en     km
en     km

ស្ត្រីខ្មែរប្រាប់ពីវិធីសាស្រ្ត ក្នុងការ​រក្សា​នំអន្សម​ទុកឱ្យ​បាន​យូរ​

Share

Nu-Onn-Sorm-04

ជា​ប្រពៃណី​របស់​ដូនតា​ខ្មែរ​ដែល​បាន​រក្សា​ពី​បុរាណ​មក​ដល់​បច្ចុប្បន្ន​ នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​វេច​នំអន្សមចេក​ អន្សមជ្រូក​ នំ​បត់​ នំគម​ជាដើម​។​ ក្នុង​ការ​វេច​នំ​នេះ​ គេ​តែងតែ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​វេច​នំ​មាន​ចំនួន​ច្រើន​។​ គ្រួសារ​ខ្លះ​វេច​នំ​អស់​ ៦​ គីឡូ​អង្ករ​ ហើយ​គ្រួសារ​ខ្លះ​ទៀត​វេច​ដល់​ទៅ​១៥​គីឡូ​អង្ករ​ក៏​មាន​។​

​ការ​វេច​នំ​ច្រើន​បែប​នេះ​ ពួក​គាត់​មិន​អាច​ពិសា​អស់​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពី​ថ្ងៃ​នោះ​ទេ​។​ តែ​គាត់​អាច​រក្សា​នំអន្សម​នេះ​មិន​ឱ្យ​ផ្អូម​រហូត​ទៅ​ដល់​មួ​យស​ប្តា​ហ៍​ ដើម្បី​ទុក​ហូប​បន្ត​។​ ​តើ​ដូនតា​ខ្មែរ​រក្សា​អន្សម​ទុក​យ៉ាងណា​ ទើប​មិន​ងាយ​ផ្អូម​និង​ជូរ​អន្សម​?​

​នៅ​ខាង​មុខ​បរិវេណ​ព្រះ​បរមរាជវាំង​ ស្ត្រី​វ័យ​ប្រហែល​ជិត​៥០​ឆ្នាំ​ម្នាក់​កំពុង​អង្គុយ​មើល​ចៅ​រត់​លេង​ដេញចាប់​ព្រាប​ ដោយ​មាន​អារម្មណ៍​សប្បាយ​រីករាយ​។​ ស្ត្រី​ម្នាក់​នោះ​គឺ​អ្នកស្រី​ ធូ​ សុ​ភី​។​  អ្នកស្រី​ជា​អ្នកស្រុក​ពួក​ ក្នុង​ខេត្តសៀមរាប​ ។​ នៅ​ពេល​ដែល​អ្នកកាសែត​សួរ​ថា​អ្នកស្រី​ចេះ​វេច​នំអន្សម​ទេ​?​ គាត់​ក៏​បាន​ឆ្លើយ​មក​វិញ​ដោយ​រហ័ស​ថា​ ចេះ​!​ ដោយ​គាត់​បាន​រៀបរាប់​យ៉ាងដូច​ច្នេះ​ថា​ អន្សមចេក​ និង​អន្សមជ្រូក​គេ​ លាយ​រសជាតិ​អង្ករ​ខុស​គ្នា​ ដូច​ជា​អន្សមជ្រូក​ត្រូវ​ដាក់​ស្ករ​ ប៊ី​ចេ​ង​ អំបិល​ ខ្ទិះដូង​ លាយ​ជាមួយ​អង្ករ​ ចំណែកឯ​អន្សមចេក​មិន​ត្រូវការ​ដាក់​ប៊ី​ចេ​ង​នោះ​ទេ​។​

Nu-Onn-Sorm-01

អ្នកស្រី​បន្ត​ថា​ នំអន្សមជ្រូក​គេ​អាច​ដាក់​សណ្ដែកដី​លាយ​ជាមួយ​អង្ករ​ ឯ​បង្គា​គេ​អាច​លាយ​ជាមួយ​ស្នូល​ ក្រៅពី​សណ្តែកខៀវ​ដែល​គេ​លាង​សម្បក​ហើយ​ និង​ខ្លាញ់ជ្រូក​ប្រឡាក់​គ្រឿង​ហើយ​។​ «​ចា៎​!​ អន្សមជ្រូក​ដាក់​ដូង​ ហើយ​ពូត​ខ្ទិះដូង​ហើយ​ខ្ញុំ​កកូរ​អង្ករ​ កកូរ​អង្ក​រហើយ​ទៅ​ត្រាំ​សណ្តែក​ ហើយ​ទៅ​លាង​សណ្ដែក​ឱ្យ​ស្អាត​បាន​ ហើយ​ដាក់​សាច់​ជ្រូក​ កកូរ​អង្ករ​  ខ្ញុំ​តែង​ធ្វើ​ ខ្ញុំ​យក​ខ្ទិះ​ដើម​ខ្ទិះ​បាន​ ខ្ញុំ​ពូត​ឱ្យ​ខាប់ៗ​បាន​ខ្ញុំ​រម្ងាស់​វា​ រម្ងាស់​ឱ្យ​វា​រាង​នេះ​បាន​ខ្ញុំ​ដាក់​អង្ករ​កកូរ​វា​ ហើយ​លាយ​ស្ករ​បន្តិច​ លាយ​អំបិល​បន្តិច​ ប៊ី​ចេ​ង​បន្តិចបន្តួច​។​ ដោយ​អ្នក​ចំណូល​អ្នកខ្លះ​គេ​ដាក់​ អ្នក​ចំណូល​ខ្លះ​ គេ​ដាក់​ហៃ​ប៊ី​លាយ​ជាមួយនឹង​ស្នូល​ អ្នកខ្លះ​គេ​មិន​ចំណូល​ទេ​!​ ខាង​សៀមរាប​វិញ​ដាក់​ហៃ​ប៊ី​ហើយ​គេ​ប្រលាក់​ដាក់​ស្នូល​ហៃ​ប៊ី​ម្រេច​ ប៉ុន្តែ​ខ្ញុំ​មិន​ចំណូល​ទេ​ ខ្ញុំ​ប្រលាក់​តែ​ស្នូល​លាយ​អំបិល​ ខ្ទឹម​ជាមួយ​ម្សៅ​ស៊ុប​ ហើយ​ ន​ង​ស្លឹក​ខ្ទឹម​»​។​

​ជា​ម្តាយ​ និង​ជា​ភរិយា​ម្នាក់​ដែល​តែងតែ​ធ្វើ​នំអន្សម​ឱ្យ​ក្រុម​គ្រួសារ​ទទួលទាន​ជា​ប្រចាំ​ អ្នកស្រី​ ធូ​ សុ​ភី​ បន្ត​ថា​ អ្នកស្រុក​ភូមិ​គាត់​និយម​វេច​អន្សម​ដោយ​ប្រើ​ស្លឹក​ចេកជ្វា​។​ អ្នកស្រី​បន្ត​ថា​ការ​វេច​អន្សម​ដោយ​ប្រើ​ស្លឹក​ចេកជ្វា​ នោះ​ធ្វើ​ឱ្យ​ពណ៌​នំ​ស្អាត​។​

​មានសំនៀង​ជា​អ្នក​សៀមរាប​ សម្ដី​រដឺនៗ​បន្តិច​ អ្នកស្រី​ សុ​ភី​ បាន​រៀបរាប់​ពី​ការ​ វេច​នំ​បាន​ស្អាត​ និង​ទុកដាក់​នំ​រក្សា​ទុក​បាន​យូរ​ មិន​ងាយ​ផ្អូម​ជូរ​ថា​ ដើម្បី​វេច​អន្សម​បាន​ស្អាត​ គេ​ត្រូវ​ប្រើ​ស្លឹកចេក​ដែល​ធំ​ និង​ប្រើ​ចំណង​ស្រទបចេក​ដែល​គេ​ជ្រៀក​ហាលថ្ងៃ​ ទើប​សំណង​វា​ស្វិត​ជាប់​ល្អ​ ពេល​ដែល​ចង​នំ​ទៅ​បាន​តឹង​ល្អ​។

​អ្នកស្រី​ សុ​ភី​ ថា​ ដើម្បី​ទុក​អន្សម​បាន​យូរ​ គាត់​តែងតែ​ប្រយ័ត្ន​តាំងពី​ចាប់ផ្ដើម​វេច​ដំបូង​ ដោយ​លាង​អង្ករ​ឱ្យ​បាន​ស្អាត​ និង​ស្រង់​អង្ករ​ឱ្យ​ស្ងួត​ទើប​វេច​។​  អ្នកស្រី​ថា​ ត្រូវ​ចង​នំ​ឱ្យ​ជាប់​ល្អ​កុំឱ្យ​ចូល​ទឹក​ និង​ស្ងោរ​នំ​ឱ្យ​ឆ្អិន​ល្អ​ បន្ទាប់​ពី​ឆ្អិន​ គាត់​តែងតែ​ស្រង់​នំ​ដោយ​សំដិល​លើ​គ្រែ​ ឬក​៨​ចង​ព្យូ​រ​ឱ្យ​នំ​ស្រស់ទឹក​ ទើប​ចាប់ផ្តើម​ឆ្អើរ​ដោយ​ប្រើ​អុស​ ឬ​ធ្យូង​។​ អ្នកស្រី​ថា​អាច​មាន​វិធី​មួយទៀត​គឺ​យក​ទៅ​ត្រាំ​ទឹក​ស្អាត​ ដែល​ដាក់​ក្នុង​ឆ្នាំ​ ហើយ​ត្រូវ​ឧស្សាហ៍​ប្តូរ​ទឹក​។​ អ្នកស្រី​ថា​ការ​ធ្វើ​បែប​នេះ​អន្សម​អាច​ទុក​ហូប​បាន​ដល់​ជិត​មួយ​អាទិត្យ​។​

«​ធ្វើ​ហើយ​យើង​ ពេល​យើង​ស្រង់​ហើយ​ យើង​ដាក់​សំដិល​វា​ឱ្យ​តាម​លើ​រនាប​គ្រែ​ ឬ​ក៏​ជាល​អី​មួយៗ​ៗ​ៗ​ កុំឱ្យ​វា​ជាន់​គ្នា​ កាលណា​​វា​ជាន់​គ្នា​វា​ឆាប់​ផ្អូម​ វា​បែក​ដែរ​ ហើយ​យើង​ដាក់​សំដិល​វា​អត់​ងាយ​ផ្អូម​ទេ​!​ ដល់​ពេល​ដូច​ថា​យើង​ស្ងោរ​ល្ងាច​នេះ​ហើយ​ ដល់​ពេល​ល្ងាច​ស្អែក​ យប់​ប៉ុណ្ណេះ​ទៅ​ យើង​ចាប់ផ្តើម​ដាក់​កម្ដៅ​ ឬ​ស្ងោរ​ ឬ​មួយ​ក៏​ដាក់​ឆ្អើរ​វា​ទៅ​ណា​ ឬ​មួយ​ក៏​យើង​ដាក់​ទូរ​ទឹកកក​អ​ញ្ចឹ​ង​ទៅ​ណាស់​ត្រាំ​ទឹក​យើង​ ប៉ុន្តែ​យើង​ត្រូវ​ផ្លាស់​ទឹក​រាល់ថ្ងៃ​ យើង​ដាក់​ទឹក​វា​ឱ្យ​លិច​ ថ្ងៃនេះ​អ​ញ្ចេះ​ឧស្សាហ៍​ប្តូរ​ទឹក​ ស្អែក​យើង​ចាក់ទឹក​វា​ចោល​អ​ញ្ចឹ​ង​ទៅ​ យើង​ដាក់​ទឹក​ថ្មី​។​ នំ​ត្រាំ​ទឹកបាន​យូរ​ដែរ​តែ​យើង​ចៀន​ បើ​នំ​ឆ្អើរ​យើង​មិនបាច់​ចៀន​ទេ​ យើង​គ្រាន់តែ​ឆ្អើរ​កម្តៅៗ​វា​បន្តិចៗ​ទៅ​ បាន​យូរ​ដែរ​ប៉ុន្តែ​ខ្លះ​វា​រឹង​»។

Nu-Onn-Sorm-02​ចំណែក​ស្ត្រី​មួយ​រូប​ទៀត​ អ្នកស្រី​ លី​ សា​រ៉េ​ត​ ជា​អ្នកស្រុក​បាទី​ ខេត្តតាកែវ​បាន​ រៀបរាប់​ពី​ការ​រក្សា​អន្សម​ថា​ អន្សម​អាច​ទុក​បាន​យូរ​ សម្រាប់​អ្នក​ទីក្រុង​គេ​អាច​ដាក់​ទូរ​ទឹកកក​បាន​ ចំណែក​អ្នកស្រុក​ស្រែ​ចម្ការ​អាច​ធ្វើ​តាម​វិធី​នេះ​បាន​គឺ​ ការ​វេច​នំ​បាន​ជិត​ល្អ​ មិន​ចូល​ទឹក​។​ អ្នកស្រី​បន្ត​ថា​ ចំពោះ​នំ​ដែល​គាត់​វេច​អាច​រក្សា​បាន​ដល់​ទៅ​៣​ ឬ​ ៤​ថ្ងៃ​ មិន​ចាំ​បាន​ឆ្អើរភ្លើង​ដោយ​គ្រាន់តែ​សំដិល​នំ​ឱ្យ​ស្ងួត​ បន្ទាប់​ពី​ស្ងោរ​ឆ្អិន​ និង​កាត់​ខ្សែចំណង​ចេញ​ឱ្យ​អស់​។​

«​ស្រង់​វា​ហើយ​យើង​សំដិល​វា​ឱ្យ​ស្ងួត​ហើយ​ចាំ​យើង​ចង់​ព្យូ​រ​ ហើយ​កាត់​ខ្សែ​វា​សិន​ កាត់​ខ្សែ​វា​បក​វា​ហាលៗ​ ដាក់​ក​ញ្រែ្ច​ង​ អាហ្នឹង​បាន​ទុក​បាន​យូរ​ដល់​ពី​ឬ​បី​ថ្ងៃ​យើង​ដាក់​ឆ្អើរភ្លើង​។​ មុន​យើង​វេច​យើង​លាង​ទឹក​អង្ករ​ លាង​ទឹក​អង្ក​រហើយ​ត្រាំ​វា​ប្រហែល​កន្លះ​ម៉ោង​ កន្លះ​ម៉ោង​ហើយ​យើង​ស្រង់​វា​ទុក​ទៀត​ ប្រហែលជា​កន្លះ​ម៉ោង​ទៀត​ចាំ​យើង​យក​មក​វិច​ហើយ​ដាក់​ស្ងោរ​ អត់​ងាយ​ផ្អូម​ បើ​ទុក​វា​តាម​ធម្មតា​បាន​ បី​ថ្ងៃ​បើ​យើង​អត់​ឆ្អើរ​ បើ​យើង​ឆ្អើរ​ទុក​បាន​៥​ឬ​៦​ថ្ងៃ​»​។​

​លោកយាយ​ សេន​  មក​ពី​ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ បាន​មាន​ប្រសាសន៍​ថា​ ការ​វេច​អន្សម​គឺជា​ប្រពៃណី​ដូនតា​ខ្មែរ​សម្រាប់​ទុក​សែនព្រេន​ជូន​ដូនតា​ទៅ​ស្រុក​ ដោយ​ដាក់​កន្ទោង​បណ្តែត​ជូន​ទៅ​ ។​ លោកយាយ​ដែល​មាន​វ័យ​៧១​ឆ្នាំ​ បាន​បន្ត​ដោយ​ជឿជាក់​ និង​បទ​ពិសោធ​ក្នុង​ការ​រក្សា​អន្សម​ឱ្យ​បាន​យូរ​មិន​ផ្អូម​ថា​ ចំណង​ត្រូវ​ចងឱ្យ​ជាប់​ល្អ​។​ ជា​ទម្លាប់​របស់​លោកយាយ​ លោកយាយ​ថា​ ក្រោយ​ពី​ស្ងោរ​នំ​ឆ្អិន​ភ្លាម​ ត្រូវ​យក​ថង់​ប្លា​ស្ទិ​ច​ ច្រក​នំ​ដែល​កំពុង​ក្តៅ​នោះ​រួច​ហើយ​ចង​មាត់​ឱ្យ​ជិត​ បន្ទាប់​មក​យក​ទៅ​ត្រាំ​ទឹក​។​

​លោកយាយ​ថា​ ការ​ធ្វើ​បែប​នេះ​អាច​រក្សា​នំ​មិន​ឱ្យ​ផ្អូម​បាន​ដល់​ទៅ​៧​ ឬ​៨​ថ្ងៃ​ ហើយ​រសជាតិ​នំ​មិន​បាត់បង់​គុណភាព​ នៅ​តែ​ឆ្ងាញ់​ដដែល​។​ «​គេ​ទម្លាប់​ខ្លះ​គេ​ឆ្អើរ​ ទម្លាប់​បើ​ខ្ញុំ​ចង​ដាក់​ថង់​ត្រាំ​ទឹក​ សង្កត់​ថ្ម​ត្រាំ​ទឹកបាន​យូរ​ជាង​ ដាក់​ឱ្យ​នំ​ត្រជាក់​សិន​ ហើយ​មិនបាច់​ស្រាយចំណង​ចេញ​ទេ​ ទឹក​ពាង​យើង​ហ្នឹង​ ថង់​ប្លា​ស្ទិ​ច​យើង​ហ្នឹង​ពីរ​ជាន់​ទៅ​ហូប​បាន​១​អាទិត្យ​ ចង់ឱ្យ​ជាប់​ហើយ​ត្រាំ​នៅ​នឹង​ទឹក​ឱ្យ​លិច​ហ្នឹង​ទៅ​ ដូច​យើង​នៅ​ស្ងោរ​អត់​ផ្អូម​ទេ​!​ ហើយ​អត់​ស្អិតៗ​រអិល​ទេ​ បើកាលណា​អត់​ឆ្អើរ​ ហើយ​៣​ថ្ងៃ​ឡើង​ស្អិតៗ​បក​ទៅ​ដូច​មាន​រំអិល​ចឹ​ង​ បើ​ត្រាំ​ទឹក​នៅ​ឆ្ងាញ់​ដដែល​»​។​

Nu-Onn-Sorm-03

​តាម​ប្រសាសន៍​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ​ បាន​បញ្ជាក់​ថា​ ក្មេងៗ​នា​ពេល​បច្ចុប្បន្ន​ មិនសូវ​ជា​ចាប់អារម្មណ៍​ចំពោះ​ការ​វេច​នំ​ ឬ​អន្សម​អ្វី​ទេ​!​ អ្នកស្រី​ សុ​ភី​ បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ដូច្នេះ​ថា​ ក្មេងៗ​ពេល​បច្ចុប្បន្ន​មិនសូវ​ជា​ចេះ​វេច​នំ​នោះ​ទេ​។​ អ្នកស្រី​បាន​លើក​ជា​ឧទាហរណ៍​ថា​ សូ​ម្បី​តែ​កូនស្រី​គាត់​ក៏​មិន​ចេះ​វេច​នំ​ដែរ​ ខុស​ពី​អ្នកស្រី​ ដែល​ចេះ​វេច​នំ​តាំងពី​អាយុ​១៧​ឆ្នាំ​ ដោយ​រៀន​ពី​អ្នក​ម្តាយ​។​ អ្នកស្រី​ថា​ ក្មេង​ឥឡូវ​ហៅ​មក​បង្រៀន​ទៀត​ នៅ​តែ​គ្មាន​អ្នក​ចាប់អារម្មណ៍​។​

​អ្នកស្រី​បន្ត​ថា​ ក្មេង​ខ្លះ​ថា​ចាំ​ទិញ​គេ​ អ្នកខ្លះ​ទៀត​ហត់នឿយ​នឹង​ការងារ​ ឬ​ការ​សិក្សា​ គឺ​លែង​មើល​ចាស់ទំ​ធ្វើការ​ទាំងនេះ​តែ​ម្តង​។​ អ្នកស្រី​សុ​ភី​ថា​ បើ​យុវជន​នៅ​តែ​បន្ត​មិន​ចាប់អារម្មណ៍​បែប​នេះ​ ខ្លាច​ទៅ​ថ្ងៃក្រោយ​គ្មាន​អ្នក​បន្តវេន​ពី​ចាស់ទុំ​ ហើយ​អ្នកស្រី​ចង់ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ចាប់អារម្មណ៍​ឡើង​វិញ​ពី​បញ្ហា​ទាំង​អស់នេះ​។​ «​ក្មេងៗ​សព្វថ្ងៃ​វា​មិនសូវ​ចេះ​ វា​មិន​ដែល​បាន​យកចិត្តទុកដាក់​ជាមួយ​យើង​មនុស្ស​ចាស់​ រឿង​វេច​នំ​ ពេល​ខ្លះ​ហៅ​វា​ជួយ​ខ្លះ​បើ​អត់​ចេះ​អ​ញ្ចឹ​ង​ វា​បាត់បង់​ទៅ​ទៀត​ហើយ​ វា​មិនសូវ​បាន​រៀនសូត្រ​ពី​ម៉ែ​ពី​ឪ​អី​ អា​រឿង​វិច​នំ​វិច​អន្សម​ហ្នឹង​ គេ​ច្រើន​តែ​ទិញ​ ឥឡូវ​គេ​ឃ្លាន​គេ​ទិញ​ទៅ​»​។​

​ចំណែក​លោកយាយ​សេន​ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​ចំណុច​នេះ​ដែរ​ថា​ ក្មេង​ឥឡូវ​គេ​អាង​ទិញ​។​ លោកយាយ​បន្ត​ថា​ បើ​យុវជន​ចាប់ផ្តើម​គិតគូរ​ពី​បញ្ហា​នេះ​ ពី​ពេល​នេះ​តទៅ​លោកយាយ​ជឿជាក់​ថា​ វប្បធម៌​ខ្មែរ​មិន​បាត់បង់​នោះ​ទេ​។​ «​យើង​ខ្លាច​បាត់បង់​តែ​ក្មេង​គេ​ថា​ គេ​ទិញ​មក​គេ​គោរព​ដូច​គ្នា​វា​មិន​បាត់បង់ទេ​វប្បធម៌​ខ្មែរ​យើង​»៕

Share

ព័ត៌មានទាក់ទង

Image