គណៈកម្មាការអឺរ៉ុបកាលពីថ្ងៃ អង្គារ៍ ម្សិលមិញ បានទទួលយកសំណើរបស់កសិករអ៊ីតាលីថា នឹងពិនិត្យឡើងវិញលើការអនុគ្រោះព័ន្ធនាំចូលអង្ករពីប្រទេសកម្ពុជា ព្រោះការលើកលែងពន្ធនាំចូលអង្ករពីកម្ពុជាបានប៉ះពាល់ដល់ទីផ្សារអង្កររបស់កសិករអ៊ីតាលី។
លោក ធូ វិរៈ រាយការណ៍ព័ត៌មានលម្អិត
គណៈកម្មាការអឺរ៉ុប(European Commission ) កាលពីថ្ងៃទី ៦ ខែ វិច្ឆិកាបានថ្លែងគាំទ្រក្រុមអ្នកផលិតអង្ករអ៊ីតាលីថាការលើកលែងពន្ធនាំអង្ករពីកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអង្កររបស់កសិករប្រទេសអ៊ីតាលី។នេះបើតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាការអឺរ៉ុប។
គណៈកម្មាការអឺរ៉ុបគ្រោងនឹងដាក់សំណើទៅសមាជិកសហភាពអឺរ៉ុបឱ្យបោះឆ្នោតគាំទ្រឱ្យមានការយកពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា។
សមាជិកសភាអឺរ៉ុបម្នាក់គឺ លោកស្រី Tiziana Beghin បាននិយាយនៅក្នុងញត្តិរបស់លោកស្រីថា សំណើរបស់គណៈកម្មកាអឺរ៉ុប ដើម្បីឆ្លើយតបនឹង លក្ខខណ្ឌការនាំចូលអង្ករពីកម្ពុជានិងមីយ៉ាន់ម៉ា គឺជោគជ័យតូចមួយ សម្រាប់អ្នកដាំដុះខាតតូច និង មធ្យម នៃកសិករអ៊ីតាលី តែមិនស័ក្ដិសមចំពោះការប្រកួតប្រជែងរបស់ប្រទេសជាច្រើនៅអាស៊ី។ ករណីនេះ ត្រូវបានសាទរ សម្រាប់ទីផ្សារអង្ករនៃកសិករប្រទេសអ៊ីតាលី។
កាលពីថ្ងៃទី ១៦ មិនា គណៈកម្មាការអឺរ៉ុបបានធ្វើការស៊ើបអង្កេតចំពោះការនាំចូលអង្ករកម្ពុជានៅសហភាពអឺរ៉ុបថា តើមានភាពស្មើគ្នាចំពោះកសិករនៅអឺរ៉ុបដែរឬយ៉ាងណា។ ការស៊ើបអង្កេតនេះធ្វើឡើងតាមសំណើរបស់ប្រទេសអ៊ីតាលីស្នើសុំឱ្យមានវិធានការរឹតបន្តឹងលើការនាំចូល និងគិតអត្រាពន្ធអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះមន្ត្រីក្រសួងកសិកម្មសុំមិនធ្វើការអត្ថាធិប្បាយចំពោះវិធានការគណៈកម្មការអឺរ៉ុបគ្រោងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងអនុគ្រោះពន្ធលើទំនិញនាំចេញអង្ករពីកម្ពុជាទេ។
សហភាពអឺរ៉ុបបានផ្តល់សិទ្ធិឱ្យកម្ពុជានាំចេញទំនិញដោយមិនយកពន្ធទៅកាន់ទីផ្សារអឺរ៉ុបនៃកក្រោមគម្រោងអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA)។
ប្រសិនបើសហភាពអឺរ៉ុបដកហូតពន្ធឡើងវិញចំពោះអង្ករកម្ពុជាអាចនឹងប៉ះពាល់ដល់វិស័យស្រូវអង្ករដែលកាលពីឆ្នាំមុនកម្ពុជានាំចេញអង្ករមានចំនួនសរុប ៤០ ភាគរយ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឱ្យដឹងថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៨ កម្ពុជានាំចេញអង្ករសរុបជិត ៤ សែន តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥៩ ប្រទេស ដោយក្រុមហ៊ុន ៧៣។
កម្ពុជាទើបនឹងគ្រងពានរង្វាន់អង្ករល្អជាងគេបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៨នេះ ក្នុងសន្និសីទស្រូវអង្ករពិភពលោកលើកទី១០ នៅប្រទេសវៀតណាម។
អង្ករកម្ពុជានាំទៅទីផ្សារអឺរ៉ុបបានកើនឡើងជាបន្តបន្ទាប់ចាប់ពី ១៣ ភាគរយ កាលពីឆ្នាំ ២០១៣ និងកើនឡើងរហូតដល់ ២១ ភាគរយ កាលពីឆ្នាំ ២០១៧។ ប៉ុន្តែទីផ្សារអង្កររបស់កសិករអឺរ៉ុបបានធ្លាក់ចុះពី ៥២ ភាគរយ មកនៅត្រឹម ៣០ ភាគរយក្នុងរយៈពេលដូចគ្នា។នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍៕