ភ្នំពេញ ៖ មានទូក “ង” ចំនួនជិត ៣០០ទូក បានចុះឈ្មោះត្រៀមចូលរួមអុំប្រណាំង នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូក។ ចំនួននេះ គឺមានការកើនឡើងច្រើនជាងឆ្នាំ២០១៧ ស្របនឹងការរំពឹងទុក របស់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ។ គណៈកម្មាធិការជាតិ អំពាវនាវឲ្យមានការឧបត្ថម្ភដល់អ្នកអុំទូកឲ្យបានច្រើន។
លោក លៀ ស៊ីណា រាយការណ៍ ៖
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ លោក ប៊ូ ជុំសេរី បានប្រាប់វិទ្យុស្ដ្រី នៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា គណៈកម្មាធិការជាតិ បានបិទបញ្ជី នៃការទទួលចុះឈ្មោះទូក “ង” ដែលមានបំណងចូលរួមអុំប្រណាំង នៅថ្ងៃព្រះរាជពិធីបុណ្យអុំទូកហើយ ត្រឹមថ្ងៃទី១៣ ខែវិច្ឆិកានេះ។ លោកថា ចំនួនទូកមានជាង ២៩៨ទូក មានអ្នកអុំចំនួន ១៩២១៩នាក់។
ទូក “ង” ដែលចូលរួមឆ្នាំ២០១៨នេះ គឺច្រើនជាងកាលពីឆ្នាំ២០១៧។ ទូក “ង” ដែលបានចូលរួមអុំប្រណាំង កាលពីឆ្នាំ២០១៧មានចំនួន ជាង ២៧០ទូក។ តែយ៉ាងណាលោក ប៊ូ ជុំសេរី មានប្រសាសន៍ថា អំឡុងបីឆ្នាំជាប់ៗគ្នាមកនេះ ចំនួនទូក គឺមានការកើនឡើងជាលំដាប់។ ដោយឡែកកម្ពស់ទឹក នៅថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកខាងមុខ គឺមានជាង៥ម៉ែត្រ ដែលទឹកហាក់ទាបជាងឆ្នាំមុនបន្ដិច។ ប៉ុន្ដែគឺមិនប៉ះពាល់ដល់ដំណើរការនៃការប្រារព្ធពិធីនេះឡើយ ៖«កម្ពស់ទឹកតាមការទស្សទាយទៅដូចជា ៥ម៉ែត្រជាងដល់ថ្ងៃអុំ។ វាទាបជាងឆ្នាំមុនបន្ដិចដោយសារតែយើងអុំទៅចុងខែ កាលពីមុនយើងអុំនៅដើមខែ ហើយឥឡូវចុងខែ១១ ដូច្នេះទឹកវាទាបជាងឆ្នាំមុនបន្ដិច ប៉ុន្ដែមិនប៉ះពាល់អីទៅដល់ការងារបច្ចេកទេសអុំអីទេ»។
យ៉ាងណាក្នុងឱកាសព្រះរាជពិធីបុណ្យអុំ ឆ្នាំ២០១៨នេះ ក៏មានកីឡាការិនី ចូលរួមប្រកួតចំនួន ០៦ទូកផងដែរ។ ចំនួនទូកនារីឆ្នាំនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០១៧។ លោក ប៊ូ ជុំសេរី អំពាវនាវដល់អ្នកមានធនធានឲ្យចូលរួមឧបត្ថម្ភ ដល់កីឡាករ កីឡាការិនីឲ្យបានច្រើនដើម្បីជាការលើកទឹកចិត្ដពួកគាត់។
អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្ដរជាតិ អំពាវនាវឲ្យពលរដ្ឋចូលរួមពិធីនេះឲ្យបានច្រើន ដើម្បីចូលរួមអបអរពិធីបុណ្យប្រពៃណីជាតិ។ ជាងនេះលោកក៏ស្នើផងដែរ ដល់អ្នកចូលរួម ត្រូវធ្វើយ៉ាងណារក្សាសណ្ដាប់ធ្នាប់ និងអនាម័យឲ្យបានល្អ។
រយៈពេល ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះ យោងតាមក្រសួងព័ត៌មាន លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រសួងសុខាភិបាល នឹងបោះស្ដង់សម្រាប់ពិនិត្យ និងសង្គ្រោះបឋមចំនួន ៨ស្ដង់ មានរថយន្ដសង្គ្រោះប្រចាំការចំនួន ១៥ក្រុម និងក្រុមគ្រួពេទ្យចល័តចំនួន ១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត ៨០០នាក់។ ស្ដង់ទាំង៨នោះ ទី១ ស្ថិតនៅកោះពេជ្រ ទី២ ស្ថិតនៅស្តូបមិត្ដភាពកម្ពុជា-វៀតណាម ទី៣ ស្ថិតក្នុងបរិវេណរណសិរ្យផ្នែកខាងកើត ទី៤ ស្ថិតនៅមុខព្រះគម្លង់ ទី៥ ស្ថិតនៅផែថ្នខាងជើងភោជនីយដ្ឋានទីតានិក ទី៦ ស្ថិតនៅទីលានប្រជាធិបតេយ្យ ទល់មុខឃ្លាំងសាំងសូគីមិច ទី៧ ស្ថិតនៅត្រើយខាងកើតទន្លេសាប ខាងជើងគល់ស្ពានជ្រោយចង្វារ និងទី៨ ស្ថិតនៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ នឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ ក្នុងអំឡុងពេលបីថ្ងៃនៃពិធីបុណ្យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងកាលពីថ្ងៃទី១៣ ខែកញ្ញា ដោយប្រាប់ឲ្យ រដ្ឋបាលគ្រប់ខណ្ឌ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំតុបតែលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ-អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរ នៅក្នុងឱកាសនេះ។ លើសពីនេះរដ្ឋបាលរាជធានី ណែនាំឲ្យមន្ទីរប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវចាត់តាំងកម្មវិធីសិល្បៈសម្ដែងជូនពលរដ្ឋទស្សនា នៅមុខវត្ដបទុមវតី រមណីយដ្ឋានវត្ដភ្នំ សួនច្បារសម្ដេច ហ៊ុន សែន ត្រើយម្ខាងជ្រោយចង្វារ ត្រង់រូបសំណាកព្រះនាងប្រាជ្ញាបារមី និងមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ។
ដោយឡែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១២ ត្រូវរៀបចំផែនការ ការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍ មុន/ក្នុង និងក្រោយប្រារព្ធព្រះរាជពិធី។
ព្រះរាជពិធីបុណ្យអុំទូក គឺជាពិធីបុណ្យ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ តាំងពីសម័យមុនអង្គរ និងក្រោយអង្គរមកម្លេះ។ កម្ពុជាតែងតែប្រារព្ធព្រះរាជពិធីនេះមិនដែលអាក់ខានឡើយពីមួយជំនាន់ទៅមួយជំនាន់។ ការប្រារព្ធពិធីបុណ្យអុំទូកនេះគឺធ្វើឡើងដើម្បីប្រកាសរកកងពល និងកងទ័ពជើងទឹកដែលមានសមត្ថភាព និងមួយវិញទៀត ដើម្បីរំឮកដល់ជ័យជម្នះព្រះបាទជ័យវរ្ម័នទី០៧ និងស្ដេចអង្គមុនៗ ដែលមានកងទ័ពជើងទឹកខ្លាំងពូកែ។
កម្ពុជា ធ្លាប់បានផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះ អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ កាលពីឆ្នាំ ២០១១ កម្ពុជាបានផ្អាកព្រះរាជពិធីបុណ្យអុំទូក ដោយសារតែទឹកធំ ជន់លិចស្ទើរគ្រប់បណ្តាខេត្ត ចំណែកឆ្នាំ២០១២ គឺជាការយាងសោយទិវង្គត របស់ព្រះបរមតនកោដ្ឋ សម្ដេច សីហនុ ព្រះមហាវីរក្សត្រ។ ដោយឡែកក្នុងឆ្នាំ២០១៣ ការផ្អាកព្រះរាជពិធីបុណ្យអុំទូក គឺព្រោះតែស្ថានភាពនយោបាយ នៅមានភាពវឹកវរ ក្រោយការបោះឆ្នោត៕