ភ្នំពេញ៖ សាលារាជធានីភ្នំពេញ អញ្ជើញសាធារណៈជន ជាពិសេសសាច់ញាតិជនរងគ្រោះចូលរួមពិធីសូត្រមន្តឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ គម្រប់ខួប ៨ឆ្នាំ ក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
យោងតាមលិខិតជូនដំណឹងនេះបញ្ជាក់ថា ពិធីសូត្រមន្តនេះ នឹងធ្វើឡើងម៉ោង ៧ ព្រឹក ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ។
យ៉ាងណា សាលារាជធានីភ្នំពេញ ចាត់ទុកថាសេចក្ដីជូនដំណឹងនេះ គឺជាការយាង ក៏ដូចជាអញ្ជើញ ពុទ្ធិបរិស័ត សាធារណៈជន ពិសេសក្រុមគ្រួសារ និងសាច់ញាតិនៃជនរងគ្រោះឱ្យចូលរួមក្នុងកម្មវិធីនេះ។
កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ ជាទិវានៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានហេតុការណ៍រត់ជាន់គ្នាមួយ ដែលបណ្តាលឲ្យពលរដ្ឋជាង ៣០០ ស្លាប់ និងរបួសជិត ៧០០នាក់។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកព្រឹត្តិការណ៍នេះថា ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយដែលកម្ពុជាមិនធ្លាប់ជួបប្រទះទេ តាំងពីក្រោយការដួលរលំរបបខ្មែរក្រហម។
ជាងនេះ ក្រោយពីមានហេតុការណ៍នេះ សម្ដេចហ៊ុន សែន បានប្រកាសថា មិនមានការដាក់ទណ្ឌកម្ម ឬដកដំណែងចំពោះមន្ត្រីរាជរដ្ឋាភិបាលណាម្នាក់នោះទេ ព្រោះសម្ដេចចាត់ទុកថា ហេតុការណ៍នេះជាកំហុសរួម។
ក្រោយពីហេតុការណ៍នេះ ស្ពាននេះត្រូវបានគេវាយកម្ទេចចោល៕
អត្ថបទ៖ លោក សោម លាភ