ភ្នំពេញ៖ តំណាងឱ្យកំណត់ត្រាឯតទគ្គកម្មពិពភលោក បានប្រកាសថា ទូក«ង»វែងបំផុតលើពិភពលោករបស់កម្ពុជាបានជាប់កំណត់ត្រាឯតទគ្គកម្មពិពភលោក (Guinness World Records) នៅថ្ងៃទី ១២ វិច្ឆកានេះ។
នៅថ្ងៃទី ចន្ទ ទី ១២ ខែ វិច្ឆិកានេះ តំណាងឱ្យ Guinness World Records បានប្រកាសឱ្យទូក«ង» កម្ពុជា ដែលមានប្រវែងប្រមាណ ៨៧ ម៉ែត្រ និង មានចំណុះទូកចំនួន ១៧៩ នាក់ ជាប់ជាកំណត់ត្រាឯតទគ្គកម្មពិពភលោកចាប់ពីពេលនេះតទៅ។ កម្មវិធីប្រកាសនេះ ធ្វើឡើងនៅទន្លេអ្នកលឿងត្រោយខាងកើត ស្ថិតនៅខេត្តព្រៃវែង។
ទូក ង កម្ពុជា វែងជាងទូករបស់ប្រទេសចិនដែលមានប្រវែង ៧៧,៨ ម៉ែត្រ ធ្លាប់ជាប់ជា កំណត់ត្រាឯតទគ្គកម្មពិពភ (Guinness World Records)។
លោក Pravin Patel តំណាងឱ្យ Guinness World Records បានប្រកាសថា ទូក«ង» កម្ពុជាជាប់ក្នុងកំណត់ត្រា Guinness World Records ដែលជាទូកវែង និងមានចំណុះទូកច្រើន ជាងគេបំផុតលើលោក។
ទូក«ង» នេះត្រូវបានប្រសិទ្ធនាមថា«កម្ពោជិកបុត្រាខេមរាតរី» មានប្រវែង ៨៧,៣ម៉ែត្រ ទទឹង ១, ៩៤ ម៉ែត្រ និងជំរៅ ០,៨ ម៉ែត្រ ដោយរចនាក្បាលទូកជាក្បាលនាគ និងកន្ទុយហង្ស។
លោក ស សុខា ប្រធានសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តព្រៃវែង ថ្លែងថា ការផលិតទូក«ង» ក្នុងគោលបំណងរំលឹងដល់បុព្វបុរសខ្មែរគ្រាប់ជំនាន់ លើកស្ទួយកិត្យានុភាពជាតិ និងជំរុញឱ្យស្មាតីស្នេហាជាតិ និងសាមគ្គីភាព។
កាលពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៨ ក្រម៉ាកម្ពុជាដែលមានប្រវែង ១,១៤៩ ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯតទគ្គកម្មពិពភលោក Guinness World Records ដែលជាក្រម៉ាវែងបំផុតលើលោក។
កាលពីឆ្នាំ២០១៥ នំអន្សមយក្សរបស់ខ្មែរបានដាក់បញ្ជូលក្នុងសៀវភៅកំណត់ត្រាឯតទគ្គកម្ម Guinness World Records ដែលបានដាក់បង្ហាញព្រឹត្តិការណ៍អង្គរសង្គ្រាន្តនៅខេត្តសៀមរាប។ នំអន្សមជ្រូកយក្សនេះមានទង្ងន់ ៣,២៦៤ គីឡូក្រាម៕