en     km
en     km

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

Share

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមពិនិត្យ ព្រមទាំងសិក្សាពីសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យា ប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ សេ​ចក្តីព្រាងច្បាប់នេះ នឹងចូលរួមចំណែកក្នុងការសម្រួលកិច្ចសហប្រតិបត្តិការណ៍រវាងភាគីទាំងពីរក្នុងការបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនឱ្យមានប្រសិទ្ធិភាព។

លោក សោម លាភ រាយការណ៍៖

នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានជួបប្រជុំពិភាក្សាគ្នា ដោយពិនិត្យ និងសិក្សាទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងរដ្ឋសភាគឺ លោក ប៉ែន ​បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា​ លោក ទី សុគន្ធ តំណាងគណៈ​កម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ព្រមទាំងមានតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទាំងអស់នៃរដ្ឋសភា។ ដោយឡែក តំណាងរាជរដ្ឋាភិបាល មានលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការីមួយចំនួនទៀត។​

នាឱកាសនោះ លោក អង្គវង្ស វឌ្ឍានា ជម្រាបជូនគណៈកម្មការជំនាញនៃរដ្ឋសភាអំពីសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ថា សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះបន្ថែមថា ការផ្ដល់បត្យាប័ននេះ ក្នុងគោលបំណងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងបទល្មើសឲ្យមានប្រសិទ្ធភាពរវាងគូភាគី ព្រមទាំងលុបបំបាត់​ឧក្រិដ្ឋកម្មឆ្លងដែនជាដើម។

លោក អង្គ វង្ស វឌ្ឍានា បញ្ជាក់ទៀតថា កិច្ចព្រមព្រៀង​បត្យាប័ន​នេះ គឺកំណត់​ឲ្យ​ភាគី​នីមួយៗ មាន​ភារកិច្ច​ធ្វើ​បត្យាប័នទៅ​ភាគី​ម្ខាង​ទៀតនូវ​ជន​ទាំងឡាយ​ណា ដែល​ត្រូវបាន​រកឃើញ​នៅលើ​ទឹកដី​នៃ​ភាគី​ណាមួយ ហើយ​កំពុង​ត្រូវ​គេ​តាម​ចាប់ខ្លួន ដើម្បី​ធ្វើ​ការចោទ​ប្រកាន់ ធ្វើការ​ជំនុំ ជម្រះ​ក្តី ឬ​អនុវត្ត​ទណ្ឌកម្មតាម​ទោស​កំណត់​នៅលើ​ទឹកដី​របស់​ភាគី​ម្ខាង​ទៀត ចំពោះ​បទល្មើស​ណាមួយ។ លោកបន្ថែមថា សន្ធិសញ្ញាស្ដីពីបត្យាប័ននេះ មានចំនួន ២០មាត្រា។

លោក ប៉ែន ​បញ្ញា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់។ លោកថា កិច្ចព្រមព្រៀង​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការចូលរួម​យ៉ាង​សកម្ម ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែនរួមមាន  ការប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម ការលាង​លុយកខ្វក់ ​ហិរញ្ញប្បទាន​ភេរវកម្ម ការជួញដូរ​អាវុធ ​ការជួញដូរ​មនុស្ស ជា​ពិសេស​ស្ត្រី និង​កុមារ។  មិនត្រឹមតែប៉ុណ្ណោះ ការព្រមព្រៀងលើបត្យាប័ននេះ ក៏ប្រយុទ្ធប្រឆាំងនឹង​បទល្មើស​ក្នុង​វិស័យ​ព័ត៌មានវិទ្យា ក៏ដូចជាអំពើពុករលួយជាដើម។

គណៈកម្មការនៃរដ្ឋសភា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​រដ្ឋសភា ធ្វើការពិនិត្យ​ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ គណៈកម្មការនិតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានលើកយកសេចក្ដីព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មាន ៣មាត្រា មកប្រជុំផ្ទៃក្នុងរួមម្ដងហើយ៕

Share

Image
Image
Image