ភ្នំពេញ៖ រាជរដ្ឋាភិបាសម្រេចបង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ក្រោយពីក្រសួងមហាផ្ទៃប្រកាសណែនាំ ឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវមានកិច្ចសហការណ៍ល្អជាមួយអង្គការសង្គមស៊ីវិលក្នុងការបើកចំហរលំហសេរីភាពជួបជុំ។ មន្ត្រីអង្គការសង្គមស៊ីវិលសាទរ ការបង្កើតក្រុមនេះ តែអំពាវនាវឱ្យបញ្ឈប់ការលាបព័ណ៌ដល់អង្គការសង្គមស៊ីវិលថាក្រុមប្រឆាំងរដ្ឋាភិបាល។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ២០១៨នេះ។
ក្នុងសេចក្តីសម្រេចនេះមាន ៥ ប្រការ។ ក្នុងខ្លឹមសារនៅត្រង់ប្រការ ២ បញ្ជាក់ថា ក្រុមការងារនេះមានតួនាទីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យពិភាក្សាបញ្ហាប្រឈមនានាដែលអង្គការក្រៅរដ្ឋាភិបាលកំពុងជួបប្រទះ។
ក្រុមនេះក៏មានតួនាតី ប្រមូលព័ត៌មាន និងសិក្សាអំពីសំណើរ និងសំណូមពរផ្សេងៗរបស់អង្គការស៊ីវិល ហើយលើកយោបល់ទៅរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ ហើយក្រុមការងារនេះក៏មានតួនាទី ផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹងពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។
កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំមួយឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវមានកិច្ចសហការណ៍គ្នាល្អក្នុងការផ្តល់សិទ្ធិសេរីភាពដល់អង្គការក្រៅរដ្ឋាភិបាល និងសមាគមដែលស្របច្បាប់បំពេញកិច្ចការរបស់ខ្លួនដោយគ្មានការរារាំងនិងរំលោភបំពានឡើយ ប៉ុន្តែអង្គការសមាគមបំពេញការងារនៅតាមមូលដ្ឋានត្រូវផ្តល់ដល់អាជ្ញាធរ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ការចេញសេចក្តីណែនាំ និងបង្កើតក្រុមការងារជាចេតនាបង្កើនកិច្ចសហការណ៍ល្អជាមួយអង្គការសង្គមស៊ីវលក្នុងស្តាឡើងវិញនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ម្យ៉ាងទៀត លោក សំ អាត ថា ការបង្កើតក្រុមការងារនេះក៏ចំពេលលោកស្រី រ៉ូណា ស្មីត តំណាងឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញបេសកម្មប្រមូលព័ត៌មាន ដើម្បីវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ព្រោះលោកស្រីនឹងបង្ហាញរបាយការណ៍អំពីសិទ្ធិមនុស្សក្នុងកិច្ចប្រជុំសន្និបាទអង្គការសហប្រជាជាតិនៅអំឡុងខែ កញ្ញា ឆ្នាំក្រោយនេះ។
បន្ទាប់ពីបានបង្កើតក្រុមការងារដោះស្រាយ លោក អំ សំអាត អំពាវនាវដល់ រាជរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាការលាបព័ណ៌ដល់អង្គការសង្គមស៊ីវិលពីសំណាក់អាជ្ញាធរថ្នាក់ក្រោមជាតិថា អង្គការសង្គមស៊ីវិលមួយចំនួន មាននិន្នាការទៅរកគណបក្សប្រឆាំង និងជាអ្នកញុះញង់ឱ្យមានការតវ៉ាជាដើម។
លោក អំ សំអាត៖ «បញ្ហាដែលធំរាជរដ្ឋាភិបាលលោកត្រូវដោះស្រាយឱ្យបានសិនទាក់ទងជាមួយអាជ្ញាធរមូលដ្ឋានអាជ្ញាធរថ្នាក់ក្រោមជាតិ។បញ្ហាទី១ មានការលាបព័ណ៌ដាក់អង្គការសង្គមស៊ីវិល ជាពិសេសដែលធ្វើការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ តស៊ូមតិ និងជំរុញឱ្យមានអភិបាលកិច្ចល្អថា ពាក់ព័ន្ធជាមួយនឹងបដិវត្ថន៍ព័ណ៌ បញ្ហាទី២ អង្គការសង្គមស៊ីវិលទាំងអស់គាត់ ធ្វើការញុះញង់ប្រជាពលរដ្ឋ ដើម្បីឱ្យមានការតវ៉ាទាមទារផ្សេងៗ បញ្ហាទី៣ យល់ថា អង្គការសង្គមស៊ីវិលលើនឹងប្រឆាំងជាមួយរដ្ឋាភិបាល ហើយគាំទ្រគណ បក្សប្រឆាំង នេះដែលជាបញ្ហាឬសគុលធំកន្លងមកនាំឱ្យមានការរារាំង ការរំខាន ការជ្រៀតជ្រែក និងគំរាមកំហែង»។
ក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិលស្ថិតក្រោមការណែនាំ និងដឹកនាំដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយរាល់សេចក្តីសម្រេច និងចុះហត្ថលេខា ត្រូវទទួលបន្ទុកដោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានា។
ក្រុមការងារដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល មានសមាភាពដូចជា លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។ លោកប្រាក់ សំ អឿន អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលជា អនុប្រធាន និងសមាជិកចំនួន ៦ រូបទៀត។