ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិតនឹងគ្នាឡើយ។ ស្ដេចពីរអង្គនេះ មានសាវតារ ខុសគ្នា ដាច់ស្រឡះ។ ស្ដេចកន ជាកូនអ្នកក្រខ្សត់ ជាអ្នកងារបម្រើ វត្ត។ ចំណែកព្រះបាទច័ន្ទរាជា គឺជារាជបុត្ររបស់ ព្រះបាទធម្មោរាជានិង ជាប្អូនរបស់ព្រះបាទព្រះស្រីសុគន្ធបទ។ ក្រុមបារគូ បុរោហិត ហោរាចារ្យ បានថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ក្នុងភាគនេះ យើងសូមលើកយកអំពីល្បិចកលនៃការធ្វើសង្រ្គាមរបស់ព្រះស្ដេចកន និងអំពើបរាជ័យរបស់ស្ដេចកនក្នងការលួចធ្វើឃាតព្រះបាទច័ន្ទរាជាមិនបានសម្រេច។
សូមស្ដាប់អធិប្បាយរបស់លោក នួន បូរិន ដូចតទៅ៖
ទោះបីព្រះស្ដេចកនស្ថិតក្នុងវណ្ណៈទាប ជាអ្នកបម្រើវត្តក៏ដោយ តែបុរសនេះត្រូវបានប្រវតិ្តសាស្ត្រចារថា ជាអ្នកមានបារម៉ីជាខ្លាំងទើបអាចធ្វើគត់ព្រះស្រីសុគន្ធបទ ដែលជាបងថ្លែរបស់ខ្លួនបានដោយជោគជ័យ ហើយឡើងសោយរាជ្យទៀតផង។ ក្រោយពីឈ្នះក្នុងសង្រ្គាមដែលមានល្បិចកលច្រើន ដណ្ដើ់មរាជ្យដោយជោគជ័យលើ បងថ្លៃខ្លួន ក៏រជ្ជកាលរបស់ស្ដេចកូនអ្នកក្រខ្សត់នេះ បានជួបប្រទះនូវភ្លើងសង្រ្គាម យ៉ាងខ្លាំងជាមួយ ព្រះបាទច័ន្ទរាជា ជាប្អូនរបស់ ព្រះស្រីសុគន្ធបទ។
សង្រ្គាមជាង១០ឆ្នាំ រវាងស្ដេចកននិងព្រះបាទច័ន្ទរាជា មានភាពរន្ធត់និងធំធេងយ៉ាងខ្លាំង។ចៅពញ្ញាច័ន្ទរាជាសឹងតែមិនឈ្នះស្ដេចកនទៅហើយ។នេះជាសង្រ្គាមសងសឹងនិងសង្រ្គាមដណ្ដើមរាជ្យមកវិញ។ក្នុងអំឡុងនៃសង្រ្គាមទ័ពទាំងសងខាងស្លាប់ច្រើនរយនាក់។ តែស្ទើរគ្រប់សមរភូមិឃើញ ថាទ័ពស្ដេចកនមិនអាចយកជ័យជម្នះបានឡើយ។ តែគុណបុណ្យបារម៉ីដ៏ខ្ពស់និងភាពឆ្នាតវៀងវៃរបស់ព្រះបាច័ន្ទរាជាធ្វើឱ្យស្ដេចសឹកអង្គនេះ ដណ្ដើមជ័យជម្នះលើស្ដេចកនជាសា្ថពរ។
ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច
ព្រះស្ដេចកនពេលឡើងគ្រងរាជ្យមានព្រះនាមថាព្រះស្រីជេដ្ឋា។នៅពេលមានសង្រ្គាមជាមួយ ព្រះបាទច័ន្ទរាជា គឺស្ដេចកន ត្រូវបានគេហៅថាជាម្ចាស់ផែនដីខែត្រត្រើយខាងកើត។
នៅពេលដឹងថា គេហៅព្រះអង្គដូចនេះ គឺស្ដេចកនទ្រង់ព្រះពិរោធយ៉ាងខ្លាំងដោយថាចៅពញាចន្ទនេះ កាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ។
ដោយសារចេះតែចាញ់ទ័ពព្រះច័ន្ទរាជា ទើបស្ដេចកន គិតឧបាយកលរើសសេនាទាហានដែលមានទំនុកចិត្ដទុកព្រះទ័យបាន ១០០នាក់ ហើយត្រាស់បង្គាប់ថា “ឲ្យក្លែងរត់ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយឲ្យទាហានទាំងនោះនាំគ្នាវាយលុក សំលាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបានយើងនឹងឲ្យអ្នកឡើងយសស័ក្ដិឲ្យទ្រព្យសម្បត្ដិឲ្យពេញចិត្ដ”។
សេនាទាំង ១០០ នាក់នោះថ្វាយបង្គំសុំទទួលអាសាថា “ទូលព្រះបង្គំទាំងឡាយនឹងធ្វើឲ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋាឬស្ដេចកន ទ្រង់ព្រះសណ្ដាប់ឮថាសេនាទាហានព្រមព្រៀងហើយទ្រង់ ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យហ្លួងជ័យជាក្មួយខាងម្ដាយ ឲ្យធ្វើជាចៅពញាមន្ដ្រីតេជៈ គេហៅថាមេទ័ពដឹកនាំពលទាហានទាំង ១០០ នាក់នោះឲ្យទៅចាត់ការឲ្យបានសំរេច។
លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង ១០១ នាក់នោះ ក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការរបស់ព្រះបាទច័ន្ទរាជា។នៅពេលថ្ងៃមួយនោះ សម្ដេចព្រះចន្ទរាជា ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះ ព្រមទាំងសេនាទាហានស្និទ្ធនឹងព្រះអង្គជាច្រើនសុទ្ធតែដៃទទេគ្មាន សាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះផ្លាស់សំលៀកបំពាក់ឲ្យចុះងូតទឹកគ្រប់គ្នា។ មន្ដ្រីសេនាទាហានស្និទ្ធព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ប៉ុន្តែពញាមន្ដ្រីតេជៈ និងទាហាន ១០០ នាក់ដែលស្ដេចកនប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅ នោះ ។
ដោយមានការឆ្វេងយល់ដូច្នេះហើយ ព្រះបាទច័ន្ទរាជាមានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឲ្យផ្លាស់សំលៀកបំពាក់ឲ្យអស់គ្រប់គ្នា។ ដោយឡែក ពួកបន្លំខ្លួនទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ធ្លាក់ទឹកមុខគ្រប់ៗគ្នា។
ហេតុតែបុណ្យបារមី ព្រះបាទច័ន្ទរាជារឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។
ទ្រង់ចាប់កាន់ដាវទាំងស្រោម ឯពួកក្បត់ទាំងនោះគិតថា ការណ៍ម្ដងនេះបើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកគេទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសំងាត់នឹងត្រូវក្រាបទូល។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ។
លុះពួកក្បត់ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវមន្ដ្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងជនក្បត់ ១០០ នាក់ទៀត។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន។ ខ្ញុំរាជការខ្លះទៀតស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកក្បត់ យ៉ាងអង់អាច។ ពួកក្បត់ស្លាប់ និងចាប់បាន ៣៥ នាក់ក្រៅពីនោះរត់រួចទាំងអស់ ហើយស្ដេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។
សង្រ្គាមកាន់តែខ្លាំងឡើងៗ
ក្រោយពីដឹងថា ស្ដេចកន មិនបោះបង់ចោល ល្បិចអាក្រក់ដែលខ្លួនធ្លាប់ធ្វើបានសម្រេចនៅក្នុងសង្គ្រាមជាមួយ ព្រះស្រីសុគន្ធបទ ព្រះបាទច័ន្ទរាជាការកាន់តែប្រុងប្រយ័ត្នហើយ បើកសង្រ្កាមកាន់តែធំដើម្បីកំចាត់ស្ដេចកនគឺបន្ទាប់ពីព្រះអង្គទុកពេលអោយកសិករធ្វើស្រែចម្ការួចរាល់សិន។ ចាប់ពីពេលនោះមក ស្ដេចកនដឹងថា ខ្លួនបរាជ័យទៀត ហើយក៏ខិតខំកសាងពលទ័ពដែរ តែមិនដូចមុនឡើយ ត្បិតអី សមរភូមិជាច្រើនទាំងដែនដីខាងកើតក៏បានធ្លាក់ទៅលើ ព្រះបាទច័ន្ទរាជា។
ស្ដេចកនដែលបាត់បង់មេទ័ពខ្លួនគឺចៅពញាមន្ដ្រីតេជៈ នាំឱ្យព្រះអង្គកាន់តែលំបាកផ្លូវចិត្តជាខ្លាំងទោះជា មានមេទ័ពច្រើនទៀតរួមទាំងឪពុកមាចៅហ្វាកៅ មានភាពវៃឆ្លាតក្នុងការបញ្ជាទ័ពប្រយុទ្ធក៏ដោយ។ ដោយដឹងថាទ័ពខ្លួនកាន់តែលែងមានភាពរឹងមាំក្នុងការប្រយុទ្ធ ស្ដេចបានព្យាយាមចរចាជាមួយព្រះបានច័ន្ទរាជាក្រោមហេតុទុកឱ្យពលរដ្ឋបានសុខនឹងការធ្វើស្រែចម្កា។ ព្រះបាទច័ន្ទរាជាបានយល់ស្រប ។ តែសម្រាប់ស្ដេចកនបានប្រើល្បិចមួយទៀតគឺនាំទ័ពលួចវាយលើដែនដីព្រះច័ន្ទរាជាដែលនាំឱ្យស្ដេចពញាច័ន្ទរាជា ផ្ទុះកំហឹងយ៉ាងខ្លាំង ក៏ចាប់វាយបកមិនបន្ថយដៃឡើយគឺរហូតកំចាត់ស្ដេចកនបានទាំងស្រុង។
ព្រះបាទច័ន្ទរាជាបានគ្រប់គ្រងដែនដីទាំងមូល រហូតដល់ព្រះអង្គយាងចូលទិវង្គត។ ក្នុងរជ្ជកាលរបស់ព្រះអង្គឡើងគ្រងរាជ្យ គឺប្រទេសជាតិមានសន្តិភាពបរិបូរណ៍។ព្រះអង្គធ្វើឱ្យសង្គម មានយុត្តិធម៌ មានការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ល្អខ្ជាប់ខ្ជួន ទឹកដីធំល្វឹងហ្វឺន ខណៈព្រះអង្គ បានដណ្ដើមខេត្តពីសៀមមកវិញ។
ព្រះបាទចន្ទរាជានេះហើយដែលជាព្រះរាជាខ្មែរដែលបានកសាងបន្ទាយលង្វែកហើយព្រះអង្គបានប្រែក្លាយនគរកម្ពុជាដែលជាប្រទេសទន់ខ្សោយមួយក្រោយសម័យអង្គរឲ្យក្លាយទៅជាមហាអាណាចក្រខ្មែរជាលើកទី២ឡើងវិញ។ ទ្រង់ជាព្រះមហាក្សត្រសឹកដ៏អង់អាចក្លាហាន និងមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងគេបំផុតក្នុងចំណោមព្រះមហាក្សត្រខ្មែរទាំងឡាយក្រោយសម័យអង្គរ។
កំណត់សម្គាល៖ កំណត់ត្រាប្រវត្តិសាស្ត្រនេះ ដកស្រង់ចេញសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធអាដេម៉ាឡឺក្លែរ អតីតរ៉េស៊ីដង់បារាំង ប្រចាំនៅកម្ពុជា៕