en     km
en     km

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

Share

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្យាថា នឹងបន្តជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់លោក ឃួង ស្រេង កាលពីថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការសន្យាខាងលើនេះ ជាលទ្ធផលដែល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើដំណើរទស្សនកិច្ចផ្លួវការនៅទីក្រុងប៉ារីស និងចូលរួមកិច្ចប្រជុំមហាសន្និបាទលើកទី៣៨ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នៅទីក្រុងលីល ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកស្រី Pauline CARMONA ​ប្រធាន​ស្តីទីនាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូសេអានី នៃក្រសួងកិច្ចការបរទេស នៃសាធារណរដ្ឋបារាំង បានសន្យាបន្តការ​គាំទ្រ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាង​រាជធានីភ្នំពេញ និងទីក្រុងប៉ារីស ព្រមទាំងជួយជំរុញវិនិយោគិនឲ្យមកវិនិយោគបន្ថែមនៅ​រាជធានីភ្នំពេញ។

ដោយឡែក លោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាល​ក្រុង​ប៉ារីស សន្យាថានឹងបន្តជួយ​គាំទ្រ​រាជធានីភ្នំពេញ ដោយបញ្ជូនអ្នកជំនាញការមកជួយផ្នែកបច្ចេកទេស ជាពិសេសផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជួយ អភិវឌ្ឍន៍រាជាធានីភ្នំពេញ ឲ្យក្លាយជាទីក្រុង​បៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អផងដែរ។

ការិយាល័យអចិន្ត្រៃយ៍ និងមហាសន្និបាតរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានអនុម័តឱ្យរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាត លើកទី៣៩ របស់សមាគមនេះ នៅឆ្នាំ២០១៩​ តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖លោក សោម លាភ

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង