ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សម្ដេចតែងតែនឹកដល់ប្រជាជនកម្ពុជាជានិច្ច បើទោះបីជាសម្ដេចបំពេញបេសកកម្មនៅក្រៅប្រទេសក៏ដោយ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុកផ្លូវការរបស់សម្ដេចនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨។
តាមការចុះផ្សាយនេះបង្ហាញថា ការបញ្ជាក់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងមុនពេលដែលសម្ដេច ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំផ្សេងទៀត នៅប្រទេសសិង្ហបុរី។
ជាក់ស្ដែង សម្ដេច ហ៊ុន សែន បានសរសេរថា ៖«ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់ »។
នាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជារូបនេះ មិនភ្លេចទេ ដោយជូនពរប្រជាជនខ្មែរទាំងអស់ឱ្យជួបតែសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ប្រព្រឹត្តនៅប្រទេសសិង្ហបុរី រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨៕
អត្ថបទ៖ លោក សោម លាភ