ភ្នំពេញ៖ អាជ្ញាធរប្រឆាំងការជួញដូរមនុស្សបានសម្រេចបញ្ជូនអ្នកពាក់ព័ន្ធស៊ីឈ្នួលពពោះចំនួន ១៥ នាក់ ទៅតុលាការ ដើម្បីសាកសួរនៅព្រឹកថ្ងៃ ចន្ទ នេះ។ លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
អាជ្ញាធរប្រឆាំងអំពើជួញដូរមនុស្សបានសម្រេចបញ្ជូនស្ត្រី ១៣ នាក់ និងបុរស ២ នាក់ ពាក់ព័ន្ធនឹងការស៊ីឈ្នួលពពោះជំនួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ នៅថ្ងៃទី ១២ ខែ វិច្ឆិកានេះ។ ក្នុងចំណោមស្ត្រីទាំំងអស់ស្ត្រីមានផ្ទៃពោះចំនួន ១១ នាក់។
អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៥ នាក់ មានជាប់ពាក់ព័ន្ធនឹងការស៊ីឈ្នួលពពោះ ដើម្បីលក់កូនទៅឱ្យជនបរទេស កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ។
លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ មានប្រសាសន៍ថា នគរបាលយុត្តិធម៌មានសម្រេចបញ្ជូនមនុស្ស ១៥ នាក់ពាក់ព័ន្ធការជួញដូរមនុស្សទៅតុលាការនៅព្រឹកមិញនេះ។ ស្ត្រីមានផ្ទៃពោះចំនួន ១៣ នាក់ និងបុរស ២ នាក់ ត្រូវបានចោទប្រកាន់ពីបទអំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន និងអន្តរការីនៃអំពើពពោះជំនួស។
លោក កែវ ធា៖ «ទឹមព្រឹកហ្នឹងគាត់ចាប់សួរព្រឹកហ្នឹង ព្រះរាជអាជ្ញាគាត់ចាប់ផ្តើមសាកសួរ ខាងយើងចោទទៅអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងអន្តរការីនៃអំពើពពោះជំនួស។យើងបញ្ជូនសរុបទាំំងអស់ ១៥ នាក់»។
កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីស៊ីឈ្នួលពពោះជំនួសទាំង ៣២ នាក់ ជាបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យរបស់ក្រសួងមហាផ្ទៃ និងជនសង្ស័យចំនួន ៥ នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។ ពួកគេទាំងអស់ ត្រូវបានចោទប្រកាន់ពីបទ«ជួញដូរមនុស្សដោយឆ្លងដែន» និង«អន្តរការីរវាងអ្នកសុំកូនជាមួយស្ត្រីពពោះ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឱ្យដឹងថា ក្នុងចំណោមស្ត្រីពពោះជំនួសទាំង ៣២ នាក់ មានស្ត្រីពពោះជំនួសបីនាក់ត្រូវបានរលូតកូន។ ស្ត្រីកើតកូនហើយ កូនស្លាប់មុនពេលការបង្ក្រាបចំនួនម្នាក់ និងស្ត្រី៩សម្រាលកូនរួច ហើយកូនមានចំនួនសរុប ១១ នាក់ ព្រោះកូនភ្លោះមានពីរគូ។
មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស ឲ្យដឹងថា ស្ត្រីត្រូវបានគេជួលពពោះជំនួសក្នុងតម្លៃ ១ ម៉ឺនដុល្លារក្នុងម្នាក់ ដោយទទួលប្រាក់កក់ដំបូងចំនួន ៥០០ ដុល្លារ ហើយពេលកូនកើតមកពួកគេទទួលបាន ៣០០ ដុល្លារជារៀងរាល់ខែរហូតគ្រប់ចំនួន។