆ្នាំ១៩៥៤ ក្រោយសន្និសីទក្រុងហ្សឺណែវ ២ ខែ។ លោកថា ផែនទីនោះ ជាផែនទី ដែលមានចែងក្នុង មាត្រា ២ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ។
លោកអ៊ំ សំអាន បញ្ជាក់ថា ប្រតិភូរដ្ឋាភិបាល មិនទទួលយកផែនទី ឆ្នាំ១៩៥៤ នោះទេ កាលពីមុនផ្ទៀងផ្ទាត់ផែនទី ខែសីហា ២០១៥ ដោយប្រតិភូរដ្ឋាភិបាល តម្រូវយកផែនទី អាមេរិកកាំង UTM ១៨ ផ្ទាំងនោះទៅវិញ ដើម្បីឲ្យស្របនឹងផែនទី បោះបង្គោលព្រំដែន បច្ចុប្បន្ន។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកវ៉ា គឹមហុង មានប្រសាសន៍ជាមួយវិទ្យុស្ត្រី អេហ្វអឹម ១០២ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ថាលោកសូមមិនឆ្លើយឆ្លងជាមួយលោកអ៊ំ សំអាន នោះទេ ។ លោកវ៉ា គឹមហុង បញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន បានអនុញ្ញាតឲ្យកម្ពុជាខ្ចីផែនទី គឺស្របតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានស្នើសុំផែនទី ដែលកម្ពុជាដាក់តម្កល់នៅអង្គការសហប្រជាជាតិនាឆ្នាំ១៩៦៤ មិនមែនផែនទីតម្កល់នៅឆ្នាំ១៩៥៤ នោះទេ។
លោកវ៉ា គឹមហុងបន្តថា ផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ មិនពាក់ព័ន្ធនឹងការធានាបូរណភាពទឹកដីនោះទេ ប៉ុន្តែជាសន្និសីទបញ្ឈប់សង្គ្រាមនៅឥណ្ឌូចិន រវាងបារាំង និងវៀតមិញ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវនយោបាយ លោកសាស្ត្រាចារ្យឯម សុវណ្ណារ៉ា មានប្រសាសន៍ថា មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ផែនទីតម្កល់នៅអង្គការសហប្រជាជាតិនាឆ្នាំ១៩៦៤ ។ លោកថា បើផែនទីឆ្នាំ១៩៥៤ នោះវាខុសពីរដ្ឋធម្មនុញ្ញ ដែលកត្តានេះ តម្រូវឲ្យអ្នកនយោបាយខ្មែររកការឯកភាពគ្នា ដើម្បីការពារផលប្រយោជន៍ជាតិ។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មានប្រសាសន៍បន្ថែមថា ផែនទីតម្កល់នៅអង្គការសហប្រជាជាតិសុទ្ធតែមានតម្លៃទាំងអស់ ឲ្យតែការដាក់តម្កល់នោះត្រឹមត្រូវតាមច្បាប់ ។ លោកថា បើផែនទីតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ នោះការពារផលប្រយោជន៍ជាតិបាន នោះអ្នកនយោបាយនៃគណបក្សទាំងពីរ ត្រូវតែពិនិត្យមើលរដ្ឋធម្មនុញ្ញខ្លួនឡើងវិញ ។
សូមជម្រាបថា ក្រោយពីបានផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាលកម្ពុជា ជាមួយផែនទីមកពីអង្គការសហប្រជាជាតិ និងផែនទីខ្ចីមកពីប្រទេសបារាំងរួចហើយ រដ្ឋាភិបាលកម្ពុជាប្រកាសថា នឹងមិនមានការផ្ទៀងផ្ទាត់ផែនទីទៀតទេ ហើយអំពាវនាវឲ្យបញ្ឈប់ការចោទប្រកាន់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីចោរបន្តទៀត មិនដូច្នោះនឹងមានការផ្តន្ទាទោសដោយគ្មានការលើកលែង៕