ភ្នំពេញ ៖ ក្រសួងបរិស្ថានបានសរសេរលើបណ្ដាញសង្គមរបស់ក្រសួងថា មានការចែកចាយខ្សែអាត់វីដេអូ រយៈពេល ៣នាទី និង ៤៧វិនាទី នៅក្នុងបណ្ដាញសង្គម ហើយអះអាងថា ជាដង្កូវគីនី។ ក្នុងសំណេរនេះ ក្រសួងបរិស្ថាន បញ្ជាក់ថា នាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អះអាងថា យោងតាមពិនិត្យឃើញថា ដង្កូវនោះ មិនមែនជាដង្កូវគីនីនោះទេ។ នៅពេលនេះ នាយកដ្ឋានជីវៈចម្រុះកំពុងតែសិក្សាស្រាវជ្រាវដើម្បីបញ្ជាក់អត្ដសញ្ញាណដង្កូវនោះឲ្យបានត្រឹមត្រូវ។
វីដេអូដែលបានចែកចាយនោះ មិនបានបញ្ជាក់ពីទីតាំង កាលបរិច្ឆេទ និងអ្នកផលិតឲ្យបានជាក់លាក់នោះទេ។ តែក្រោយបានទទួលដំណឹងថា ដង្កូវគីនី រាតត្បាត គឺនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាន តាមដាន សិក្សា និង សាកសួរព័ត៌មានបឋម ពីអ្នកនេសាទនៅខេត្តកោះកុង និងខេត្តកំពត បានឲ្យដឹងថា សត្វដែលមានភិនភាគដូចក្នុងវីដេអូនោះ គឺមានវត្តមាននៅក្នុងទឹកភ្លាវ ក្នុងតំបន់ពាមសមុទ្រ ម្តុំកោះកាពិ កោះម៉ន កោះកុត ពាមក្រសោបក្នុងខេត្តកោះកុង និងមាត់សមុទ្រដែលមានដុះព្រៃកោងកាង ចំងាយ ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ វត្តមានរបស់វា គឺសម្បូរនៅពេលទឹកនាច (ទឹកស្រក) មុនបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា និងតុលា។
អ្នកនេសាទក៏បានបញ្ជាក់ទៀតថា សត្វនោះមានរូបរាងដូចសត្វឈ្លើង ហើយមាន ប្រវែងរហូតដល់ទៅ ៣តឹក (៣០សង់ទីម៉ែត្រ) គឺត្រូវគ្នានឹងរូបក្នុងវីដេអូ (នាទីទី ១.០៣) និងរស់នៅក្នុងព្រៃកោងកាង ជាពិសេសនៅលើដើមឈើងាប់។ ចំណែកឈ្មោះដង្កូវគីនីដែលបានហៅក្នុងវីដេអូនោះ មានឈ្មោះវិទ្យាសាស្ត្រថា Platydemus manokwari និងមានប្រភពដើមនៅប្រទេសប៉ាពូនូវែលហ្គីណេ (New Guinea) ហើយកំពុងតែក្លាយជាប្រភេទសត្វរាតត្បាតនៅលើពិភពលោក និងនៅប្រទេសកម្ពុជាយើងដែរ ហើយដែលខ្មែរយើងហៅដង្កូវគីនី នេះថាជាខ្យងឥតសំបក។ យោងតាមលក្ខណៈជីវសាស្ត្រ និងអេកូឡូស៊ីរបស់ ដង្កូវគីនី ឬ ខ្យងឥតសំបក គឺវារស់នៅលើគោក និងមានប្រវែងខ្លួនពី ៤សម ទៅ ៦,៥សម (ប្រវែងប្រមាណ១ចង្អុលដៃ) គឺវាខុសពីសត្វដែលបានបង្កាញក្នុងវីដេអូ ដែលមានប្រវែងខ្លួនវែងជាងដង្កូវគីនី រហូតដល់ទៅ ៥ដង គឺដូចគ្នាទៅនឹងព័ត៌មានរបស់អ្នកនេសាទដែលបានបញ្ជាក់ថាសត្វនោះមានប្រវែងរហូតដល់ទៅ ៣០សម។
ដូច្នេះយើងអាចធ្វើការសន្និដ្ឋានបឋមថា សត្វដែលមានភិនភាគដូចក្នុងវីដេអូនោះ មិនមែនជា ដង្កូវគីនី ឬ ខ្យងឥតសំបក ឡើយ។ បច្ចុប្បន្ន នាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព កំពុងសិក្សាស្រាវជ្រាវរកព័ត៌មានបន្ថែម និងប្រមូលសំណាកសត្វនេះ ដើម្បីកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ។ នាយកដ្ឋានជីវៈចម្រុះនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតអំពីប្រភេទនេះបន្ថែមទៀតនៅពេលដែលក្រុមអ្នកជំនាញទទួលបានព័ត៌មាន ឬ បានសិក្សាពីលក្ខណៈវិទ្យាសាស្ត្រច្បាស់លាស់របស់ប្រភេទនេះ៕