ភ្នំពេញ៖ សម្ដេច ហ៊ុន សែន សន្យាចុះពីតំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើលោក កឹម សុខា ត្រូវបានដោះលែងតាមការទស្សទាយរបស់លោក សម រង្ស៊ី តែលោក សម រង្ស៊ី វិញថា ខ្លួនសន្យាដើរចូលគុក បើមិនមានការដោះលែង លោកកឹម សុខា។ យ៉ាងណា ព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី ៩ វិច្ឆិកា ក្នុងពិធីបុណ្យឯករាជ្យជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមគ្នា។ ករណីនេះអ្នកតាមដានបញ្ហាសង្គម ថាអ្នកនយោបាយគួរគិតពីប្រយោជន៍ជាធំ។
លោកលោមលាភារាយការណ៍៖
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឱ្យដឹងតាមរយៈសំណេររបស់លោកនៅលើទំព័រហ្វេសបុកកាលពីថ្ងៃទី ៩ វិច្ឆិកា ម្សិលមិញថា លោកនឹងដើរចូលគុក បើលោក កឹម សុខា មិនត្រូវបានដោះលែងឆាប់ៗក្រោមសម្ពាធអន្តរជាតិទេនោះ។
ដោយសារការទស្សទាយនេះ លោក សម រង្ស៊ី បបួលសម្ដេច ហ៊ុន សែន ឲ្យភ្នាល់គ្នាជាមួយលោក ដោយចុះចេញពីតំណែង បើសម្ដេចចាញ់លោកក្នុងការភ្នាល់នេះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា លោកនៅតែមានជំនឿថាសម្ដេច ហ៊ុន សែន នឹងបង្ខំចិត្ដដោះលែងលោក កឹម សុខា ទោះបីជាចង់ឬមិនចង់ក្ដី ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកសមរង្ស៊ីបញ្ជាក់ថាលោកកឹមសុខាអាចនឹងត្រូវដោះលែង នៅថ្ងៃទី២៩ ធ្នូ ២០១៨ នេះ ឬក៏យ៉ាងយូរបំផុត ត្រឹមថ្ងៃទី៣ មីនា ២០១៩។
លោក សម រង្ស៊ី បញ្ជាក់ទៅសម្ដេច ហ៊ុន សែន ថា មិនចាំបាច់ឱ្យនាយករដ្ឋមន្ត្រីកម្ពុជាកាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើនោះទេ ពោលគឺគ្រាន់តែនាយករដ្ឋមន្ត្រីរូបនេះ ចុះចេញពីតំណែងទៅគ្រប់គ្រាន់ហើយ។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានប្រកាសថា សម្តេចសម្រេចចិត្តភ្នាល់ជាមួយលោក សម រង្ស៊ី។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អង្គភាព Fresh News។
អង្គភាព Fresh News ចុះផ្សាយបន្ថែមថា សម្តេចសម្ដេច ហ៊ុន សែន កំណត់ថា ប្រសិន លោក សម រង្ស៊ី ចាញ់ត្រូវចូលឲ្យអាជ្ញាធរចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់នេះ។
សម្តេច ហ៊ុន សែន បានអះអាងថា បើសិនមានការដោះលែង កឹម សុខា មែន សម្ដេច សុខចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។
រាជរដ្ឋាភិបាលកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានប្រកាសជាសាធារណៈដោយសូមឱ្យសាធារណជនជាតិ និងអន្តរជាតិ ធ្វើជាសាក្សី ដែលការភ្នាល់នេះធ្វើឡើងចាប់ពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣ មីនា ឆ្នាំ២០១៩។
កាលពីថ្ងៃម្សិលមិញ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តសីហមុនី បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់រស់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់រដ្ឋ រួបរួមសាមគ្គី ជាធ្លុងមួយ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។
ដោយឡែក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងតែជាប់ឃុំខ្លួននៅក្នុងផ្ទះបានសរសេរលើទំព័រហ្វេសបុករបស់លោកថា ថ្វីត្បិតតែលោកមិនមានសេរីភាពមែន តែលោកមានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបលោកនិងប្រទេសជាតិ។
ពាក់ព័ន្ធនឹងសង្គ្រាមពាក្យសម្ដីដែលឈានទៅដល់ការភ្នាល់គ្នាជាដើមនេះ អ្នកតាមដានបញ្ហាសង្គម និងនយោបាយកម្ពុជាបញ្ជាក់ថា អ្នកនយោបាយគួរគិតពីប្រយោជន៍ជាតិជាចម្បង ហើយបើមិនធ្វើបែបនេះទេ នយោបាយគឺមិនអាចដោះស្រាយបានឡើយ។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ១០ វិច្ឆិកាថា ការស្បថស្បែ មិនមែនជាយន្តការនៃការអនុវត្តន៍ច្បាប់នោះទេ ហើយពាក្យសម្ដីរបស់អ្នកនយោបាយមិនសូវជាការពិតនោះទេ។
កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៧ នៅម៉ោងប្រមាណ ១២ និង ៣៥នាទីយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។ យ៉ាង ណា ការចាប់ខ្លួនលោក កឹម សុខា នេះ ក្រោមបទចោទថា ក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់សហរដ្ឋ អាមេ រិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊េប៊ី។
ការចាប់ខ្លួនលោក កឹម សុខា គឺផ្អែកទៅលើវីដេអូមួយ ដែលលោក កឹម សុខា បាន ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។
លោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៨ ខណៈលោក ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេល ជាងមួយឆ្នាំ ដោយមិនទាន់មានសាលក្រម ឬសាលដីកាស្ថាពរផ្ដន្ទាទោសឡើយ។
តែសូមសូមជម្រាបថា លោកសមរង្ស៊ី បានបញ្ជាក់ថាបើលោកចាញ់សម្ដេចនាយករដ្ឋមន្ត្រីក្នុងការភ្នាល់ដែលគេថាជាល្បែងនយោបាយនោះ គឺលោកត្រូវមកចូលគុក តែត្រូវឃុំខ្លួនលោកទន្ទឹមនឹងលោកកឹមសុខា៕
អត្ថបទដោយ លោក សោម លាភ