ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខេត្តកំពង់ចាមក្នុងនោះមានស្រុកចំនួន ៥ និងឃុំចំនួន ៣៨ កំពុងតែជួបបញ្ហាគ្រោះរាំងស្ងួត។ នេះបើយោងតាមការចុះផ្សាយតាមរយៈគេហទំព័ររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១១ វិច្ឆិកា ម្សិលមិញ។
តាមការចុះផ្សាយនេះបញ្ជាក់ថា ស្រូវលើផ្ទៃដីដែលកំពុងជួបគ្រោះរាំងស្ងួតនេះមានប្រមាណជាង ១៥ ៣១១ ហិតា ក្នុងនោះមានស្រូវវស្សាចំនួន ១៤ ២៣៧ ហិតា និងស្រូវប្រាំងចំនួន ១ ០៧៤ ហិតា។
យ៉ាងណា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំភ្លាមៗក្នុងការរកវិធានការសង្គ្រោះស្រូវដែលទទួលរងគ្រោះរាំងស្ងួតនៅតាមមូលរដ្ឋាននោះឡើងវិញ។
ក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន ប្រាប់អោយមន្រ្តីជំនាញរិះរកវិធានការជាបន្ទាន់ ដោយត្រូវយកចិត្តទុកដាក់ពីកន្លែងរាំងស្ងួតដែលគ្មានប្រភពទឹក និងកន្លែងរាំងស្ងួតដែលមានប្រភពទឹកដើម្បីស្វែងរកវិធានការដោះស្រាយភា្លមៗ។
លោក អុំ វិបុល ប្រធានមន្ទីរធនធានទឹក នៃខេត្តកំពង់ចាម បង្ហាញថា ការបូមទឹកជួយសង្រ្គោះស្រូវរាំងស្ងួតមានចំនួន ៦ ៣៤៤ហិតាហើយ។ ដោយឡែកផ្ទៃដីដែលរងគ្រោះមានទំហំច្រើនជាងគេគឺនៅស្រុកព្រៃឈរដែលរងគ្រោះចំនួន ៥ ០៤៩ហិតា ហើយឃុំចំនួន ៥ គឺមិនមានប្រភពទឹក ចំនួន ១ ៥៧១ហិតាផងដែរ។
លោកអភិបាលខេត្តកំពង់ចាមបានលើកឡើងថា ប្រជាពលរដ្ឋកំពុងត្រូវការជំនួយពីអាជ្ញាធរនៅតាមមូលដ្ឋានដូចនេះ អាជ្ញាធរត្រូវត្រូវដោះស្រាយបញ្ហានេះដោយមិនអាចបង្អែបង្អង់បានឡើយ៕
អត្ថបទ៖ លោក សោម លាភ