ភ្នំពេញ៖ កាលពីថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ ២០១៨ អង្គការសីលការ សម្ភោធគម្រោងមួយដោយ ជួយជម្រុញ សេវាសាធារណៈឃុំ និងពង្រឹងការចូលរួម សំដៅលើកកម្ពស់សមភាពយេនឌ័រ( CLOSE-GAP) ។ គម្រោងនេះ នឹងជួយបំពេញចន្លោះប្រហោងរបស់រាជរដ្ឋាភិបាល។
តាមរយៈគម្រោងនេះ កញ្ញា សេង រាសី មន្ត្រីសម្របសម្រួលគម្រោងនៃអង្គការសីលការ មើលឃើញថា ការចូលរួមធ្វើកិច្ចការផ្សេងៗ របស់យុវតី និងស្ត្រី មានច្រើនហើយ ប៉ុន្តែទាក់ទងនឹងការសម្រេចចិត្តរបស់ស្ត្រីនោះ មិនទាន់មានភាពប្រសើរតាមគោលដៅរបស់រាជរដ្ឋាភិបាលនោះទេ។
យ៉ាងណា ការអនុវត្តលើគម្រោងនេះ អង្គការសីលការផ្ដោតគោលដៅសំខាន់លើការបណ្ដុះបណ្ដាលសមត្តភាពរបស់ស្ត្រីនៅថ្នាក់ឃុំ រួមទាំងការធ្វើការងារជាមួយយុវជនជាដើម ដើម្បីជម្រុញឱ្យពួកគាត់ក្លាយជាថ្នាក់ដឹកនាំសង្គម ឬតំបន់របស់ខ្លួនផ្ទាល់។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតនូវគោលនយោបាយសម្រាប់គាំពារស្ត្រីរួចហើយដែរ។
ជាក់ស្ដែង លោកស្រី គឹម ស៊ីផាត់ អគ្គនាយកនៃអគ្គនាយដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានយន្តការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការបង្កើតគណៈកម្មការពិគ្រោះយោបល់ផ្សេងៗ ទៅលើស្ត្រីនឹងកុមារ រួចហើយ។ លោកស្រីបន្ថែមថា គណកម្មការពិគ្រោះយោបល់នោះ កំពុងតែដំណើរការ និងទទួលបានការគាំទ្រពីដៃគូរពាក់ព័ន្ធផ្សេងៗ ព្រមទាំងរាជរដ្ឋាភិបាលផងដែរ។
លោក ស្រី គឹម ស៊ីផាត ទទូចថា អង្គការសីលការគួរតែអនុវត្តយន្តការដែលរាជរដ្ឋាភិបាលមានស្រាប់។
ស្ដាប់សំឡេង លោក ស្រី គឹម ស៊ីផាត៖
យ៉ាងណា កញ្ញា សេង រាសី បញ្ជាក់ថា ការបង្កើតរចនាសម្ព័នគណៈកម្មការរបស់គម្រោងនេះ មិនមែនបង្កើតឱ្យជាន់ទៅនឹងគណៈកម្មការ ឬយន្តការរបស់រាជរដ្ឋាភិបាលនោះទេ។
កញ្ញាប្រាប់អ្នកសារព័ត៌មានថា អង្គការសីលការ មិនធ្វើតាមតែយន្តការដែលមានស្រាប់ពីក្រសួងនោះទេ ពោលគឺអង្គការនេះ អនុវត្តយន្តការផ្សេងដើម្បីបំពេញភាពខ្វះចន្លោះមួយចំនួនរបស់រាជរដ្ឋាភិបាល។
ស្ដាប់សំឡេងកញ្ញា សេង រាសី ៖
ដោយឡែក លោក សំ គន្ធាមី នាយប្រតិបត្តិនៃអង្គការនិចហ្វិក មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការបង្កើត និងអនុវត្តគម្រោងហៅកាត់ថា CLOSE GAP នេះ ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងជួយសម្រាលកិច្ចការរបស់ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាលផងដែរ។
ស្ដាប់សំឡេង សំ គន្ធាមី ៖
លោក បញ្ជាក់ថា រាល់គម្រោងទាំងអស់របស់អង្គការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិល គឺគួរអនុវត្តគោលនយោបាយនៃគម្រោងរបស់ខ្លួនទើបជាការប្រសើរ។
កញ្ញា សេង រាសី សង្ឃឹមថាការអនុវត្តគម្រោងនេះនិងភាពរលូនទៅថ្ងៃមុខ។ កញ្ញាសង្កត់ធ្ងន់ថា កិច្ចការងាររបស់សង្គមស៊ីវិល ជាការងារចូលរួមចំណែកក្នុងការជួយកិច្ចការសង្គម មិនមែនជាការរាំងស្ទះការងារនោះទេ។
សូមបញ្ជាក់ថា ការបង្កើតគម្រោងនេះឡើង គឺដើម្បីលើកកម្ពស់សមភាពយេនឌ័រលើការសម្រេចចិត្តរបស់ពួកគាត់នៅថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ឃុំសង្កាត់។ គម្រោង CLOSE GAP នេះ មានគោលដៅក្នុងខេត្តចំនួន ៥ គឺខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ។
យ៉ាងណា គម្រោងនេះត្រូវបានចាប់អនុវត្តចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ ២០១៨ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០៕