en     km
en     km

​ពលរដ្ឋ​ខ្មែរ​បម្រើ​ការងារ​ឱ្យ​UN​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ម៉ា​លី​

Share

​ភ្នំពេញ​៖​ ពលរដ្ឋ​ខ្មែរ​បួន​នាក់​របួសធ្ងន់​ និង​ស្រាល​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ​គ្រឿង​ នៅ​ប្រទេស​ម៉ា​លី​ កាលពី​យប់​រំលង​អត្រា​ធ​ ថ្ងៃ​ទី​ ១២​ ខែ​ វិច្ឆិកា​។​ អ្នកនាំពាក្យ​កងកម្លាំង​រក្សា​សន្តិ ភាព​មួក​ខៀវ​ អះអាង​ថា​ កងទ័ព​មួក​ខៀវ​កម្ពុជា​គ្មាន​នរណា​ម្នាក់​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ទេ​។​

 

នៅព្រឹកថ្ងៃទី ១៣ វិច្ឆិកា ម្សិលមិញ(ម៉ោងនៅកម្ពុជា) មានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿងបណ្តាលឱ្យជនជាតិម៉ាលីពីរនាក់ និងភេវកម្នាក់ស្លាប់ ហើយជនស៊ីវិល ១៤ នាក់រងរបួស។ Photo; Taken from VOA wibesit

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ វិច្ឆិកា​ ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ វិច្ឆិកា​ ម្សិលមិញ​(​ម៉ោង​នៅ​កម្ពុជា​)​ មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​ជនជាតិ​ម៉ា​លី​ពីរ​នាក់​ និង​ភេរ​វក​ម្នាក់​ស្លាប់​ ហើយ​ជន​ស៊ី​វិល​ ១៤​ នាក់​រង​របួស​។​ក្នុង​ចំណោម​ជន​ស៊ី​វិល​នោះ​ មាន​ពលរដ្ឋ​ខ្មែរ​បម្រើ​ការងារ​នៅ​អង្គការសហប្រជាជាតិ(UN)​រង​របួសធ្ងន់​ម្នាក់​ និង​របួសស្រាល​បី​នាក់​។​

​ក្នុង​ខ្លឹមសារ​ដើម​៖​ «​ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​ភេរវ​ករ​ម្នាក់​ដែល​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់បែក​ស្លាប់​នៅ​នឹង​កន្លែង​ និង​បាត់បង់​ជីវិត​ជនជាតិ​ម៉ា​លី​ពីរ​នាក់​ ព្រម​ទាំង​មាន​អ្នក​របួស​ ១៤​ នាក់​ ដែល​ក្នុង​នោះ​ ក៏​មាន​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ជាមួយ​អង្គការសហប្រជាជាតិ​(UN)​ចំនួន​ ៤​ នាក់​ផង​ដែរ​ ម្នាក់​របួសធ្ងន់​ និង​បី​នាក់​ទៀត​របួសស្រាល​»​។​

​មន្ត្រី​នាំពាក្យ​ និង​ក្រសួងការពារជាតិ​ច្រានចោល​ថា​ គ្មាន​ទាហាន​មួក​ខៀវ​ខ្មែរដែល​បំ​បេស​កម្ម​រក្សា​សន្តិ​ភាព​ នៅ​ប្រទេស​ម៉ា​លី ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ មាន​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​រថយន្ត​នៅ​ទីក្រុង ​ហ្កា​វ​ ទេ​។​

​កញ្ញា​ កុសល​ ម៉ា​លី​ន​ដា​ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​ បោសសំអាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ជន​ស៊ី​វិល​ខ្មែរ​របួស​បួន​នាក់​នោះ​ ម្នាក់​ជា​អ្នកបកប្រែ​ភាសា​ខ្មែរ​ និង​បី​នាក់​ទៀត​ជា​បុគ្គលិក​ TDI​ ( Technical Development Initiative ) ។​ ពួក​គាត់​ទាំងនោះ​ បម្រើ​ការងា​ នៅ​អង្គការសហប្រជាជាតិ​(UN)​នៅ​ប្រទេស​ម៉ា​លី​។​

​កញ្ញា​ កុសល​ ម៉ា​លី​ន​ដា​ បន្ថែម​ថា​ ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​ នៅផ្ទះ​ជួល​ក្រុម​គ្រូបង្វឹក​ និង​ក្រុម​ មាន​ចម្ងាយ​ប្រហែល​ ៣​ គីឡូម៉ែត្រ​ ពី​បន្ទាយ​ទាហាន​មួក​ខៀវ​កម្ពុជា​ ហើយ​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​ កម្ពុជា​ ស្ថិត​នៅ​ក្នុង​បន្ទាយ​ដោយ​សុវត្ថិភាព​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​

​កញ្ញា​ កុសល​ ម៉ា​លី​ន​ដា​៖​ «​អ្នក​របួស​ខ្មែរ​យើង​ដែរ​ ប៉ុន្តែ​ខ្មែរ​ស៊ី​វិល​ដែល​គាត់​កុងត្រា​ឱ្យ​ខាង​ UNMAS​ មិនមែន​ជា​កងទ័ព​មួក​ខៀវ​ទេ​គឺ​គាត់​ស៊ី​វិល​។គាត់​ទៅ​ជា​អ្នកបងកប្រែជូន​ UNMAS»​។​

​អ្នក​រង​បួស​ទាំងនោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចិន​កម្រិត​២​នៅ​ប្រទេស​ម៉ា​លី​ និង​អ្នក​របួសស្រាល​សម្រាក​ពន្យា​បាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ហ្កា​វ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ អ្នក​រង​របួស​ទាំង​បួន​នាក់​នោះ​ រួម​មាន​ លោក​ ភិន​ សា​រ៉ា​ន់​ ជា​អតីត​បុគ្គលិក​បម្រើ​ការ​ CMAC​ រង​របួសធ្ងន់​ បាក់ឆ្អឹង​ជំនី​ និង​របួស​ក្បាល​។ លោក សារ៉ាន់ បានចាប់ផ្តើម​ចូល​បម្រើ​ការ​ជា​អ្នកបកប្រែ​ភាសា​ជាមួយ​ UNMAS​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​។​

​អ្នក​រង​របួសស្រាល​ លោក​ ហ៊ុ​ល​ សុខ​ហេង​ ជា​អតីត​បុគ្គលិក​បម្រើ​ការ​ CMAC​ លោក​ រៀម​ ឌី​ ជា​អតីត​នាយក​ប្រតិបត្តិការ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ក្នុង​អង្គការ​ CMAC​ និង​លោក​ សំ​ រ​ដ្ឋា​ ជា​អតីត​បុគ្គលិក​អង្គការ​ Hello​ TRUST​។​

​កាលពី​ខែ​ មីនា​ ឆ្នាំ​ ២០១៨​នេះ​ ក្រុម​ឧទ្ទាម​បាន​វាយឆ្មក់​មូលដ្ឋាន​កងទ័ព​រក្សា​សន្តិភាព​កម្ពុជា​នៅ​ប្រទេស​ម៉ា​លី​ ប៉ុន្តែ​ពុំ​មាន​កងទ័ព​មួក​ខៀវ​មាន ណាម្នាក់​គ្រោះថ្នាក់​ទេ​។​ តែ​កាលពី​ខែ ឧសភា​ ឆ្នាំ​២០១៧​ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​បួន​រូប​បាន​ស្លាប់​ ព្រោះតែ​ការ​វាយឆ្មក់​មួយ​ពី​ក្រុម​ឧទ្ទាម​ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។​

​គិត​ចាប់ពី​ឆ្នាំ ​២០០៦​ មក​ដល់​ឆ្នាំ ​២០១៨​នេះ​ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ រក្សា​សន្ដិភាព​ របស់​អង្គការសហប្រជាជាតិ​ចំនួន​ ៥៥៧៩​នាក់​ ហើយ​ក្នុង​នោះ​ ២៦៧​នាក់​ជា​ស្ដ្រី​ ដោយ​ឈរជើង​នៅ​ប្រទេស​ចំនួន​ ០៥​ គឺ​ អា​ហ្វ្រឹ​ក​កណ្ដាល​ លី​បង់​ ម៉ា​លី​ និង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង