ភ្នំពេញ ៖ អ្នកតាមដានបញ្ហាសង្គម យល់ថា រដ្ឋាភិបាលគួរតែអប់រំ ពីការបង្ការ និងគ្រោះថ្នាក់ នៃជំងឺអេដស៍ ជាជាងការត្រៀមចែកស្រោមអនាម័យ ពីព្រោះតែបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិ មិនសមគួរក្នុងការចែកស្រោមអនាម័យបែបនេះទេ។ យ៉ាងណាអាជ្ញាធរ អះអាងថា ការចែកស្រោមអនាម័យនេះ គឺជាការចូលរួមក្នុងការការពារ និងទប់ស្កាត់ការឆ្លងជំងឺអេដស៍។
លោក លៀ ស៊ីណា រាយការណ៍ ៖
អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យចំនួន ៣ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកទស្សនា ព្រះរាជពិធីបុណ្យអុំទូក ក្នុងអំឡុងពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា។ ការត្រៀមចែកស្រោមអនាម័យនេះ មិនមែនជាលើកទីមួយឡើយក្នុងឆ្នាំ២០១៨ ។ អាជ្ញាធរអះអាងថា នេះជាយន្ដការមួយដើម្បីទប់ស្កាត់ និងបង្ការ ការឆ្លងរីករាយដាល នៃជំងឺអេដស៍។
តែយ៉ាងណាសម្រាប់អ្នកតាមដានបញ្ហាសង្គម យល់ឃើញថា សកម្មភាពនេះ ហាក់កំពុងតែជំរុញសកម្មភាព នៃការរួមភេទ ហើយបានលុបលើសារសំខាន់ នៃព្រះរាជពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិថែមទៀត។
លោក សន ជ័យ នាយកប្រតិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ការត្រៀមចែកស្រោមអនាម័យ នៅក្នុងពិធីបុណ្យជាតិដ៏ធំនេះ លោកគិតថា មិនសមគួរទាល់តែសោះ ហើយវាជារឿងដែលហួសចិត្ដ និងគួរឲ្យអស់សំណើច។ លោកថា អាជ្ញាគួរតែយកចិត្ដទុកដាក់ទៅលើការរក្សាសណ្ដាប់ធ្នាប់សាធារណៈ បង្ការកុំឲ្យមានហេតុការណ៍ សោកនាកដម្មដូចកាលពីឆ្នាំ២០១០ នៅកោះពេជ្យវិញទើបជាការប្រសើរ។ បន្ថែមពីនេះលោកបន្ដថា ចំពោះការអប់រំពីការបង្ការ និងយល់ដឹងអំពីជំងឺអេដស៍ គួរតែទុកឲ្យក្រុមអង្គការសង្គមស៊ីវិល សមាគម និងអ្នកធ្វើកិច្ចការសង្គមជាអ្នកធ្វើ ៖«ខ្ញុំគិតថា មិនមែនជារឿងដែលទាក់ទងនិងគណនេយ្យភាពសាធារណៈទេ រឿងចែកស្រោមនេះណា បើសិនជាមានអង្គការ សមាគម ឬក៏ក្រុមដែលធ្វើការសង្គមគេអាចធ្វើបាន ហើយអាជ្ញាធរ គ្រាន់តែគិតគូតែរឿង សណ្ដាប់ធ្នាប់រឿងសន្ដិសុខអីទៅបានហើយ។ ពីព្រោះតែពិធីបុណ្យអុំទូកធ្លាប់មានបទពិសោធមនុស្សរត់ជាន់គ្នាស្លាប់អស់រាប់រយអ្នក»។
លើសពីនេះលោកថា អ្វីដែលរដ្ឋាភិបាលគួរធ្វើនោះ គឺការរិះរកវិធីធ្វើយ៉ាងណាទប់ស្កាត់ការដួលសន្លប់ ពេលដែលពលរដ្ឋមកច្រើនក្នុងឱកាសពិធីបុណ្យ និងការអប់រំបង្ការ ពីការឆ្លងជំងឺអេដស៍ ជាជាងការចែកស្រោមដែលអាចនាំឲ្យមានការទាក់ទាញចំណាប់អារម្មណ៍រឿងផ្លូវភេទ។
ជុំវិញមតិរិះគន់ពីការត្រៀមចែកស្រោមអនាម័យក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មិនមែនតែអ្នកតាមដានបញ្ហាសង្គមរូបនេះនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គមនានាក៏បង្ហាញយោបល់ និងទស្សនមិនពេញចិត្ដដែរ ដោយអ្នកខ្លះយល់ថា ជាការជំរុញមនុស្សឲ្យគិតតែការរួមភេទ និងអ្នកខ្លះទៀតនិយាយថា មានតែកម្ពុជាតែប៉ុណ្ណោះដែលធ្វើបែបនេះ។
ទាក់រឿងនេះ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ មានប្រសាសន៍ថា ជាការពិតរាល់សកម្មភាពណាមួយសុទ្ធតែនឹងទទួលបានទាំងការរិះគន់ និងការសរសើរ។ តែលោកបញ្ជាក់ថា គិតមកដល់ពេលនេះនៅតែមានអ្នកឆ្លងជំងឺអេដស៍នៅឡើយ ហើយមានតែស្រោមអនាម័យប៉ុណ្ណោះ ដែលអាចបង្ការការឆ្លងជំងឺដែលគ្មានថ្នាំព្យាបាលនេះបាន។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា ចំនួនស្រោម ៣ម៉ឺនដែលត្រៀមចែកជូនពលរដ្ឋនេះ គឺគ្រាន់តែត្រៀមតែប៉ុណ្ណោះ មិនមែនយកទៅដើរចែកជូនពលរដ្ឋតាមដងផ្លូវ តាមផ្ទះ ឬក៏តាមផ្សារឡើយ។ លោកវេជ្ជបណ្ឌិតថា យុទ្ធនាការនេះមិនមែនជាលើកដំបូងដែរនៅកម្ពុជាទេ ពោលគឺបានរៀបចំជាបន្ដបន្ទាប់មកហើយ តាំងពីឆ្នាំ២០០២ និង ២០០៣ មកម្លេះ។ លោកវេជ្ជបណ្ឌិតបន្ដថា អាជ្ញាធរនឹងរៀបចំការផ្សព្វផ្សាយអប់រំ រយៈពេលបីថ្ងៃជុំវិញការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺអេដស៍ ដែលមានទាំងការសម្ដែងសិល្បៈ និងការផ្ដល់សារអប់រំខ្លីៗជាដើម ៖«គឺមានន័យថា ការអប់រំផ្សព្វផ្សាយតាមរយៈការប្រគុំតន្ដ្រីជាមួយបងប្អូនដែលនៅអុំទូករយៈពេល ៣ថ្ងៃ។ យើងធ្វើការអប់រំផ្សព្វផ្សាយ ហើយនៅពេលដែលគាត់អប់រំ យើងនិងជម្រាបជូនហើយ មិនហាមគាត់រួមភេទទេ។ មានន័យថា អ៊ុំ ពូ មីងលោកការពារចំពោះការប្រព្រឹត្ដផ្លូវភេទ។ អញ្ចឹងការពារហ្នឹងលោកហ្នឹងសួរយើងហើយ ថាការពារតាមណា ការពារតាមរយៈស្រោមអនាម័យ ហើយស្រោមអនាម័យនៅណា នៅនេះពួកខ្ញុំមាន ខ្ញុំចង់បញ្ជាក់ជូនកន្លែងហ្នឹង»។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ចំពោះយុទ្ធនាការត្រៀមចែកស្រោមអនាម័យនេះ ពិតជាអាចពិបាកស្ដាប់សម្រាប់ពលរដ្ឋមួយចំនួន ដោយសារតែផ្នត់គំនិតពលរដ្ឋនៅតូចចង្អៀតនៅឡើយ ចំពោះការនិយាយដល់ការរួមភេទនេះ។ តែយ៉ាងណាការទប់ស្កាត់ការឆ្លងមេរោគអេដស៍នេះ គឺមានតែស្រោមអនាម័យតែមួយមុខប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបន្ដថា យុទ្ធនាការត្រៀមចែកស្រោមអនាម័យមិនមែនមានតែកម្ពុជានោះទេ ជាក់ស្ដែងនៅប្រទេសអភិវឌ្ឍន៍មួយចំនួន គឺយកទៅចែកតែម្ដង ព្រោះពួកគេចង់ទប់ស្កាត់ការឆ្លងជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត តែង គន្ធី បញ្ជាក់ថា ការឆ្លងមេរោគអេដស៍នៅកម្ពុជា គឺនៅតែកើតមាននៅឡើយទេ។ កាលពីឆ្នាំកន្លងទៅនេះ បានរកឃើញថា មានមនុស្សចំនួនជាង ៥៧០នាក់ បានឆ្លងនៅក្នុងមួយឆ្នាំៗ ហើយពលរដ្ឋជាង ៧០ម៉ឺននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ ហើយមានពលរដ្ឋប្រមាណ ៨៥ ទៅ ៨៧ភាគរយតែប៉ុណ្ណោះ ដែលបានមកទទួលសេវាថែទាំជំងឺអេដស៍។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវអ្នកឆ្លងថ្មី នៃជំងឺអេដស៍ត្រឹមឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត ស្នើឲ្យពលរដ្ឋគ្រប់រូបដែលធ្លាប់ឆ្លងកាត់ការរួមភេទ ត្រូវតែទៅពិនិត្យសុខភាព ដើម្បីដឹងថា តើខ្លួនមានផ្ទុកមេរោគអេដស៍ឬក៏អត់។ ការដឹងពីសុខភាពខ្លួនឯង គឺជារឿងចាំបាច់បំផុត បើកាលណាដឹងថា ខ្លួនគ្មានផ្ទុកមេរោគអេដស៍ ត្រូវត្រៀមបង្ការគ្រប់ពេលកុំឲ្យឆ្លង។ ដោយឡែកបើដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍ គឺងាយការពារកុំឲ្យឆ្លងទៅអ្នកដទៃ និងត្រូវរូសរាន់ទៅទទួលសេវាថែទាំសុខភាពដោយមន្ទីរពេទ្យរដ្ឋគ្រប់កន្លែងដោយឥតគិតថ្លៃ៕